Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ធ្លោយមាត់ជេរលោក ណេតាន់យ៉ាហ៊ូ ថា «ឆ្កួត» ព្រោះរំខាន​ដល់កិច្ច​ចរចាជាមួយអ៊ីរ៉ង់

បានផុស

នៅ

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទួលស្គាល់ថា លោកពិតជាបានប្រើពាក្យសម្តីអសុរោះ និងបានជេរប្រមាថនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថាជាមនុស្ស «ឆ្កួត» មែន នៅក្នុងកិច្ច​សន្ទនាតាមទូរស័ព្ទមួយ។

លោក ណេតាន់យ៉ាហ៊ូ និងលោក ត្រាំ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុដែលធ្វើឱ្យលោក ត្រាំ ខឹងសម្បារ និងទាស់ទែងចិត្តខ្លាំងនោះ គឺដោយសារតែការវាយប្រហារគ្នាយ៉ាងក្តៅគគុក រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ​​ហេសបូឡានៅលីបង់ កំពុងតែក្លាយជារបាំងរារាំង និងធ្វើឱ្យយឺតយ៉ាវដល់កិច្ចចរចាសន្តិភាពជាមួយប្រទេសអ៊ីរ៉ង់។

បើតាម​សារព័ត៌មាន AP លោក ត្រាំ បានទម្លាយពីភាពតានតឹងនេះ នៅក្នុងកិច្ចសម្ភាសន៍មួយ កាលពីថ្ងៃពុធ ទី​៣ ខែ​មិថុនា ឆ្នាំ​២០២៦ ប៉ុន្តែ​លោកនៅតែអះអាងការពារថា ទំនាក់ទំនងរវាងលោក និងលោក ណេតាន់យ៉ាហ៊ូ នៅតែរឹងមាំដដែល ពោលគឺពួកលោកយល់ចិត្តគ្នាច្រើន ដោយសារតែអ្នកទាំងពីរ សុទ្ធតែជាមេដឹកនាំ ដែលកំពុងស្ថិតក្នុង «សម័យសង្គ្រាម» ដូចគ្នា។ ភ្លាមៗនោះដែរ លោក ណេតាន់យ៉ាហ៊ូ ក៏បានឆ្លើយតបវិញតាមរយៈទូរទស្សន៍ CNBC ថា លោក និងលោក ត្រាំ ជារឿយៗតែងតែមាន «ការខ្វែងគំនិតគ្នាបន្តិចបន្តួចលើផ្នែកយុទ្ធសាស្ត្រ» ប៉ុន្តែពួកគេមានគោលដៅរួមគ្នា ហើយតែងតែរកវិធីដោះស្រាយ ដើម្បីបញ្ចប់ភាពរកាំរកូសជាមួយគ្នាបានជានិច្ច។

ស្របពេលជាមួយគ្នានេះ កាលពីថ្ងៃពុធ អ៊ីស្រាអែល និងលីបង់ បានព្រមព្រៀងគ្នាពន្យារពេលបទ​ឈប់បាញ់ដ៏ផុយស្រួយរបស់ពួកគេ ដោយបង្កើត «តំបន់សន្តិសុខសាកល្បង» មួយចំនួន នៅក្នុងប្រទេសលីបង់ ដែលជាតំបន់ហាមដាច់ខាតមិនឱ្យក្រុមខ្មាន់កាំភ្លើងហេសបូឡាចូលទៅក្បែរឡើយ។ យោងតាមសេចក្តីថ្លែងការណ៍រួម ក្រោយការចរចា ដែលមានអាមេរិកជាអ្នកសម្របសម្រួល បទឈប់បាញ់នេះ នឹងត្រូវអនុវត្តទៅបាន លុះត្រាតែក្រុមហេសបូឡាបញ្ឈប់ការបាញ់ប្រហារទាំងស្រុង និងដកកម្លាំងទាំងអស់ចេញពីតំបន់ភាគខាងត្បូងទន្លេ Litani។ ថ្វី​ដ្បិត​មានកិច្ចព្រមព្រៀងនេះ ស្ថានភាពជាក់ស្តែងនៅលើសមរភូមិ នៅតែមានភាពស្រពិចស្រពិលនៅឡើយ ដោយសារតែការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ភាគខាងត្បូងនៃទីក្រុងបេរូត នៅតែបន្តកើតមាន ដែលបណ្តាលឱ្យជនស៊ីវិល និងក្រុមគ្រួសារជាច្រើននាក់ត្រូវបាត់បង់ជីវិត និងរងរបួសគួរឱ្យខ្លោចផ្សា។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ការប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានឆក់យក​អាយុ​ជីវិតមនុស្សនៅក្នុងប្រទេសលីបង់អស់ចំនួន ៣ ៤៦៨នាក់ហើយ និងធ្វើឱ្យប្រជាជនជាង ១,២លាននាក់ត្រូវរត់ភៀសខ្លួនចោលផ្ទះសម្បែង។ ចំណែកឯខាងភាគីអ៊ីស្រាអែលវិញ ក៏ត្រូវបាត់បង់ជីវិតទាហានយ៉ាងហោចណាស់ ២៧នាក់ផងដែរ។ ស្ថានភាពសង្គ្រាមដ៏រញ៉េរញ៉ៃនេះ បានក្លាយជាសម្ពាធយ៉ាងធ្ងន់ធ្ងរមកលើរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ក្នុងការស្វែងរកច្រកចេញ ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ព្រោះតែវិបត្តិនេះកំពុងធ្វើឱ្យតម្លៃថាមពល និងប្រេងឡើងថ្លៃ ក៏ដូចជាបង្កើតភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ដែលអាចប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខនេះយ៉ាងខ្លាំង៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម