កូវីដ-១៩
ក្រសួងបរិស្ថានត្រៀមផ្ដល់ឈើជាង១ ពាន់ម៉ែត្រគូបធ្វើក្ដារមឈូស
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១១ ខែកក្កដា នេះថា ក្រសួងបរិស្ថាន នឹងយកឈើសរុបប្រមាណ១៣៤៧ ម៉ែត្រគូប ដែលរឹបអូសបានពីការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីផលិតក្តារមឈូស ហើយបើតាមការប៉ាន់ស្មាន ឈើទាំងនោះ នឹងផលិតក្តារមឈូសបានប្រមាណជាង ១០០០។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានមានប្រសាសន៍ថា “ទោះបីជាប្រទេសយើងក្រ តែមិនត្រូវឱ្យពលរដ្ឋខ្មែរយើងស្លាប់ដោយអណោចអធមឡើយ” នោះ ក្រសួងបរិស្ថានបានយកឈើដែលមន្ត្រីឧទ្យានុរក្សបង្ក្រាបរឹបអូសបានពីការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីធ្វើក្តារមឈូសផ្តល់ជូនគណៈកម្មការជាតិប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីប្រើប្រាស់ដាក់តម្កល់សពអ្នកជំងឺកូវីដ១៩ ដែលបានទទួល មរណភាព។

បើតាមលោក នេត្រ ភក្ត្រា នេះគឺជាការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាល ចំពោះសុខទុក្ខប្រជាពលរដ្ឋខ្មែរ ហើយនេះគឺជាការរក្សាកិត្តិយស និងតម្លៃជាមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះពលរដ្ឋខ្មែរ ហើយជាប្រពៃណីទំនៀមខ្មែរក្នុងការគោរពចំពោះសព និងការជូន ដំណើរជាចុងក្រោយ ចំពោះពលរដ្ឋអ្នកជំងឺកូវីដ១៩ ដែលជាអកុលបានស្លាប់បាត់បង់ជីវិតក្នុងបរិបទ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ការ រៀបចំឱ្យសពមានមឈូសបានត្រឹមត្រូវ គឺជាការគោរពដល់សព”។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា “ក្រសួងបរិស្ថាននឹងយកឈើសរុបប្រមាណ ១៣៤៧ ម៉ែត្រគូប ដែលរឹបអូសបានមកពីការបង្ក្រាបបទល្មើសធនធានធម្មជាតិពីឆ្នាំ២០២០ និងឆ្នាំ២០២១ នេះដើម្បីផលិតក្តារមឈូស។ តាមការប៉ាន់ ស្មាន ឈើដែលស្ថិតក្នុងក្របខណ្ឌក្រសួងបរិស្ថានអាចនឹងផលិតក្តារឈូសបានប្រមាណជាង១០០០ មឈូស។ គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ មន្ទីរបរិស្ថានខេត្តចំនួន១៧ ដែលមានឈើស្រាប់បានផលិតក្តារមឈូសបានចំនួន ៤០៥ និងបានកំពុងបន្តការផលិតបន្ថែមទៀត”។
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនោះ បញ្ជាក់ថា ក្តារមឈូសដែលផលិតបាន ត្រូវបានប្រគល់ជូនអនុគណៈកម្មការគ្រប់គ្រងសពអ្នកជំងឺកូវីដ១៩ ដើម្បីសម្របសម្រួល ចាត់ចែង និងចែកចាយទៅដល់អនុគណៈកម្មការប្រឆាំងនឹងជំងឺកូវីដ១៩ ថ្នាក់ខេត្ត ដើម្បីប្រើប្រាស់ដាក់សពអ្នកជំងឺកូវីដ១៩។
លោក នេត្រ ភក្ត្រា បញ្ជាក់ដែរថា បច្ចុប្បន្ននេះ ក្តារមឈូស ដែលផលិតបាន ត្រូវបានយកទៅប្រើប្រាស់ខ្លះៗហើយ។
សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី១១ ខែកក្កដា នេះ ប្រទេសកម្ពុជា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន៩០២ នាក់ និងមានអ្នកឆ្លងសរុបចំនួន៦០៩៥៩ ករណី៕ ដោយ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


