Connect with us

ព័ត៌មានអន្ដរជាតិ

លោក Pita អាចនឹងរួចផុតពីបណ្ដឹងកាន់កាប់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយ

បានផុស

នៅ

គណៈកម្មាធិការស៊ើបអង្កេតរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) កាលពីថ្ងៃចន្ទបានចេញសេចក្ដីសម្រេចថា ក្រុមអ្នកឃ្លាំមើលការបោះឆ្នោតគួរតែច្រានចោលបណ្ដឹងប្រឆាំងនឹងមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ និងបេក្ខជននាយករដ្ឋមន្ត្រីលោក Pita Limjaroenrat ទាក់ទងនឹងការកាន់កាប់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ITV ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីខែកក្កដា គណៈកម្មការរៀបចំការបោះឆ្នោតបានបញ្ជាឲ្យស៊ើបអង្កេតលើលោក Pita បន្ទាប់ពីសកម្មជននយោបាយលោក Ruangkrai Leekitwattana បានដាក់ពាក្យបណ្តឹងថា លោក Pita មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការឈរឈ្មោះបោះឆ្នោតឡើយ ដោយសារតែមេដឹកនាំបក្សចលនាឆ្ពោះទៅមុខរូបនេះ កាន់កាប់ភាគហ៊ុនចំនួន ៤២,០០០ នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ITV ដែលវាគឺជាការបំពានរដ្ឋធម្មនុញ្ញថៃ ។

ប៉ុន្តែទោះជាយ៉ាងណា គណៈកម្មាធិការស៊ើបអង្កេតរបស់គណៈកម្មការរៀបចំការបោះឆ្នោតបានរកឃើញថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ITV គឺលែងដំណើរការហើយ ឬមិនមានប្រាក់ចំណូលពីអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយទៀតនោះទេ ក្នុងអំឡុងពេលនៃការដាក់ពាក្យសុំធ្វើជាតំណាងរាស្ត្រពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមេសា ដូច្នេះបណ្តឹងនេះគួរតែត្រូវបានច្រានចោល ។

ទន្ទឹមនោះ គណៈកម្មាធិការក៏នឹងបញ្ជូនសេចក្តីសម្រេចរបស់ខ្លួនទៅអនុគណៈកម្មាធិការរបស់គណៈកម្មការរៀបចំការបោះឆ្នោតដើម្បីពិចារណាលើបណ្តឹងនេះផងដែរ ហើយបន្ទាប់ពីនោះ គណៈកម្មាធិការស៊ើបអង្កេត ក៏នឹងស្នើសេចក្ដីសម្រេចទៅគណៈកម្មការរៀបចំការបោះឆ្នោត ដើម្បីធ្វើការអនុម័តលើកចុងក្រោយ ។

ស្របពេលជាមួយគ្នានេះ អនុគណៈកម្មាធិការស៊ើបអង្កេតអាចនឹងអញ្ជើញលោក Pita មកបំភ្លឺជុំវិញការចោទប្រកាន់នេះផងដែរ មុនពេលពួកគេធ្វើការសេចក្ដីសម្រេច ដែលអាចផ្ទុយពីគណៈកម្មាធិការស៊ើបអង្កេត ដោយសារតែលោក Pita បានប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់ជាច្រើន បន្ទាប់ពីលោកបានបរាជ័យក្នុងការទទួលបានសំឡេងគាំទ្រភាគច្រើនពីសមាជិកសភា ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ ។

គួរបញ្ជាក់ថា ក្រៅពីរឿងក្ដីក្ដាំកាន់កាប់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ITV នេះដែរ លោក Pita ដែលបាត់បង់ឱកាសមាសក្នុងការក្លាយជានាយករដ្ឋមន្ត្រីថៃ ក៏កំពុងរងបណ្ដឹងពីតុលាការធម្មនុញ្ញពាក់ព័ន្ធទៅនឹងគោលបំណងធ្វើវិសោធនកម្មមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ឬច្បាប់ប្រមាថព្រះមហាក្សត្រ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម