Connect with us

ជីវិតកម្សាន្ដ

កូនអាន យល់ថា គួរបន្តតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត ព្រោះសន្តិភាព ទើបនាំមកនូវការអភិវឌ្ឍន

បានផុស

នៅ

នាដការីរបាំ កញ្ញា សុខគា គីមលាង ហៅ កូនអាន បានលើកឡើងពីគុណតម្លៃនៃសន្តិភាព ពិសេសសម្រាប់កម្ពុជា ដែលជាប្រជាជាតិមួយធ្លាប់ឆ្លងកាត់សង្គ្រាមយ៉ាងក្រាសក្រែល ទម្រាំកសាងបាននូវសន្តិភាពមួយដែលមានស្ថេរភាព មកទល់សព្វថ្ងៃ ហើយគប្បីបន្តតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត ព្រោះថា ទាល់តែមានសន្តិភាព ទើបប្រទេសជាតិមានការរីកចម្រើន។ ការលើកឡើងនេះ គឺស្របពេលដែល «ទិវាសន្តិភាពអន្តរជាតិ» កាន់តែខិតជិតមកដល់ នាចុងសប្តាហ៍ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជារៀងរាល់ឆ្នាំ អង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី២១ ខែកញ្ញា ជាថ្ងៃដ៏ពិសេស សម្រាប់បណ្តាប្រទេសនៅទូទាំងសកលលោក ប្រារព្ធ «ទិវាសន្តិភាពអន្តរជាតិ» ដើម្បីបង្ហាញនូវការប្តេជ្ញាចិត្តរួមគ្នា លើកគុណតម្លៃសន្តិភាព ក៏ដូចជាការរំលឹកដល់វីរភាពនានា ក្នុងការរួមចំណែកធ្វើឱ្យសម្រេចបាននូវសន្តិភាព។ តួយ៉ាង បើទោះបីជាស្ថិតក្នុងកាលៈទេសៈអស្ថិរភាពតាមព្រំដែនកម្ពុជា-ថៃបច្ចុប្បន្ន ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត ក្នុងការដោះស្រាយបញ្ហាផងដែរ។

កញ្ញា សុខគា គីមលាង បានបង្ហាញការយល់ឃើញថា សន្តិភាព នាំមកនូវសេចក្តីសុខជូនប្រជាជន និងការអភិវឌ្ឍន។មិនតែប៉ុណ្ណោះ អាចឱ្យយើងបានឃើញនូវហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានា ខណៈទាំងនេះហើយ ជាអ្វីដែលពលរដ្ឋខ្មែរគ្រប់រូបចង់បានសម្រាប់ប្រទេសជាតិ។

នាដការីរូបនេះ បន្ថែមថា “នាងសូមអគុណទៅដល់អតីតនាយករដ្ឋមន្ត្រី «សម្តេចតេ ជោ ហ៊ុន សែន បិតានៃសន្តិភាព» និងសូមរគោរពដឹងគុណទៅកាន់វីរៈកងទ័ពដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបូរណភាពទឹកដី នៃប្រទេសកម្ពុជា ហើយសូមឱ្យបងៗកងទ័ពទាំង ១៨នាក់ ឆាប់វិលមកមាតុភូមិជួបជុំគ្រួសារវិញ”។

គួររំលឹកប្រសាសន៍សម្តេចធិបតី ក្នុងទិវាសន្តិភាពក្រោមមូលបទ «សកម្មភាព ដើម្បីសន្តិភាព៖ ការប្តេជ្ញាចិត្តរួមគ្នា សម្រាប់គោលដៅសកល» ឆ្នាំ២០២៣ លើកឡើងដូច្នេះថា សន្តិភាពមិនមែនជាអ្វីដែលកើតឡើងដោយចៃដន្យនោះទេ។ ដើម្បីកសាងសន្តិភាព យើងទាំងអស់គ្នាត្រូវពុះពារគ្រប់ឧបសគ្គ ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីសាមគ្គីភាព រួបរួមគ្នាជាធ្លុងមួយ និងភាតរភាពជាអន្តរជាតិ។ ភ្នក់ភ្លើងសង្គ្រាម សោកនាដកម្ម ការបែកបាក់រងទុក្ខវេទនាខ្លោចផ្សារកទីបំផុតគ្មាន ដែលប្រជាជាតិយើងបានឆ្លងកាត់ គឺជាមេរៀន និងបទពិសោធដ៏ជូរចត់ដែលមិនអាចបំភ្លេចបាន។ ខណៈទាំងអស់នេះហើយដែលនាំឱ្យយើងទាំងអស់គ្នាបានយល់យ៉ាងច្បាស់ ពីគុណតម្លៃនៃសន្តិភាព៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម