កូវីដ-១៩
អាជីវករប្រមាណ៧០ភាគរយ បានចូលលក់ដូរឡើងវិញ ខណៈអាជីវករគ្រឿងបរិភោគលក់ពេញ១០០ភាគរយ
ភ្នំពេញ៖ ថ្ងៃ១៥ មិថុនានេះជាថ្ងៃដែលអាជ្ញាធររាជធានីភ្នំពេញសម្រេចឱ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរ ជាប្រក្រតីឡើងវិញក្នុងក្របខណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ក្រោយពីបានបិទខ្ទប់មិនឱ្យដំណើរការ ចាប់តាំងពីអំឡុងខែ មេសាឆ្នាំ២០២១ កន្លងមក និងបានបើកឡើងវិញក្នុងកម្រិតត្រឹមតែលក់គ្រឿងហូបចុក បន្លែ ត្រីសាច់កាលពីថ្ងៃទី២៤ ឧសភា។

ជាក់ស្តែងនៅព្រឹកនេះមានជីវករប្រមាណ៧០ភាគរយហើយបានចូលមកលក់ដូរវិញ ដោយសារថា សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានី បានចេញនៅពេលយប់ អាជីវករមួយចំនួនបានដឹង និងមួយចំនួនទៀតមិនទាន់បានដឹងនៅឡើយ ។ ប៉ុន្តែចំពោះអាជីវករដែលលក់គ្រឿងហូបចុក បន្លែ ត្រីសាច់បានមកលក់ពេញ១០០ភាគរយ។
ការបើកដំណើរការផ្សារឡើងវិញនៅព្រឹកថ្ងៃ១៥ មិថុនានេះ ឃើញថា នៅតាមបណ្តាលផ្សាររដ្ឋនានានៅក្នុងរាជធានីបានដំណើរការជាធម្មតា ជាមួយនឹងការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានអនុវត្តវិធានការសុវត្ថិភាព ពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Codeជាដើម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោក ចំរេីន សុខលីម ប្រធានផ្សារទួលទំពូង បានឱ្យដឹងនៅថ្ងៃនេះថា ផ្សារទួលទំពូងចាប់ផ្តេីមបេីកលក់នៅព្រឹកនេះ បានគោរពតាមវិធានសុខាភិបាល និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ច្រកចេញ ចូលផ្សារចំនួន១០ត្រូវបានបេីកទ្វារសម្រាប់អាជីវករបានលក់ដូរជាធម្មតាឡើងវិញ ដោយនៅតាមច្រកចេញចូល លោកបានចាត់ចែងមានកម្លាំងសន្តិសុខជួយសម្រួល ដោយការបាញ់កម្តៅ លាងអាល់កុល និងធ្វេីការស្កេន QR Code មុននឹងអនុញ្ញាតអាជីវករចូលទិញលក់នៅក្នុងផ្សារ។ ចំណែកបងប្អូនអាជីវករបានពាក់ម៉ាស់គ្រប់គ្នា និងដាក់ដបអាកុលសំរាប់ភ្ញៀវបានបាញ់សម្លាប់មេរោគនៅគ្រប់តូប។
លោកបន្តថា សម្រាប់ថ្ងៃទី១៥ មិថុនានេះ មានអាជីវករមកលក់ដូរបានប្រមាណ ៧០ភាគរយប៉ុណ្ណោះ ដោយសារថា សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីបានចេញនៅពេលយប់ អាជីវករមួយចំនួនបានដឹង។ ប៉ុន្តែចំពោះអាជីវករខាងលក់គ្រឿងហូបចុក បន្លែ ត្រីសាច់បានមកលក់ពេញ១០០ភាគរយ។
លោក ឯក និមល ប្រធានគណៈកម្មការផ្សារបឹងកេងកង បានអោយដឹងនៅព្រឹកថ្ងៃទី១៥ មិថុនានេះថា ចំពោះអាជីវករមកបើកតូបលក់ដូរនាថ្ងៃបើកផ្សារពេលនេះ បានប្រមាណ ៧០ភាគរយ។ លោក និមល បន្តថា ផ្សារបានបើកច្រកចេញចូល ៥ច្រក ក្នុងច្រកនីមួយៗ មានដាក់ម៉ាស៊ីនវាស់កំដៅ និងស្កេន QR Code ពិសេសស្លាក ៣កុំ ៣ការពារ របស់សម្តេចតេជោ។ ដោយឡែកចំពោះអាជីវករ ដែលមិនទាន់បានបើកលក់ដូរ គឺគាត់មកបើកតូប ដើម្បីបោសសំអាត និងរៀបចំឥវ៉ាន់ ដើម្បីលក់នាថ្ងៃបន្ទាប់។

ក្នុងនាមអាជីវករផ្សារ ក៏ដូចអតិថិជន លោកសូមថ្លែងអំណរគុណរាជរដ្ឋាភិបាល ពិសេសអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដែលបានអនុញ្ញាតអោយបើកដំណើរការលក់ដូរផ្សារទាំង២៥ឡើងវិញ។
ប្រធានគណៈកម្មការគ្រប់គ្រងផ្សារធំថ្មី លោកស្រី ប៉ុន ដានី បានមានប្រសាសន៍លើកឡើងថា លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយកន្លងមកនេះផ្សារទាំង២៥នៅក្នុងរាជធានីត្រូវបានលោក ឃួង ស្រេង ចែកម៉ាស អាកុល ម៉ាស៊ីនវាស់កំដៅបាញ់កំដៅជាច្រើនលើកមកហើយ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ជំងឺកូវីដ-១៩នេះឱ្យបាន។
លោកស្រីបន្តថា ក្នុងផ្សារធំថ្មី អាជីវករបានពាក់ម៉ាស់គ្រប់ គ្នារួមទាំងការវ៉ាស់កំដៅពេលចេញចូលផ្សារដែលមាន៩កន្លែង ការដាក់ QR Code រួមទាំងការណែនាំបងប្អូនជាប់ជាប្រចាំ ទាំងអ្នកលក់ និងអ្នកចេញចូលផ្សារ និងមានកន្លែងលាងដៃ មានសាប៊ូ និងជែលផងដែរ។

លោកស្រីបញ្ជាក់ថា ការបើកផ្សារឡើងវិញលើកនេះ គណៈកម្មការផ្សារបានយកចិត្តទុកដាក់ខ្លាំងជាងមុនទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
លោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅ បានប្រាប់ថា ចំពោះនៅផ្សារច្បារអំពៅ បានបេីកតូបប្រហែល ៤០ភាគរយ និងមានអតិថិជន ប្រហែល៣០ភាគរយ។
បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញកាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរជាប្រក្រតីឡើងវិញ ក្នុងក្របខណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១តទៅ។ គ្រប់អាជីវកម្ម-ការលក់ដូរ ដែលត្រូវបានអនុញ្ញាតបើកដំណើរការ ត្រូវអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ការពារ និង៣កុំ” របស់សម្ដេចតេជោ ហ៊ុន សែន៕
អត្ថបទ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី