Connect with us

ព័ត៌មានជាតិ

កម្ពុជា បញ្ជូនមនុស្ស២នាក់ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមអនឡាញទៅឱ្យកូរ៉េខាងត្បូងវិញ

បានផុស

នៅ

ពលរដ្ឋកូរ៉េខាងត្បូង ចំនួន ២រូប ក្នុងនោះរួមមាន ឈ្មោះ Kang Dawit និងឈ្មោះ An Youngji នៅយប់ថ្ងៃទី២២ ឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ត្រូវបានធ្វើបត្យាប័នទៅប្រទេសកំណើតវិញ ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ នេះបើតាមក្រសួងយុត្តិធម៌កម្ពុជា ចេញផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការ នាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងយុត្តិធម៌កម្ពុជា បញ្ជាក់ដូច្នេះថា៖«បុគ្គលខាងលើជាសមាជិកក្រុមឧក្រិដ្ឋជនដែលបានប្រើប្រាស់បណ្តាញសង្គម ដើម្បីទាក់ទងជនរងគ្រោះ និងបានក្លែងជាមានទំនាក់ទំនងមនោសញ្ចាតនាជាមួយនឹងអ្នកទាំងនោះ ហើយបន្ទាប់ពីទទួលបានការទុកចិត្ត បុគ្គលទាំងនេះបានបង្ហាញពីគម្រោងវិនិយោគ និងបានលួងលោមឱ្យជនរងគ្រោះទាំងនោះបណ្តាក់ទុនវិនិយោគជាមួយខ្លួន ក្នុងគោលបំណងឆបោកយកប្រាក់ទាំងនោះ។»។

បន្ទាប់ពីកើតមានជនជាតិកូរ៉េម្នាក់ស្លាប់នៅលើទឹកដីខេត្តកំពត ប្រទេសកម្ពុជា ព្រោះតែការធ្វើទារុណកម្មពីសំណាក់ជនជាតិកូរ៉េខាងត្បូង និងជនពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ,  អគ្គស្នងការដ្ឋាននគរបាលជាតិ និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងការបង្កើតក្រុមការងាររួមមួយរវាងកម្ពុជា និងកូរ៉េ ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននានា រាប់ទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាប់ពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជា។ ការិយាល័យក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ Task Force ក៏ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីកន្លងទៅផងដែរ នៅក្នុងនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

សូមរម្លឹកដែរថា  នៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២៥ កម្ពុជា បានបញ្ជូនជនជាតិកូរ៉េចំនួន ៦៤នាក់ ទៅប្រទេសកំណើតវិញ។ ពលរដ្ឋកូរ៉េទាំងនេះ ទទួលបានការជួយអន្តរាគមន៍ពីអាជ្ញាធរកម្ពុជា និងត្រូវបានឃាត់ខ្លួនដោយសារបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការជាប់បោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗ៕

ដោយ៖ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម