Connect with us

ព័ត៌មានអន្ដរជាតិ

​​ជប៉ុន​ដោះសា​​ចំពោះ​​សំណើ​ត្រាំ​ដែល​​អំពាវនាវ​ឲ្យ​​​ចូលរួម​​​​ការពារ​កប៉ាល់ដឹកប្រេង​ទេ​​​​

បានផុស

នៅ

នាយក​រដ្ឋមន្រី្តជប៉ុន លោក​ស្រី​​ សាណាអេ តាកាអ៊ិឈិ ( Sanae Takaichi) បាន​លើក​ឡើង​នៅថ្ងៃចន្ទ​ ថា ប្រទេស​​ជប៉ុន​គ្មាន​គម្រោង​បញ្ជូន​នាវា​ចម្បាំង និង​កងទ័ពជើងទឹក​ទៅ​អមដំណើរ​​នាវា​ដឹក​ប្រេង​​នៅ​មជ្ឈិមបូព៌ា​​នោះ​ទេ​ ​បន្ទាប់​ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវដល់​សម្ព័ន្ធមិត្ត​ឱ្យចូលរួម​ការពារនាវា​ដឹកប្រេង​ដែល​ឆ្លងកាត់ច្រកសមុទ្រ​ Hormuz។

នាយក​រដ្ឋមន្រី្តជប៉ុន លោក​ស្រី​​ សាណាអេ តាកាអ៊ិឈិ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​ តាកាអ៊ិឈិ ប្រាប់សភាថា៖«យើង​មិន​ទាន់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វីទាំង​អស់ ​ពីការបញ្ជូន​នាវា​អម​ដំណើរ​ទៅ​មជ្ឈិមបូព៌ា។ យើង​កំពុងបន្តពិនិត្យមើលអ្វីដែល​ជប៉ុនអាចធ្វើបាន​ដោយ​ឯករាជ្យ និង​អ្វី​ដែលអាចធ្វើបាននៅក្នុងក្របខ័ណ្ឌច្បាប់»។ នេះ​បើយោង​តាម​ភ្នាក់​ងារ​រ៉យទ័រ ផ្សាយ​ថ្ងៃ​ទី១៦ ខែមីនា ឆ្នាំ​២០២៦។

ការ​អំពាវនាវរបស់ លោក ដូណាល់ ត្រាំ​ ធ្វើ​ឡើង​នៅ​ក្នុង​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​សម្រាប់​សម្ព័ន្ធមិត្តអាមេរិក រួម​ទាំង​ប្រទេសជប៉ុន ដើម្បី​ទៅជួយ​ការពារនាវា​​ដឹកជញ្ជូន​ប្រេង និងឧស្ម័ន​តាមផ្លូវ​ទឹក​យុទ្ធ​សាស្ត្រ​ដ៏​សំខាន់​​នេះ​។

ការណ៍​នេះ​​ធ្វើឱ្យទីក្រុងតូក្យូស្ថិត​ក្នុង​ស្ថាន​ភាពលំបាក ខណៈប្រទេស​ជប៉ុន​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើថាមពលនៅ​មជ្ឈិមបូព៌ា។

កង​កម្លាំងការពារ​ដែន​​សមុទ្រ​ប្រទេសជប៉ុន​បានធ្វើ​ប្រតិបត្តិការ​ប្រឆាំង​ចោរសមុទ្រក្នុងដែន​ទឹក​ជិតមជ្ឈិមបូព៌ា ប៉ុន្តែ​បេសកកម្មទាំង​នេះ​​ គ្រាន់​តែ​ជាប្រតិបត្តិការត្រួតពិនិត្យ​ប៉ុណ្ណោះ។

​ប្រទេស​ជប៉ុន​អាច​ដាក់ពង្រាយយោធាក្រៅ​ប្រទេស​ ដើម្បី​ឆ្លើយតប​នឹងការគំរាមកំហែងដល់​ប្រទេសជាតិ ប៉ុន្តែ​វានឹង​មានការ​លំបាកខាងនយោបាយ និង​​កម្រិត​ផ្លូវច្បាប់ខ្ពស់​សម្រាប់​រដ្ឋា​ភិបាល​របស់លោក​ស្រី​ តាកាអ៊ិឈិ ដើម្បីបង្ហាញ​ពី​ភាពត្រឹមត្រូវ​។

លោកស្រី តាកាអ៊ិឈិ នឹង​ធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន​នៅ​សប្តាហ៍នេះ ដើម្បី​ពិភាក្សាជាមួយលោក ត្រាំ​ ហើយ​លោកស្រី​ថា​នឹង​និយាយ​ពី​ជម្លោះជាមួយអ៊ីរ៉ង់​ផង​ដែរ​។

លោកស្រី​ប្រាប់អ្នកតាក់តែង​ច្បាប់ថា៖ « ខ្ញុំចង់ចូលរួម​ក្នុងការ​ពិភាក្សា​ដ៏រឹងមាំ​ដោយផ្អែកលើ​ទស្សនៈ និង​ជំហររបស់ប្រទេសជប៉ុន​ទាក់ទង​នឹង​តម្រូវការ​ ដើម្បី​បន្ធូរបន្ថយ​​ភាព​តានតឹងឱ្យបានឆាប់បំផុត​»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម