Connect with us

អត្ថាធិប្បាយ

លោក ថុង ម៉េងដាវិត ៖ កម្ពុជា ជាប្រទេសដែលរងគ្រោះពីបណ្តាញក្រុមជួញដូរមនុស្ស និងឆបោកក្នុងប្រទេសថៃ

បានផុស

នៅ

ក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើប្រតិបត្តិករបោកប្រាស់តាមអ៊ីនធឺណិតដែលមានទីតាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា ដោយលើកឡើងថា អំពើឆបោកអនឡាញនេះ បានលួចលុយរាប់សិបពាន់លានដុល្លារពីជនជាតិអាមេរិកកាលពីឆ្នាំមុន។ បណ្តាញឧក្រិដ្ឋជន បានជួញដូរមនុស្សរាប់រយពាន់នាក់ចូលទៅក្នុងទីតាំងឆបោករាប់រយកន្លែងនៅអាស៊ីអាគ្នេយ៍ ជាពិសេស នៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ដែលជនរងគ្រោះត្រូវបានបង្ខំឱ្យជាប់បំណុល និងធ្វើការឆបោកតាមអ៊ីនធឺណិត។ ហេតុដូចនេះហើយបានជាវិបត្តិនៃការជួញដូរមនុស្ស និងការបោកប្រាស់របស់កម្ពុជា មួយផ្នែកធំមានទំនាក់ទំនងជាមួយក្រុមបណ្តាញឧក្រិដ្ឋជនដែលឆ្លងកាត់តាមប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានការស៊ើបអង្កេត និងសកម្មភាពអនុវត្តច្បាប់ជាច្រើនបានបង្ហាញថា ក្រុមអ្នកជួញដូរមនុស្សបានទាញយកប្រយោជន៍ពីទីតាំងនៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា និងថៃ-កម្ពុជា យកជាច្រករបៀងឆ្លងកាត់។ បរិវេណទីតាំង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មនៅខាងទឹកដីថៃ ឬនៅតាមបណ្តោយព្រំដែនក្នុងប្រទេសមីយ៉ាន់ម៉ា គឺអាចធ្វើដំណើរឆ្លងតាមផ្លូវកាត់ក្នុងទឹកដីថៃ។ សារព័ត៌មាន Reuters និងសារព័ត៌មានអន្តរជាតិដទៃទៀតបានពិពណ៌នាថា ជនរងគ្រោះត្រូវបាន “រងរបួស” នៅតាមផ្លូវបញ្ចូនទៅក្នុងមជ្ឈមណ្ឌលបោកប្រាស់ បន្ទាប់ពីបានឆ្លងកាត់ប្រទេសថៃ។

នៅដើមឆ្នាំ២០២៥ ប្រទេសកម្ពុជា បានបង្កើតក្រុមការងារកម្រិតខ្ពស់មួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមអ៊ីនធឺណិត និងបានបើកការបង្ក្រាបដ៏ធំលើទីតាំងឆបោកដ៏ធំនៅក្នុងអគារជាច្រើន ដែលជួលដោយជនបរទេសជាក្រុមបណ្តាញក្រុមជួញដូរមនុស្ស។ ប្រតិបត្តិការវាយឆ្មក់នេះ បានធ្វើការចាប់ខ្លួន និងការនិរទេសជនជាតិបរទេសរាប់ពាន់នាក់ ដែលពាក់ព័ន្ធទៅនឹងបណ្តាញ ឧក្រិដ្ឋកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ា ថៃ និងកម្ពុជា។ យោងតាមការរាយការណ៍របស់សារព័ត៌មានអន្តរជាតិ AP បានបញ្ជាក់ថា ការបង្ក្រាបក្រុមជួញដូរមនុស្សរបស់កម្ពុជា បានបង្ហាញពីកំណត់សម្គាល់ថា ឧស្សាហកម្មបោកប្រាស់នេះ បានប្រើប្រាស់លំហូរការងារឆ្លងព្រំដែន និងជាភស្តុភារឧក្រិដ្ឋកម្មក្នុងតំបន់ចេញពីប្រទេសថៃ។

របាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)បានឱ្យដឹងថា ទីតាំងឆបោក និងការជួញដូរនៅក្នុងប្រទេសមីយ៉ាន់ម៉ា ថៃ និងកម្ពុជា គឺមានប្រើប្រាស់យុទ្ធសាស្ត្រដូចគ្នា ដូចជា ការជ្រើសរើសបុគ្គលិកក្លែងក្លាយ ការបង្ខិតបង្ខំ និងអំពើហិង្សា។ ទាំងនេះ គឺជាឧក្រិដ្ឋកម្មឆ្លងដែន និងមិនមែនជាការចៃដន្យនោះទេ ពោល គឺមានការសម្របសម្រួលគាំទ្រដោយអ្នកសម្របសម្រួលក្នុងនៅតាមបណ្តោយព្រំដែនឆ្លងកាត់ និងមន្រ្តីប៉ុស្តិ៍ត្រួតពិនិត្យដែលពុករលួយ។ ការត្រួតពិនិត្យការអនុវត្តច្បាប់ពហុប្រទេសបានចេញរាយការណ៍ថា ជនអន្តោប្រវេសន៍ថៃ ឬមន្ត្រីមូលដ្ឋានដែលជាប់ពាក់ព័ន្ធ គឺមិនបានយកចិត្តទុកដាក់ ឬអើពើលើទីតាំងប្រតិបត្តិការរបស់ក្រុមជួញដូរមនុស្ស ដែលត្រូវបានបង្កើតឡើងនៅប្រទេសថៃនោះឡើយ។  សូម្បីតែនៅពេលដែលអាជ្ញាធរថៃបដិសេធលើរឿងនេះក៏ដោយ ក៏ភស្តុតាងនៃការស៊ើបអង្កេតជាបន្តបន្ទាប់ និងទម្រង់បែបបទនៃចាប់ខ្លួនបង្ហាញថា ដែនដី និងស្ថាប័នរបស់ប្រទេសថៃ ត្រូវបានប្រើប្រាស់ជានិច្ចកាល និងជាផ្នែកនៃលំហូរនៃការជួញដូរមនុស្សទាំងនេះ។

កម្ពុជា ត្រូវតែឆ្លើយតបដាច់ខាតដោយការបង្រ្កាបក្រុមឧក្រិដ្ឋជន ការកាត់ទោសអ្នកដែលឃុបឃិតជាមួយក្រុមឧក្រិដ្ឋជនទាំងនោះ ការរឹតបន្តឹងការអនុវត្តច្បាប់ឆ្លងដែន ការការពារជនរងគ្រោះ និងការរៀបចំឡើងវិញនៃការគ្រប់គ្រងព្រំដែន ការប្រើប្រាស់យន្តការប្រឆាំងអំពើពុករលួយ ប្រឆាំងនឹងប្រព័ន្ធការងារដែលត្រូវបានកេងប្រវ័ញ្ចដោយក្រុមជួញដូរមនុស្ស។ ទាំងប្រទេសកម្ពុជា និងប្រទេសនៅក្នុងតំបន់ បានទទួលរងយ៉ាងខ្លាំងពីក្រុមជួញដូរមនុស្ស និងឆបោកអនឡាញ ដែលប្រតិបត្តិការចេញពីប្រទេសថៃ ក៏ដូចជា មន្ត្រីពុករលួយមួយចំនួន ហើយបានធ្វើឱ្យប្រទេសកម្ពុជាទទួលរងគ្រោះថ្នាក់ ជាពិសេស ដោយសារតួនាទីរបស់ប្រទេសថៃ ដែលជាមជ្ឈមណ្ឌលដ៏ធំ ដែលជួយសម្រួលដល់ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ច។ ប្រទេសថៃ គួរតែចូលរួមទទួលខុសត្រូវ ដោយការដាក់យន្តការបង្រ្កាបក្រុមឧក្រិដ្ឋជន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក៏ដូចជា ការហ៊ានប្រឈមមុខប្រឆាំងនឹងមន្រ្តីពុករលួយ និងអ្នកជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ទើបតំបន់អាស៊ីអាគ្នេយ៍អាចលុបបំបាត់ទីតាំងឆបោកអនឡាញ និងការជួញដូរមនុស្ស៕

ដោយ៖ លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម