សុខភាព
មកដឹងវិធីសាស្ត្រមានប្រសិទ្ធភាព បើចង់ឱ្យខ្លួនឯង ឬញាតិមិត្តផ្ដាច់បារី ឬបារីអេឡិចត្រូនិច
ការប្រើប្រាស់បារី ឬបារីអេឡិចត្រូនិច បង្កផលប៉ះពាល់ដល់សុខភាព បណ្តាលឱ្យញៀន បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ បេះដូង និងសួត រហូតដល់បាត់បង់ជីវិត។ នៅពេលប្រើប្រាស់បារីអេឡិចត្រូនិច សារធាតុគីមី និងជាតិ នីកូទីនត្រូវបានស្រូបចូលទៅក្នុងរាង្គកាយហើយចូលទៅក្នុងខួរក្បាលរបស់អ្នកជក់។ បារីអេឡិចត្រូនិច ៩៩% មានផ្ទុក ជាតិនីកូទីន។

ទាក់ទងទៅនឹងការលះបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់ ឬបារីអេឡិចត្រូនិច លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា ការផ្តាច់បារីធម្មតា និងបារីអេឡិចត្រូនិក អាចធ្វើទៅបានដោយការបេ្តជ្ញាចិត្តរបស់បុគ្គល ព្រមទាំងការទទួលការប្រឹក្សា ប៉ុន្តែបុគ្គលដែលញៀនខ្លាំង គឺមានការលំបាកខ្លាំងក្នុងការផ្តាច់។ បារីអេឡិចត្រូនិកអាចមានសារធាតុញៀនលើសពីជាតិនីកូទីន ដែលធ្វើឱ្យការញៀនកាន់តែខ្លាំង ដូច្នេះអាចត្រូវការផ្តាច់ដូចការញៀនសារធាតុញៀនផ្សេងៗទៀត។ កន្លងមក ក្រសួងបានណែនាំអ្នកជក់បារីធម្មតាផ្តាច់បារីតាមរយៈជំហាន ៥ ។

វេជ្ជបណ្ឌិត ស៊ិន សុវណ្ណ អនុប្រធានមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព បានឱ្យដឹងថា អ្នកជក់បារីជាច្រើនលាននាក់បានលះបង់ទម្លាប់ជក់បារីជោគជ័យ ដោយផ្អែកលើការតាំងចិត្តរបស់ច្បាស់លាស់ និងផ្អែកលើវិធីសាស្ត្រលះបង់ឱ្យបានត្រឹមត្រូវ។ តាមការសិក្សាស្រាវជ្រាវបង្ហាញឃើញថា មានជំហ៊ានសំខាន់ៗ៥ ដែលជួយអ្នកជក់បារីអាចលះបង់ទម្លាប់ជក់បារីបានដោយជោគជ័យ៖

១. មានផែនការ៖ នៅពេលអ្នកសម្រេចចិត្តឈប់ជក់បារី ហើយកំណត់កាលបរិច្ឆេទ ចូររៀបចំផែនការ
២. ស្វែងរកការគាំទ្រពីក្រុមគ្រួសារ និងមិត្តភក្តិ
៣. ការដាក់ខ្លួនឱ្យនៅជាប់រវល់
៤. ជៀសវាងការប្រើប្រាស់ថ្នាំជក់ ក្នុងកំឡុងពេលលះបង់
៥. ផ្ដល់រង្វាន់ដល់ភាពជោគជ័យរបស់អ្នក
ឧបសគ្គដ៏ធំបំផុតក្នុងពេលលះបង់ទម្លាប់ជក់បារី គឺចំណង់ជក់បារីខ្លាំងដែលពិបាកទ្រាំ ដែលនឹងធ្វើឱ្យអ្នកផ្ដាច់ត្រឡប់ទៅជក់បារីឡើងវិញ។ លោកស្រីវេជ្ជបណ្ឌិត រ៉ាយ រ៉ានី ប្រធានផ្នែកថ្នាំជក ឬសុខភាព នៃមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព មានប្រសាសន៍ថា មធ្យោបាយទប់ទល់ចំណង់ចង់ជក់បារីខ្លាំងមាន ៥ ចំណុច៖

១. ប្រកាសខ្លួនឯង ខ្ញុំឈប់ជក់បារីហើយ សម្រេចចិត្តថាឈប់ គឺឈប់តែម្ដង៖ ការសិក្សាបង្ហាញថា អ្នកជក់បារីទាំងអស់ដែរសម្រេចចិត្តថាឈប់ជក់បារី គឺឈប់តែម្ដងបានជោគជ័យក្នុងការផ្ដាច់បារី។ សម្រាប់អ្នកញៀនខ្លាំង គឺមិនអាចផ្ដាច់បារីភ្លាមៗបាន គឺអាចកាត់បន្ថយចំនួនបារីរយៈពេល ៥ថ្ងៃ បន្ទាប់៥ថ្ងៃនេះ គឺត្រូវតែតាំងចិត្តមោះមុតលះបង់តែម្ដង។
២. ពន្យារពេល៖ ចំណង់ជក់បារីខ្លាំងមានរយៈពេលតែ៣ ឬ៥នាទី ប៉ុណ្ណោះ ប្រសិនជាអ្នកអាចគ្រប់គ្រងបាន វានឹងបាត់ទៅវិញ។
៣. ដកដង្ហើមវែងៗ ២ ទៅ ៣ដង អ្នកនឹងអាចធូរស្បើយ

៤. ផឹកទឹក ក្រេបទឹកតិចៗ ១ទៅ ២កែវ អាចបំបែកចំណង់ចង់ជក់បារីបាន
៥. ធ្វើអ្វីផ្សេងៗមកបន្លប់កុំឱ្យគិតបារី ដូចជាលេងកីឡា ងូតទឹក ។ល។
សម្រាប់ព័ត៌មានបន្ថែមអំពីការលះបង់ទម្លាប់ប្រើប្រាស់ថ្នាំជក់ សូមទាក់ទងទៅមណ្ឌលសុខភាព ដែលនៅជិតអ្នកបំផុត ឬទាក់ទងទូរសព្ទលេខ ០១៧ ៧៩២ ៤០៧។

គួរបញ្ជាក់ថា ការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោម កុមារ និងមនុស្សវ័យជំទង់ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍខួរក្បាល ដែលនាំឱ្យកើតមានផលវិបាករយៈពេលវែងសម្រាប់ការអភិវឌ្ឍខួរក្បាល និងអាចនាំឱ្យប៉ះពាល់ដល់ ការចងចាំ ការសិក្សា និងបង្កជំងឺការថប់អារម្មណ៍។ ការស្រូបចំហាយបារីអេឡិចត្រូនិច ដោយប្រយោលពីគេ ក៏ទទួលនូវគ្រោះថ្នាក់ផងដែរ ដោយសារនៅក្នុងចំហាយបារីអេឡិចត្រូនិចមានផ្ទុកនូវជាតិនីកូទីន និង សារធាតុផ្តល់គ្រោះថ្នាក់ជាច្រើន។ ការប្រើប្រាស់បារីអេឡិចត្រូនិចធ្វើឱ្យស្ត្រីដែលមានផ្ទៃពោះមានបញ្ហាដល់ការលូតលាស់ របស់ទារក ព្រមទាំងបំផ្លាញការអភិវឌ្ឍសមត្ថភាពខួរក្បាលរបស់ទារកផងដែរ៕
អត្ថបទ៖ សារ៉ន សិលា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


