Connect with us

ជីវិតកម្សាន្ដ

ក្រោយឆេវឆាវមួយពេល សួស វីសា ប្រកាសជាសាធារណៈថា ខ្លួននិងស្វាមី មិនមានការលែងលះគ្នាទេ

បានផុស

នៅ

ក្រោយបង្កការភ្ញាក់ផ្អើលលើបណ្តាញសង្គមជុំវិញការបង្ហោះសារបង្ហាញអារម្មណ៍ខឹងសម្បាររហូតធ្វើឱ្យមហាជនយល់ថាជីវិតគ្រួសារកំពុងមានបញ្ហាធ្ងន់ធ្ងរ តារាចម្រៀងល្បីឈ្មោះ សួស វីសា បានចេញសារបកស្រាយយ៉ាងវែងអន្លាយនៅព្រឹកថ្ងៃច័ន្ទ ទី១១ ខែឧសភា ដោយទទួលស្គាល់ថា ការបង្ហោះសារមុននេះកើតឡើងដោយសារកំហឹងមួយពេល និងអារម្មណ៍ឆេវឆាវដោយមិនបានគិតវែងឆ្ងាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារនៅព្រឹកថ្ងៃច័ន្ទនេះ តារាចម្រៀងរូបនេះបានបង្ហាញការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីឃើញរូបថតគ្រួសាររបស់ខ្លួន និងកូនៗ ត្រូវបានយកទៅកាត់ត និងផ្សព្វផ្សាយភ្ជាប់ជាមួយព័ត៌មានបែកបាក់គ្រួសារ ដែលនាំឱ្យមានការឈឺចាប់ផ្លូវចិត្តទាំងសម្រាប់កូនៗ។

សួស វីសា បានស្នើសុំដល់សារព័ត៌មាន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម Facebook និង TikTok មួយចំនួន ឱ្យបញ្ឈប់ការចែកចាយ ឬកាត់តរូបភាពគ្រួសាររបស់នាងបន្តទៀត ដោយអះអាងថា រឿងរ៉ាវពិតប្រាកដមិនធ្ងន់ធ្ងរដល់កម្រិតដែលមហាជនកំពុងយល់នោះឡើយ។

តារាចម្រៀងរូបនេះក៏បានសុំទោសដល់ក្រុមគ្រួសារ អ្នកគាំទ្រ និងជាពិសេសកូនទាំងពីររបស់ខ្លួន ដែលត្រូវរងផលប៉ះពាល់ផ្លូវចិត្តពីព័ត៌មាន និងការកាត់តរូបភាពផ្សេងៗនៅលើបណ្តាញសង្គម។ នាងបានបង្ហាញអារម្មណ៍ខ្ទេចខ្ទាំជាខ្លាំង នៅពេលកូនស្រីសួរអំពីព័ត៌មាន “ប៉ាម៉ាក់បែកគ្នា” បន្ទាប់ពីបានឃើញអត្ថបទ និងវីដេអូផ្សេងៗលើ Facebook និង TikTok។

ជាមួយគ្នានេះ សួស វីសា បានបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនងរវាងនាង និងស្វាមី មិនមានការលែងលះ ឬបញ្ហាផិតក្បត់ដូចការសន្និដ្ឋានរបស់មហាជនឡើយ។ អ្នកនាងថា ការខ្វែងគំនិតគ្នាលើកនេះ គ្រាន់តែជាបញ្ហាប្តីប្រពន្ធធម្មតា បូករួមទាំងភាពនឿយហត់ពីការមើលថែកូនដោយខ្លួនឯង និងការប្រឹងសម្រកទម្ងន់ខ្លាំងពេក ទើបធ្វើឱ្យអារម្មណ៍កាន់តែងាយឆេវឆាវ។

បើតាមសាររៀបរាប់ អ្នកនាងថា “សរុបខ្លីមក ខ្ញំនិងប្តីខ្ញុំគ្រាន់តែខ្វែងគំនិតគ្នាច្រេីនរឿងបន្តិចលេីកនេះទេីបខ្ញុំខឹងយ៉ាងនេះ តែអត់ពាក់ពន្ធ័រឿងផិតក្បត់គ្នាទេ ហេីយគ្រាន់តែមួយរយៈនេះខ្ញុំហត់មេីលកូនដោយខ្លួនឯងផង និងប្រឹងសម្រកគីឡូយ៉ាងគំហុកផងទេីបអារម្មណ៍ឆេវឆាវចង់ឈ្នះប្តីចង់ឈ្នះគ្រួសារយ៉ាងកំរោលបែបនេះ សរុបមកប្តីប្រពន្ធខ្ញុំអត់មានលែងលះគ្នាអីទេ ហេីយប្តីខ្ញុំគាត់ក៏ស្រលាញ់ប្រពន្ធកូនណាស់ដែរ ដល់ថ្នាក់ឈ្លោះគ្នាគាត់លួងខ្ញុំមិនស្តាប់គាត់រត់ទៅរកព្រះធម៏និងចង់ទៅបួសទៀត អ៊ីចឹងខ្លីៗមក អត់មានអីឱ្យបងប្អូនតាមដានទៀតទេ ហេីយក៏មិនបានចង់បំពុលសង្គម ឬឆ្លៀតលក់ផលិតផលអីដែរ..សម្រេចថា រឿងនេះចប់ដោយបរិបូរណ៍សូមអរគុណ”។

នៅចុងបញ្ចប់ សួស វីសា បានប្រកាសបិទបញ្ចប់រឿងរ៉ាវនេះ ដោយស្នើឱ្យមហាជនបញ្ឈប់ការតាមដាន ឬបន្តបកស្រាយលើប្រធានបទនេះបន្តទៀត៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម