ព័ត៌មានជាតិ
ក្រសួងអប់រំណែនាំដល់គ្រប់គ្រឹះស្ថានអប់រំទាំងអស់ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយពីផលប៉ះពាល់នៃបារីអេឡិចត្រូនិច
ជាថ្មីម្ដងទៀត ក្រសួងអប់រំយុវជន និងកីឡា តាមរយៈសេចក្ដីជូនដំណឹង ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានណែនាំឲ្យគ្រប់គ្រឹះស្ថានអប់រំទាំងអស់ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយនៃផលប៉ះពាល់ពីបារីអេឡិចត្រូវនិច ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម និងការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ។

តាមរយៈសេក្ដីណែនាំ ក្រសួងអប់រំយុវជន និងកីឡា បានណែនាំដល់ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នាយកគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិត នាយកគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន អ្នកគ្រប់គ្រងអន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ ទីកន្លែងហាត់ប្រាណ ទីកន្លែងលេងកីឡា ទីកន្លែងហ្វឹកហាត់កីឡា និងទីកន្លែងប្រកួតកីឡា ត្រូវរៀបចំ និងអនុវត្តកម្មវិធីអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមគ្រប់រូបភាព អំពីផលប៉ះពាល់នៃការប្រើប្រាស់ បារីអេឡិចត្រូនិក និងផលិតផល អេចន៍ ធី ភី ដល់បុគ្គលិកអប់រំ អ្នកសិក្សា អ្នកលេងកីឡា និងសាធារណជន។

ត្រូវហាមឃាត់ការប្រើប្រាស់ ការចែកចាយ ការជួញដូរ និងការផ្សាយពាណិជ្ជកម្មគ្រប់រូបភាព នៃបារីអេឡិចត្រូនិក និងផលិតផល អេចន៍ ធី ភី ទាំងនៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ ទីកន្លែងបំពេញការងារ ទីកន្លែងហាត់ប្រាណ ទីកន្លែងលេងកីឡា ទីកន្លែងហ្វឹកហាត់កីឡា និងទីកន្លែងប្រកួតកីឡា។
ត្រូវសហការជាមួយមាតាបិតា ឬអ្នកអាណាព្យាបាល បុគ្គលិកអប់រំ អ្នកសិក្សា និងអ្នកពាក់ព័ន្ធទាំងអស់ដើម្បីកំណត់មុខសញ្ញា និងទីតាំងចែកចាយ ឬជួញដូរ បារីអេឡិចត្រូនិក និងផលិតផល អេចន៍ ធី ភី ហើយរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីទប់ស្កាត់បានទាន់ពេលវេលា និងអនុវត្តវិធានការ តាមច្បាប់ជាធរមាន។

គួររំលឹកថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញបទបញ្ជា លេខ០២ បប ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិច និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងគោលបំណងទប់ស្កាត់ បង្ការ និងដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា ព្រមទាំងរក្សាសណ្តាប់ធ្នាប់សង្គម និងការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ។
ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ ក៏បានក្រើនរំលឹកដល់សាធារណជន ជាពិសេសយុវវ័យ ក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក (E-cigarettes) ដែលបង្កគ្រោះថ្នាក់មកលើសុខភាពធ្ងន់ធ្ងរ។
បើតាមក្រសួងសុខាភិបាល បារីអេឡិចត្រូនិក មានសារធាតុនីកូទីន និងសារធាតុគ្រោះថ្នាក់ជាច្រើនទៀតដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។ បារីអេឡិចត្រូនិក ឬវេប គឺជាឧបករណ៍ដែលប្រើប្រាស់ថាមពលថ្ម បង្កើតជាកម្ដៅដុតអង្គធាតុរាវ ដើម្បីបង្កើតជាចំហាយសម្រាប់ជក់ ឬបឺត ដែលចំហាយចេញពីបារី អេឡិចត្រូនិក មានសារធាតុដែលមានគ្រោះថ្នាក់ ដូចជា៖
នីកូទីន (Nicotine)
ភាគល្អិតតូចៗដែលអាចស្រូបចូលជ្រៅទៅក្នុងសួត
សារធាតុគីមីដែលមានក្លិនដូចជា Diacetyl ដែលអាចបណ្តាលឱ្យមានជំងឺសួតធ្ងន់ធ្ងរ
បង់សែន (Benzene) ជាសារធាតុសរីរាង្គ មានក្នុងផ្សែងរថយន្ត
សារធាតុគីមី ដែលអាចបណ្តាលឱ្យកើតជំងឺមហារីកដូចជា Acetaldehyde និង Formaldehyde
ក្រុមលោហៈធ្ងន់ដូចជា នីកែល សំណប៉ាហាំង និងសំណ។
ក្រសួងសុខាភិបាល បន្ថែមថា បារីអេឡិចត្រូនិកបង្កផលប៉ះពាល់លើសុខភាពដោយសារនីកូទីន ជាសារធាតុដែលបណ្តាលឱ្យ ញៀនខ្លាំង បង្កគ្រោះថ្នាក់ចំពោះស្ត្រីមានផ្ទៃពោះ និងការលូតលាស់ទារកក្នុងផ្ទៃ ប៉ះពាល់ដល់ការលូតលាស់ខួរក្បាលចំពោះយុវវ័យ និងមុខងារនៃការត្រួតពិនិត្យរបស់ខួរក្បាល ដែលនាំឱ្យមានការថយចុះនៃការផ្ចង់អារម្មណ៍ ការរៀនសូត្រ និងការគ្រប់គ្រងកំហឹង ព្រមទាំងប្រឈមនឹងការញៀននឹងសារធាតុញៀនផ្សេងទៀត។ យ៉ាងណាមិញ នីកូទីនក៏ដូចសារធាតុញៀនដទៃទៀតបណ្តាលឱ្យមានការប្រែប្រួលផ្លូវចិត្ត (Mood)។ ការប្រើប្រាស់នីកូទីនអាចបណ្តាលឱ្យសំដែងចេញជាភាពមួរម៉ៅ រសាប់រសល់ ថប់បារម្ភ ឬអស់សង្ឃឹម វិបត្តិនៃការគេង ពិបាកផ្ចង់អារម្មណ៍ និងសន្ទុះចិត្តចង់ប្រើនីកូទីន៕


-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


