Connect with us

ព័ត៌មានអន្ដរជាតិ

លោក Israel Katz ៖ ប្រតិបត្តិការយោធា​​​នៅលីបង់​​នៅតែបន្ត និង​​ មិនឲ្យ​ប្រជាជនលីបង់វិលវិញ​ទេ​​

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ថា អ៊ីស្រាអែលនឹងនៅតែបន្តប្រតិបត្តិការយោធា​ក្នុង​​ភាគ​ខាងត្បូង​ប្រទេសលីបង់ ហើយប្រជាជនលីបង់ដែលត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះសម្បែងដោយសារតែ​យោធា​អ៊ីស្រាអែល នឹងមិនទាន់អាចវិលត្រឡប់មកវិញ​នោះទេ​​។

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីភាគីលីបង់ និងអ៊ីស្រាអែល និង​បន្ទរដោយ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ពួកគេបានព្រមព្រៀងគ្នាក្នុងការអនុវត្តបទឈប់បាញ់ នៅក្នុងកំឡុងពេលនៃការចរចានៅក្នុងទីក្រុងវ៉ាស៊ីនតោន។ កិច្ចព្រមព្រៀងនេះ គឺផ្អែកទៅលើលក្ខខណ្ឌដែលទាមទារឲ្យមានការបញ្ឈប់ការបាញ់ប្រហារពីសំណាក់ក្រុមសកម្មប្រយុទ្ធហេសបូឡា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចុះផ្សាយដោយសារព័ត៌មាន Reuters លោក Katz បានបញ្ជាក់ថា កងទ័ពអ៊ីស្រាអែលនឹងនៅតែបន្តឈរជើងនៅក្នុងតំបន់ដែលខ្លួនហៅថា «តំបន់សន្តិសុខ» នៅភាគខាងត្បូងប្រទេសលីបង់ រួមទាំងនៅក្នុងតំបន់ប្រាសាទ Beaufort ដែលជាបន្ទាយការពារមានអាយុកាល ៩០០ ឆ្នាំ ដែលអ៊ីស្រាអែលដណ្តើមបានកាលពីថ្ងៃសៅរ៍កន្លងទៅ។

រដ្ឋមន្ត្រី​ការពារជាតិ​​អ៊ីស្រាអែល បានបន្តថា យោធា​របស់​លោក នឹងបន្ត «កម្ទេចហេដ្ឋារចនាសម្ព័ន្ធភេរវកម្មនៅក្នុងតំបន់នោះ» ខណៈពេលដែលអ៊ីស្រាអែលមាន «សេរីភាពក្នុងការធ្វើសកម្មភាព ដោយមានការគាំទ្រពីអាមេរិក ក្នុងការវាយប្រហារលើទីក្រុងបេរូត ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារណាមួយមកលើសហគមន៍ និងទឹកដីរបស់អ៊ីស្រាអែល»។

គួរបញ្ជាក់ថា លីបង់ និងអ៊ីស្រាអែល បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ទី៣ ខែមិថុនា លើបទឈប់បាញ់ថ្មីមួយ ក្រោមការគាំទ្រពីអាមេរិកនៅក្នុងប្រទេសលីបង់។ ភាគីទាំងពីរធ្លាប់បានព្រមព្រៀងគ្នាលើការបញ្ឈប់អរិភាពកាលពីខែមេសា ដែលត្រូវបានពង្រឹងបន្ថែមក្នុងខែឧសភា ប៉ុន្តែទោះជាយ៉ាងណា អំពើហិង្សានៅតែបន្តកើតមានដដែលៗដោយមិនស្រាកស្រាន្តឡើយ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

យោធាអ៊ីរ៉ង់ ថា ខ្លួន​មិនទាន់បញ្ចេញ «សន្លឹកបៀឈ្នះ» អស់ទេ និងត្រៀមខ្លួនសម្រាប់សង្គ្រាម​​ជានិច្ច​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម