Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​​​ប្រាប់​រុស្ស៊ីថា​ ការ​វាយប្រហាររបស់អាមេរិកនិង​អ៊ីស្រាអែល​លើ​អ៊ីរ៉ង់​ មិន​អាចទទួលយកបានទេ

បានផុស

នៅ

រដ្ឋ​មន្ត្រី​ការបរទេសចិន លោក វ៉ាង យី (Wang Yi) បាន​និយាយ​នៅ​​ថ្ងៃ​អាទិត្យថា ការ​វាយប្រហាររបស់សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​លើ​អ៊ីរ៉ង់​គឺមិន​អាចទទួលយកបានទេ ខណៈ​ប្រទេស​ចិន​អំពាវ​នាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ជា​បន្ទាន់និង​បន្ត​កិច្ច​ចរ​ចា​ឡើង​វិញ ដើម្បី​ទប់​ស្កាត់​ជម្លោះ​ក្នុង​តំបន់កាន់តែ​ខ្លាំង។​

រដ្ឋ​មន្ត្រី​ការបរទេសចិន លោក វ៉ាង យី! រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមទីភ្នាក់ងារសារព័ត៌មាន Xinhua របស់រដ្ឋប្រទេស​ចិនកាល​ពី​ថ្ងៃ​អាទិត្យ ថ្ងៃទី​០១ ខែ​មីនា, លោក វ៉ាង ​ប្រាប់​រដ្ឋ​មន្ត្រី​ការបរទេសរុស្ស៊ី លោក Sergei Lavrov តាម​ទូរស័ព្ទ​ថា៖«ការ​សម្លាប់​មេ​ដឹកនាំ​នៃ​រដ្ឋ​​អធិបតេយ្យ​​ដោយចេតនា និង​ញុះញង់​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​របប​គឺមិន​អាចទទួលយកបានទេ»។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ បាន​វាយប្រហារ​លើ​របប​ដឹកនាំ​​អ៊ីរ៉ង់​ នៅ​ព្រឹកថ្ងៃសៅរ៍ ដោយ​បានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី (Ali Khamenei)។

លោក វ៉ាង បានបន្ត​ថា ប្រទេស​ចិន​ចង់​បាន​ការ​បញ្ឈប់​សកម្មភាព​យោធា​ដ៏​ឃោរឃៅ​នេះ​​ជាបន្ទាន់ និង​ការ​វិល​ត្រឡប់​ទៅ​រក​ការសន្ទនាវិញ​ឱ្យ​បាន​ឆាប់​តាម​ដែលអាចធ្វើទៅបាន​។

យ៉ាង​ណាមិញ នៅថ្ងៃអាទិត្យស្ថាន​ទូតចិនប្រចាំអ៊ីស្រាអែល​បាន​ណែនាំ​ប្រជាជនរបស់ខ្លួនឱ្យជម្លៀសទៅ​កាន់តំបន់ដែលមាន​សុវត្ថិភាព​ ក្នុងប្រទេស ឬ​ចាកចេញទៅកាន់ប្រទេសអេហ្ស៊ីប​តាមរយៈ​ច្រក​ព្រំដែន​តា​បា​។

ក្រសួង​ការបរទេសចិន​លើក​ឡើង​ថា ពលរដ្ឋ​ចិន​បាន​រងរបួស​នៅ​ក្នុង​ការវាយ​ប្រហារនេះ ហើយ​ពួកគេមួយចំនួនបានជាប់គាំង​ ដោយ​ព្រមានជនជាតិចិន​កុំឱ្យធ្វើដំណើរទៅកាន់តំបន់នេះឱ្យ​សោះ​។

ក្នុង​​ការ​អត្ថាធិប្បាយ​មួយ​​កាលពីថ្ងៃអាទិត្យ ទីភ្នាក់​ងារសារព័ត៌មាន ​Xinhua បាន​រិះគន់​ការវាយប្រហារនេះ ​ដោយ​ហៅថា​៖ «ជាការ​ឈ្លាន​ពាន​ដ៏​ឃោរឃៅប្រឆាំង​នឹងប្រទេស​អធិបតេយ្យនិងជាការ​ត្រួត​ត្រា​ដោយ​​អំណាច​នយោបាយ»។

ភ្នាក់​ងារ​ Xinhua បន្ត​ថា៖ «ការប្រើ​ប្រាស់កម្លាំងយោធា​របស់ទីក្រុង​វ៉ា​ស៊ីន​តោន​ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ​គោលការណ៍​ធម្មនុញ្ញ​អង្គ​ការ​សហប្រជាជាតិ និង​ជាការ​ចាកចេញ​ពីបទ​ដ្ឋាន​ជា​មូលដ្ឋាន​នៃ​ទំនាក់​ទំនងអន្តរជាតិ»។

គួរ​បញ្ជាក់​​ថា ជម្លោះ​នេះ​បណ្តាលឱ្យមាន​ការ​រំខាន និង​ការលុប​ចោល​ជើងហោះ​ហើរ​យ៉ាង​ច្រើន​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម