ព័ត៌មានជាតិ
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ៖ សម្ដេច ហ៊ុន សែន ថា ជាផលពីយុទ្ធសាស្រ្ត «ស្ងាត់តែមិនស្ងៀម»
កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី២៦ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ជាសមិទ្ធផលពីយុទ្ធសាស្ត្ររបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត «ស្ងាត់តែមិនស្ងៀម»។

ពីទីក្រុងគូឡាឡាំពួ កម្ពុជា និងថៃ បានចុះហត្ថលេខាជាផ្លូវការហើយដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរលើកិច្ចព្រមព្រៀងសន្តិភាពក្នុងដំណោះស្រាយបញ្ហាជម្លោះព្រំដែន ដោយពិធីចុះហត្ថលេខានេះបានធ្វើឡើងចំពោះមុខប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ានប្ដូរវេន ចូលរួមជាសាក្សី។

តាមសំណេរលើបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះថា៖ «នេះជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀម របស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃក្រោមការជួយរៀបចំរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ»។
សម្ដេចតេជោ បន្ថែមថា «ការរក្សាឱ្យបាននូវសន្តិភាពទាំងនៅផ្ទៃក្នុងប្រទេស ទាំងជាមួយប្រទេសជិតខាង គឺជាអាទិភាពកំពូលរបស់យើង»។

គួរឱ្យដឹងថា ថ្លែងចេញពីពិធីសម្ពោធជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីព្រឹកថ្ងៃទី២០ ខែតុលា កន្លងទៅ ឆ្លើយតបនឹងមតិលើកឡើងថា រដ្ឋាភិបាលហាក់សម្ងំស្ងាត់ ក្នុងពេលដែលភាគីថៃបន្តឈ្លានពានមកលើអធិបតេយ្យជាតិនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា រាជរដ្ឋាភិបាលស្ងាត់ តែមិននៅស្ងៀមទេ ដោយសម្ដេចក៏បានបង្ហាញពីអភិក្រមអភិក្រមមួយចំនួនរបស់រដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺការព្យាយាមដោះស្រាយបញ្ហាគ្រប់មធ្យោបាយ ទប់កុំឱ្យរីករាករាលតំបន់ជម្លោះ ត្រូវកាត់បន្ថយហានិភ័យនៅទីតាំងដែលមានជម្លោះ និងការស្ដារសភាពការណ៍ឡើងវិញ។

សម្ដេចធិបតី លើកឡើងពីភាពអត់ធ្មត់របស់កម្ពុជា ហើយនៅតែបញ្ជាក់ពីជំហរកម្ពុជា ដែលប្រកាន់យកគោលការណ៍ដោះស្រាយបញ្ហាដោយសន្តិវិធី ប្រើយន្ដការច្បាប់ យន្ដការអន្ដរជាតិ ដើម្បីជួយដោះស្រាយបញ្ហាព្រំដែននេះ។ ត្រង់ចំណុចនេះ សម្ដេច ប្រាប់ពលរដ្ឋត្រូវជឿជាក់លើច្បាប់អន្ដរជាតិ ហើយកុំឱ្យពលរដ្ឋបញ្ឆេះសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាម គឺមិនចំណេញឡើយ។
យុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមនេះហើយ ដែលនាំនូវសមិទ្ធផលពេលនេះបានកើតឡើង គឺកិច្ចព្រមព្រៀងសន្តិភាពរួមរវាងប្រទសទាំងពីរ ក្រោមការជួយជ្រោមជ្រែងពីសំណាក់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្ដូរវេន៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


