ព័ត៌មានជាតិ
ខេត្តកំពង់ចាមប្រារព្ធពិធី ”បួងសួងសុំសុខសន្តិភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជា”
រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនឹងព្រះមន្ត្រីសង្ឃទូទាំងខេត្ត មន្ត្រីរាជការ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋខ្មែរ បាននិមន្ត និងអញ្ជើញជួបជុំគ្នានៅវត្តខេមវ័នបឹងស្នាយ សង្កាត់សំបួរមាស ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដើម្បីរៀបចំ «ពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា» ក្រោមស្មារតីនៃការយល់ដឹងរួមគ្នាថា សង្គ្រាម និងអំពើហិង្សា មិនមែនជាជម្រើសក្នុងការធានាបាននូវការរស់នៅប្រកបដោយ ភាពសុខដុមរមនា ក្នុងសង្គមឡើយ តែវាជាការខាតបង់ និងជាវិនាសកម្មមនុស្សជាតិរបស់ពិភពលោកជារួម។

ពិធីនេះ ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីរួមគ្នាបួងសួងសុំឱ្យសេចក្តីសុខ សន្តិភាព និងស្ថិរភាព កើតមានឡើងវិញ លើទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងប្រឈម នឹងសង្គ្រាមជាមួយនឹងយោធាថៃ និងដើម្បីជំរុញស្មារតីប្រជាពលរដ្ឋ ក្នុងការទាមទារសន្តិភាព ដោយសន្តិវិធី និងធម៌អហិង្សា។

ការនិមន្ត និងអញ្ជើញចូលរួមបួងសួងសុំសុខសន្តិភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងទឹកដីនៃខេត្តកំពង់ចាមនេះ គឺបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព ការរួបរួម និងការឯកភាពរបស់ប្រជាជនខ្មែរ ក្នុងការគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាល និងវីរកងទ័ព វីរនគរបាល ការពារមាតុភូមិកម្ពុជា ដែលឈរលើឆន្ទៈរួមក្នុងការបដិសេធសង្គ្រាម មិនគាំទ្រអំពើហិង្សា និងការស្តារឡើងវិញនូវជំនឿទុកចិត្តរវាងប្រជាជនប្រទេសទាំងពីរ តាមគោលការណ៍អហិង្សា មនុស្សធម៌ និងសកលភាពសាសនា។

ក្នុងពិធីសាសនា នាឱកាសនេះ ក៏មានកិច្ចសមាធិដើម្បីបង្ហាញពីសន្តិភាពផ្លូវចិត្ត និងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរកងទ័ពខ្មែរ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដី និងអធិបតេយ្យភាពជាតិ ដែលនេះជាការបង្ហាញពីក្តីគោរព និងការចងចាំមិនរលត់ចំពោះវីរភាព រួមទាំងការលះបង់ដ៏ធំធេងបំផុតសម្រាប់ជាតិ មាតុភូមិ។

ក្រៅពីកិច្ចសាសនា ការបួងសួងសុំសេចក្តីសុខសន្តិភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជា របស់មហាជនខ្មែរ ត្រូវបានមើលឃើញថា ជាសារនយោបាយ និងមនុស្សធម៌ ដ៏ច្បាស់លាស់ របស់កម្ពុជា ទៅកាន់សហគមន៍អន្តរជាតិ ថា កម្ពុជាចង់បានសន្តិភាព កម្ពុជាត្រូវការសន្តិភាព ហើយកម្ពុជាពិតជាមានចេតនាស្មោះត្រង់ក្នុងការបញ្ចប់សង្គ្រាមឱ្យបានឆាប់រហ័ស តាមមធ្យោបាយសន្តិវិធី ដោយផ្អែកលើកិច្ចសន្ទនា ការទូត និងច្បាប់អន្តរជាតិ និងស្មារតីមនុស្សធម៌ ដើម្បីការពារជីវិតប្រជាជន រក្សាស្ថិរភាពសង្គម និងធានាអនាគតជាតិ ប្រកបដោយភាពសុខសាន្ត ដែលជាមូលដ្ឋាន នៃការអភិវឌ្ឍយូរអង្វែង។

សូមជម្រាបថា ខណៈពេលដែលមហាជនខ្មែរ បានមកជួបជុំគ្នាទូទាំងព្រះរាជាណាចក្រកម្ពុជា និងនៅវិមាន ឈ្នះ-ឈ្នះ ក្នុងនោះ ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទនៅតាមបណ្ដារាជធានី-ខេត្តផ្សេងទៀត ក៏ដូចជាក្នុងវត្តខេមវ័នបឹងស្នាយនេះ បាននិមន្ត អញ្ជើញជួបជុំ ដើម្បីរួមគ្នាបង្ហាញឆន្ទៈសង្គមច្បាស់លាស់ ក្នុងការបដិសេធសង្គ្រាម និងគាំទ្រដំណោះស្រាយសន្តិវិធី ឈានឆ្ពោះទៅរកសន្តិភាពមួយពិតប្រាកដសម្រាប់កម្ពុជា៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


