KPT+
ប្រើពេលសម្រាកចុងសប្តាហ៍តែ ២ថ្ងៃ ធ្វើម៉េចអាចដើរលេងបានច្រើនកន្លែង នៅកោះកុង?
ខេត្តកោះកុង ត្រូវបានគេស្គាល់ថា តារារះនាទិសនិរតី ជាតំបន់កទេសចរណ៍ប្រជុំកោះ ទឹកធ្លាក់ និងរមណីយដ្ឋានបែប កែច្នៃជាច្រើន។ ថ្វីបើត្រូវធ្វើដំណើររៀងវែងឆ្ងាយបន្តិច ដោយសារតែស្ថានភាពផ្លូវទៅខេត្តទេសចរណ៍មួយនេះ ជាផ្លូវឡើងចុះភ្នំខ្ពស់ តែទឹកដីនៃខេត្តមួយនេះ តែងផ្តល់ការកម្សាន្តសម្បូរបែបដល់ទេសចរ មិនឱ្យជិនណាយ មានទាំងដំណើរកម្សាន្តដោយការជិះទូកស្ទូចសត្វសមុទ្រ តំបន់ទឹកធ្លាក់ធម្មជាតិ សមុទ្រ កោះ និងការស្នាក់លក្ខណៈឯកជន ក៏ដូចជា បោះតង់ ឬតាមចំណូលចិត្តជាដើម។ ហេតុនេះ គួររៀបចំដំណើរកម្សាន្តបែបណា ដើម្បីអាចប្រើពេលសម្រាកចុងសប្តាហ៍តែ ២ថ្ងៃ ហើយដើរលេងបានច្រើនកន្លែង?

ដូចនេះ កម្ពុជាថ្មីសូមណែនាំពីរបៀបដើរលេងសន្សំពេល និងបានច្រើនកន្លែង តាមគម្រោងខាងក្រោមនេះ៖
រៀបចំការធ្វើដំណើរ
ការធ្វើដំណើរទៅកាន់ខេត្តកោះកុង គឺត្រូវប្រើពេលដល់ទៅជាង ៥ម៉ោង ដូចនេះបើសិនជាយើងចេញដំណើរពីភ្នំពេញ នៅវេលាម៉ោង ៥ទៀបភ្លឺ បូករួមនឹងប្រើពេលសម្រាកទទួលទានអាហារពេលព្រឹក និងចូលទីតាំងសក្ការៈលោកយាយម៉ៅ (ពេជ្រនិល) ផងនោះ យើងនឹងទៅដល់ផ្លូវបំបែក មួយឆ្ពោះទៅខេត្តព្រះសីហនុ និងមួយខ្សែទៀតឆ្ពោះទៅ ខេត្តកោះកុង
នៅចន្លោះម៉ោងប្រហែលជា ៩:០០នាទី-៩:៣០នាទី ។ គួរបញ្ជាក់ដែរថា បច្ចុប្បន្នស្ថានភាពផ្លូវជិត៨គីឡូម៉ែត្រនេះ ជាផ្លូវគ្រួសក្រហម ដោយតែកំពុងស្ថាបនា។
មកដល់ទីនេះ គឺកៀកនឹងម៉ោងទទួលទានអាហារថ្ងៃត្រង់ល្មម ដូចនេះលោកអ្នកអាចបន្តដំណើរប្រមាណ ២៧គីឡូម៉ែត្រ ទៀត ទៅសហគមន៍ឆ្នេរនេសាទ ដើម្បីបានទាំងទទួលទានអាហារថ្ងៃត្រង់ផង និងសម្រាកលំហែកាយផង។

១. តំបន់សហគមន៍ឆ្នេរនេសាទ
ក្នុងតំបន់ឆ្នេរនេសាទ អាចទៅលេងឯណាបានខ្លះ?
ក្នុងដំណើរឆ្ពោះទៅកាន់សហគមន៍ឆ្នេរនេសាទ ជាមួយផ្លូវក្រាលគ្រួសក្រហមប្រហែល ២០គីឡូម៉ែត្រមួយខ្សែនេះ មិនមែនមានតែទីតាំងគោលដៅទេសចរណ៍ ១កន្លែងនោះទេ ក្រៅពីការកម្សាន្តដែលរៀបចំដោយសហគមន៍ ក៏នៅមានកន្លែង ឯកជនដទៃផ្សេងទៀត ដូចជាសហគមន៍ឆ្នេរជ្រោយស្វាយ រមណីយដ្ឋានឆ្នេរសុភមង្គល រីស៊តឆ្នេរកោងកាងជាដើម ដែលនៅតាមបណ្តោយផ្លូវនេះផងដែរ។ គ្រាន់តែចូលតំបន់នេះ អាចទស្សនារមណីយដ្ឋានដល់ទៅ ៣-៤កន្លែងទៅហើយ។



ការកម្សាន្តនៅទីនេះ គឺមិនអាចប្រើពេល ១-២ម៉ោង ដើម្បីរីករាយនិងគយគន់ឱ្យអស់សព្វកន្លែងបានក៏ពិតមែន ប៉ុន្តែបើគ្រាន់តែថតរូបលេងកម្សាន្ត និងសម្រាកទទួលទាន គឺអាចសមល្មម។ ដើម្បីចំណេញពេលបានដើរលេងកន្លែងផ្សេងទៀត គួរតែចំណាយពេលនៅទីនេះត្រឹមតែ ២-៣ម៉ោង បានហើយ រួចបន្តដំណើរទៀត។

បើយើងចេញពីឆ្នេរនេសាទនៅម៉ោងប្រហែលជា ១២ថ្ងៃត្រង់ យើងនឹងឆ្លងកាត់រមណីយដ្ឋាន ៣តំបន់ នៅតាមបណ្តោយ ផ្លូវឆ្ពោះទៅក្រុង ប៉ុន្តែសម្រាប់ពេលវេលាដ៏ខ្លីនេះ យើងអាចជ្រើសយក ១ក្នុងចំណោមកន្លែងកម្សាន្តដទៃផ្សេងទៀត រួមមានតំបន់អេកូទេសចរណ៍ជីផាត តំបន់កម្សាន្តប្រជុំកោះ (កោះស្តេច កោះស្មាច់ កោះខ្មោច ជាដើម-ល-) និងទឹកធ្លាក់តាតៃ។ ដូច្នេះជម្រើសល្អបំផុតនៅពេលនេះ គឺការកម្សាន្តទឹធ្លាក់តាតៃ ព្រោះទីតាំងទឹកធ្លាក់នេះ នៅមិនឆ្ងាយប៉ុន្មានពីផ្លូវជាតិ និងចម្ងាយតែ ២៧គីឡូម៉ែត្រប៉ុនណោះ ពីក្រុងខេមរភូមិន្ទ។
២. រមណីយដ្ឋានទឹកធ្លាក់តាតៃ
ការធ្វើដំណើរមកកាន់តំបន់ទឹកធ្លាក់នេះ គឺប្រើពេលប្រហែលជាជិត ៣ម៉ោងដោយរថយន្ត ចម្ងាយប្រមាណ ១៤២គីឡូម៉ែត្រ យើងនឹងដល់ទីតាំងចំណុចស្ពានតាតៃ ហើយដើម្បីបានទៅកម្សាន្តទឹកធ្លាក់ គឺត្រូវបន្តដំណើរដោយទូក ដែលយើងនឹងឃើញមានទីតាំងចំណតទូកនៅក្រោមស្ពានតែម្តង។ ចំពោះការជួលទូក១គ្រឿង គឺមានតម្លៃ ១២ម៉ឺនរៀល សម្រាប់គោលដៅទស្សនារីសតនិងទឹកធ្លាក់ ប៉ុន្តែលោកអ្នកក៏អាចជ្រើសរើសគោលដៅតែមួយ ឆ្ពោះទៅទឹកធ្លាក់តែម្តងក៏បាន ដោយចំណាយតែ ៨ម៉ឺនរៀល និងប្រើពេលប្រហែល ១០-១៥នាទី។

ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃធម្មជាតិនៅហែរហមដំណើរ យើងក៏អាចទស្សនារីស៊តប៉ុន្មានកន្លែងទើបនឹងបង្កើត ថ្មី តាមបណ្តាយផ្លូវទឹកខៀវស្រងាត់នេះ មុននឹងទៅដល់គោលដៅ។ អ្វីដែលពិសេស តំបន់ទឹកធ្លាក់នេះ គឺជាទឹកធ្លាក់ដែល ហូរចុះចូលទៅក្នុងសមុទ្រ (ពាក់កណ្តាលទឹកសាប ពាក់កណ្តាលទឹកប្រៃ)។


កម្សាន្តនៅទីនេះរួចហើយ យើងត្រូវបន្តដំណើរ ២៧គីឡូម៉ែត្រទៀត ទៅក្រុង។ គួរបញ្ជាក់ថា សម្រាប់ដំណើរបន្តនេះ លោកអ្នកគួរតែលៃលកពេលឱ្យសមល្មមយ៉ាងណា កុំឱ្យថ្ងៃលិចទាន់ ព្រោះថាស្ថានភាពផ្លូវនេះ មិនមានភ្លើងបំភ្លឺនៅពេលយប់ឡើយ ជាហេតុធ្វើឱ្យពិបាកមើលផ្លូវបន្តិច។
៣. ច្រកចាំយាម
មកដល់ក្រុង យើងអាចរកការស្នាក់នៅណា ដែលមានកន្លែងអាចកម្សាន្តអារម្មណ៍នាពេលរាត្រី ដូចជាជាប់ឆ្នេរ ឬជាប់នឹងព្រែក។ ឯសម្រាប់ការទទួលទានអាហារពេលល្ងាច លោកអ្នកអាចទទួលទានអាហារនៅច្រកចាំយាម ព្រោះកន្លែងនេះនៅជាប់ឆ្នេរ មានបរិយាកាសល្អ រួមជាមួយនឹងជម្រើសភោជនីយដ្ឋានជាច្រើន ដោយគ្រាន់តែឆ្លងស្ពានពីក្រុងទៅកាន់ផ្លូវច្រកព្រំដែន ប្រហែល១០គីឡូម៉ែត្រ។

ដំណើរកម្សាន្តថ្ងៃបន្ទាប់
បើសិនកន្លែងស្នាក់នៅដែលយើងជ្រើន ជាតំបន់មាត់ឆ្នេរ ហើយអាចគយគន់ថ្ងៃរះបាននោះ ចាត់ទុកថា ជាវេលាដ៏វិសេស វិសាលមួយសម្រាប់ដំណើរកម្សាន្តចុងសប្តាហ៍នេះមួយទៀត។ បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹក គប្បីកុំរំលងទីតាំងចេតិយឃុនឆាងឱ្យសោះ មានទីតាំងនៅក្បែរស្ពានរង្វង់មូលក្រុងខេមរភូមិន្ទតែម្តង។


៤. ឆ្នេរប៉ាក់ខ្លង
ដោយសារតែទីតាំងឆ្នេរនេះ ស្ថិតនៅផ្លូវត្រើយម្ខាងជាមួយចេតិយឃុនឆាងស្រាប់ លោកអ្នកគួរតែទៅកម្សាន្តនៅឆ្នេរប៉ាក់ខ្លងបន្តិច ដែលមានចម្ងាយតែប្រមាណ ៧-៨គីឡូម៉ែត្រ ពីចេតិយ។

៥. ព្រៃកោងកាង
តំបន់ព្រៃកោងកាងដ៏ល្បីមួយនេះ ជារមណីយដ្ឋានធម្មជាតិ ដែលតែងមានទេសចរមកកម្សាន្តមិនដែលដាច់ ដោយសារតែ ឈើកោងកាងដែលដុះឈរជ្រោងច្រាង ចាំងឆ្លុះពីផ្ទៃទឹក បានផ្តល់នូវរូបភាពល្អត្រជាក់ភ្នែក រួមនឹងខ្យល់អាកាស ដែលបក់ផាយផាត់ធ្វើឱ្យត្រជាក់កាយទៀតនោះ លោកអ្នកអាចទស្សនាកម្សាន្តសម្រស់ល្អឯកនេះ ដោយមានស្ពានឈើ ធ្វើជាអ្នកជូនដំណើរ។

រយៈពេល ២ថ្ងៃ ១យប់ នៃដំណើរកម្សាន្តចុះសប្តាហ៍នេះ គួរតែបញ្ចប់ត្រឹមនេះ ឬបន្តដំណើរទៅកន្លែងផ្សេងទៀតក្បែរៗ នោះ តាមចំណង់ចំណូលចិត្ត។ បន្ទាប់ពីនោះ លោកអ្នកអាចចេញដំណើរត្រឡប់មកភ្នំពេញវិញ ក្រោយទទួលទានអាហារ ថ្ងៃត្រង់រួច៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


