Connect with us

ព័ត៌មានជាតិ

កម្ពុជាបណ្តេញចេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែមករា បានបណ្តេញជនបរទេសចំនួន ២០៩នាក់ ក្នុងនោះ មានជនជាតិកូរ៉េខាងខាងត្បូងចំនួន៧៣នាក់ និងភូមាចំនួន ១៣៦នាក់ ចេញពីប្រទេស ដើម្បីឱ្យរដ្ឋាភិបាលរបស់ពួកគេ អនុវត្តនីតិវិធីបន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ក្នុងចំណោមជនបរទេសទាំង ២០៩នាក់នេះ មានទាំងជនរងគ្រោះ និងជនសង្ស័យប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលសមត្ថកិច្ចបានឃាត់ខ្លួន នាពេលកន្លងមក។ សេចក្ដីប្រកាសព័ត៌មានអះអាងថា នេះមិនមែនជាលើកទី១ទេ ដែលកម្ពុជាបានបញ្ជូនជនបរទេស ជាពិសេសជនជាតិកូរ៉េខាងត្បូងទៅប្រទេសខ្លួនវិញ បន្ទាប់ពីពួកគេត្រូវបានសមត្ថកិច្ចរកឃើញថា មានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ខណៈដែលកាលពីឆ្នាំ២០២៥កន្លងមក កម្ពុជាក៏បានបញ្ជូនជនជាតិកូរ៉េ ចំនួន ២៤៤នាក់ផងដែរ។

សេចក្ដីប្រកាសព័ត៌មានអះអាងទៀតថា ការបញ្ជូនជនបរទេសខាងលើនេះ គឺជាការអនុវត្តនូវ វិធានការច្បាប់យ៉ាងម៉ឹងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំបោសសម្អាត ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាជន ទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងឡើយចំពោះមេខ្លោង ដែលនៅពីក្រោយ ក៏ដូចជាជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ឱ្យមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសខ្លួនវិញ។

ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទីទី២២ ខែមករា ឆ្នាំ២០២៦ កម្ពុជាបានបណ្តេញ ជនបរទេសសរុបចំនួន១៦២០នាក់មាន២១សញ្ជាតិដូចជា៖ ជនជាតិវៀតណាម ថៃ ចិន ប៉ាគីស្ថាន ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និងជនជាតិភូមាជាដើម។ ក្នុងប្រតិបត្តិការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេសក្នុងរយៈពេល៧ខែចុងក្រោយនេះ សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនជនសង្ស័យចំនួន៥១០៦នាក់ មាន២៣សញ្ជាតិ និងបណ្តេញចេញទៅប្រទេសដើមវិញចំនួន៤៥៣៤នាក់។

តុលាការកម្ពុជា ក៏បានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងធំៗចំនួន ៣៧ករណី ហើយផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន១៧២នាក់ផងដែរ។

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ ក្រុមសមត្ថកិច្ចជំនាញនៃក្រសួង ស្ថាប័នពាក់ព័ន្ធ និងកំលាំងសមត្ថកិច្ចចម្រុះទូទាំងប្រទេស ដោយធ្វើការសហការជាមួយប្រទេសដៃគូនានា នឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម