ព័ត៌មានអន្ដរជាតិ
មុនផ្ទុះវិបត្តិនយោបាយថៃពេលនេះ តើផែថងថាន បានធ្វើអ្វីខ្លះក្នុងឆាកអន្តរជាតិ?
នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) ដែលជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រ បានចូលកាន់តំណែងកាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤ រហូតមកដល់ពេលនេះមានរយៈពេល ១០ខែ មុនឈានដល់មានបញ្ហានយោបាយផ្ទៃក្នុងរហូតដល់ប្រជាជននិងមន្រ្តីមួយចំនួនជំរុញឲ្យលោកស្រីលាលែងពីតំណែង។
តើរយៈ១០ខែតាំងពីចូលកាន់តំណែង នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែងថងថាន បានដឹកនាំនិងចូលរួមវេទិកាអន្តរជាតិសំខាន់ៗអ្វីខ្លះ? បើយោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃ និង សារព័ត៌មានអន្តរជាតិមួយចំនួន ខាងក្រោមនេះគឺជាវេទិការអន្តរជាតិធំៗនិងសំខាន់ៗដែលលោកស្រីបានចូលរួម។

កិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ីលើកទី៣ (ACD) (២-៤ តុលា ២០២៤)
នៅក្នុងកិច្ចប្រជុំកំពូល ACD លើកទី ៣ នៅទីក្រុង Doha ប្រទេសកាតា នាយករដ្ឋមន្ត្រីថៃ ផែថងថាន បានដឹកនាំដំណើរទស្សនកិច្ចបរទេសដ៏សំខាន់លើកដំបូងរបស់លោកស្រី ដោយអំពាវនាវឱ្យមានកិច្ចសហការផ្នែកបច្ចេកវិទ្យា សន្តិសុខស្បៀង និងភាពជាដៃគូកាន់តែរឹងមាំនៅអាស៊ី។ លោកស្រីបានសង្កត់ធ្ងន់ទៅលើគម្រោង Bio-Circular-Green (BCG) របស់ប្រទេសថៃសម្រាប់កំណើនប្រកបដោយនិរន្តរភាព។
កិច្ចប្រជុំកំពូលអាស៊ាន ( ៩-១១ តុលា ២០២៤)
លោកស្រីបានតំណាងឱ្យប្រទេសថៃនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង ៤៥ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដោយបានចូលរួមកិច្ចប្រជុំជាង ២០ រួមទាំងកិច្ចប្រជុំកំពូលជាមួយប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន ដែលលោកស្រីបានណែនាំ «ចក្ខុវិស័យ ABC» សម្រាប់បច្ចេកវិទ្យា ការអភិវឌ្ឍន៍ប្រកបដោយតុល្យភាព និងសេដ្ឋកិច្ចច្នៃប្រឌិត។
កិច្ចប្រជុំកំពូល ACMECS/GMS លើកទី ១០ (៦-៧ វិច្ឆិកា ២០២៤)
នៅក្នុងកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអៃយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គលើកទី១០ (ACMECS) និងកិច្ចប្រជុំកំពូលមេគង្គ(GMS) នៅទីក្រុង Kunming ប្រទេសចិន នាយករដ្ឋមន្ត្រីថៃរូបនេះ បានគាំទ្រហេដ្ឋារចនាសម្ព័ន្ធឆ្លងព្រំដែន ថាមពលបៃតង និងការគ្រប់គ្រងទឹក។ លោកស្រីបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើបញ្ហាអាកាសធាតុ និងស្ថិរភាពក្នុងតំបន់ ជាពិសេសទាក់ទងនឹងវិបត្តិមីយ៉ាន់ម៉ា។
កិច្ចប្រជុំ APEC Economic Leaders’ Week (១០-១៨ វិច្ឆិកា ២០២៤)
កិច្ចប្រជុំនេះធ្វើឡើងក្នុងទីក្រុង Lima ប្រទេសប៉េរូ លោកស្រី ថងថាន បានលើកកម្ពស់ថាមពលស្អាត កំណើនសេដ្ឋកិច្ចឌីជីថល និងការថែទាំសុខភាពជាសកល។ លោកស្រីបានជួបពិភាក្សាសំខាន់ៗជាមួយមេដឹកនាំមកពីសហរដ្ឋអាមេរិក ចិន និងប៉េរូ ហើយបានលើកឡើងពីគម្រោង Landbridge របស់ប្រទេសថៃផងដែរ។
កិច្ចប្រជុំកំពូល BIMSTEC ( ៤ មេសា ២០២៥)
នៅក្នុងកិច្ចប្រជុំកំពូល BIMSTEC នៅទីក្រុងបាងកក នាយករដ្ឋមន្ត្រី ថងថាន បានដឹកនាំកិច្ចពិភាក្សាកម្រិតខ្ពស់ស្តីពីការតភ្ជាប់ក្នុងតំបន់ ពាណិជ្ជកម្ម និងការទប់ទល់នឹងគ្រោះមហន្តរាយ។ លោកស្រីបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការឌីជីថល និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗ ដើម្បីជំរុញទំនាក់ទំនងក្នុងតំបន់។
ទស្សនកិច្ចផ្លូវការនៅកម្ពុជា (២៣-២៤ មេសា ២០២៥)
នៅទីក្រុងភ្នំពេញ លោកស្រី បានប្រារព្ធខួបលើកទី ៧៥ នៃទំនាក់ទំនងការទូត និងបានជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ប្រធានព្រឹទ្ធសភាសម្ដេចតេជោ ហ៊ុន សែន និងព្រះមហាក្សត្រ សម្ដេចបរមនាថ នរោត្តម សីហមុនី។ ដំណើរទស្សនកិច្ចនេះរួមមានការដាក់បង្ហាញនូវនិមិត្តសញ្ញារំលឹក និងការចុះហត្ថលេខាលើអនុស្សរណៈមួយចំនួនស្តីពីកិច្ចសហប្រតិបត្តិការផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការងារ និងបរិស្ថាន។
ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន និង Asian Winter Games ( ៥-៨ កុម្ភៈ ២០២៥)
លោកស្រី ផែថងថាន បានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើរថយន្ត EVs, បន្ទះឈីប និងមជ្ឈមណ្ឌលទិន្នន័យ។ លោកស្រីក៏បានចូលរួមព្រឹត្តិការណ៍ Asian Winter Games ឆ្នាំ ២០២៥ នៅទីក្រុង Harbin ផងដែរ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីបានប្រកាសដាក់ទណ្ឌកម្មលើតំបន់ព្រំដែនមីយ៉ាន់ម៉ា ដើម្បីប្រឆាំងនឹងការឆបោកឆ្លងដែន។
ទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី (១៩ ឧសភា ២០២៥)
ថៃធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីឥណ្ឌូនេស៊ី Prabowo Subianto នៅទីក្រុងបាងកក។ លោកស្រីបានដឹកនាំទស្សនកិច្ចនាយករដ្ឋមន្រ្តីឥណ្ឌូណេស៊ីតាមរយៈការតាំងពិពណ៌វប្បធម៌ និងម្ហូបថៃនៅវិមានរដ្ឋាភិបាល ដោយសង្កត់ធ្ងន់លើការប្រើប្រាស់ការទូតវប្បធម៌ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។
ក្រៅពីកិច្ចពីវេទិកានិងកិច្ចប្រជុំអន្តរជាតិផ្លូវការទាំងនេះ លោកស្រី ក៏បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីជាមួយថ្នាក់ដឹកនាំ និងរដ្ឋមន្ត្រីរបស់ប្រទេសមួយចំនួនទៀតផងដែរក្នុងរយៈពេលកាន់តំណែងមិនដល់មួយឆ្នាំនេះ៕




អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


