Connect with us

ព័ត៌មានជាតិ

បណ្ឌិត ឈត ប៊ុនថង៖ ការរួបរួមសាមគ្គីភាពជាធ្លុងមួយ គឺជាមូលដ្ឋានសំខាន់បំផុតដើម្បីអាចយកឈ្នះសត្រូវ

បានផុស

នៅ

បណ្ឌិត ឈត ប៊ុនថង អ្នកតាមដានកិច្ចការងាសង្គម លើកឡើងថា ក្នុងស្ថានភាពនេះ ការួបរួមគ្នា សាមគ្គីភាពជាធ្លុងមួយ ការជួយគ្នាក្នុងគ្រាលំបាក គឺជាមូលដ្ឋានសំខាន់បំផុតក្នុងការឈ្នះសត្រូវឈ្លានពាន ពោល គឺ សំខាន់ជាងអាវុធធុនធ្ងន់ផ្សេងៗទៅទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ឈត ប៊ុនថង បានប្រាប់ “កម្ពុជាថ្មី” ថា៖ “ប្រសិនបើយើងមិនសាមគ្គីភាពគ្នា ទោះបីយើងមានអាវុធ មានយន្តហោះចម្បាំង មានដ្រូន មានមីស៊ីលប៉ុណ្ណា ក៏យើងមិនអាចយកជោគជ័យលើសត្រូវបានដែរ”

គួរឱ្យដឹងថា ថៃបានឈ្លានពាន រំលោភលើដែនអធិបតេយ្យភាពកម្ពុជា ម្តងហើយម្តងទៀត មានទាំង អាវុធធុនធ្ងន់ ការបាញ់ផ្សែងពុល ព្រមទាំងបានបំផ្លិចបំផ្លាញដល់ប្រាសាទបុរាណ ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះប្រជាពលរដ្ឋ ជាពិសេស ថៃបានប្រើអាវុធបាញ់លើជនស៊ីវិល នាំឱ្យប្រជាជនកម្ពុជាស្លូតត្រង់ជាច្រើននាក់ រងរបួស និងបាត់បង់ជីវិត ពីការឈ្លានពានដ៏សាហាវយង់ឃ្នងរបស់ថៃ។ បន្ថែមពីនេះ ក្រៅពី ការវាយប្រហារប្រដាប់ដោយអាវុធ ថៃ ក៏បានប្រើចិត្តសាស្ត្រផ្សេងៗ ដូចជាការបង្កើតរូបភាពក្លែងក្លាយ ព័ត៌មានក្លែងក្លាយ មកបំបាក់ស្មារតីរបស់ប្រជាជនកម្ពុជាផងដែរ។

ត្រង់ចំណុចនេះ អ្នកតាមដានកិច្ចការងារសង្គម បណ្ឌិត ឈត ប៊ុនថង ថា ថៃបានបង្កើតរូបភាពក្លែងក្លាយ ព័ត៌មានបំភ្លៃ វាយប្រហារមកសង្គមខ្មែរ កងទ័ព អាជ្ញាធរ ថ្នាក់នាំកម្ពុជា គឺដើម្បីបំបែកបំបាក់ផ្ទៃក្នុង និងធ្វើឱ្យកម្ពុជាបែកបាក់សាមគ្គី លែងទុកចិត្តគ្នា។ ហេតុនេះ លោកបណ្ឌិតសំណូមពរឱ្យពលរដ្ឋខ្មែរ កុំចាញ់កលល្បិចរបស់សត្រូវឱ្យសោះ។ លោកបន្ថែមថា ក្នុងស្ថានភាពនេះ គួរតែរួមគ្នាដោះស្រាយបញ្ហា កម្ពុជា-ថៃ ឱ្យបានសព្វគ្រប់។ អ្នកនយោបាយ ប្រជាពលរដ្ឋ អាជ្ញាធរ កងទ័ព និងថ្នាក់ដឹកនាំ រួបរួមគ្នា ធ្វើយ៉ាងណាដើម្បីឱ្យបានជាកម្លាំងសរុប កម្លាំងសាមគ្គីភាព ប្រឆាំងជាមួយសត្រូវ។

អ្នកជំនាញ បញ្ជាក់ថាទៀត តាមរយៈការឈ្លានពានរបស់ថៃលើកម្ពុជា ២លើក ប្រដាប់ដោយអាវុធធុនធ្ងន់ ឃើញថា កម្ពុជានៅតែអាចឈរជើងបាន គឺមកពីទឹកចិត្តអង់អាចក្លាហានការពារទឹកដីរបស់កងទ័ពជួរមុខ និងកម្លាំងសាមគ្គី ទាំងជួរមុខ ជួរក្រោយ និងការសាមគ្គីរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ។ បើកម្ពុជាមិនមានកម្លាំងសាមគ្គីរឹងមាំទេ គឺកម្ពុជាបរាជ័យបាត់ទៅហើយ។ លោកបណ្ឌិត និយាយថា៖ “កម្លាំងសាមគ្គីនេះ គឺជាកម្លាំងស្នូល បើយើងមានសាមគ្គី យើងអាចធ្វើអ្វីក៏បានដែរ ដូចខ្មែរយើងថា សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់។ សាមគ្គីជាគ្រឹះ ជាខឿនមួយដ៏សំខាន់ ក្នុងការទ្រទ្រង់ជាតិ ការពារជាតិ អភិវឌ្ឍន៍ជាតិ និងភាពសុខដុមរមនានៃប្រជាជាតិខ្មែរទាំងមូល”

សម្រាប់ទស្សនៈរបស់ លោកបណ្ឌិត មុននឹងវាយតម្លៃ ឬមុននឹងសម្រេចចិត្តធ្វើអ្វីមួយ ត្រូវយកផលប្រយោជន៍ជាតិ អធិបតេយ្យជាតិ អាយុជីវិតជាតិ សំខាន់ជាងអ្វីៗទាំងអស់។ ជាមួយគ្នានេះ ត្រូវវាយតម្លៃដោយផ្អែកលើតថភាព សច្ចភាព ជាជាងយកអារម្មណ៍ ឬកំហឹងទៅវាយតម្លៃកងទ័ពឬសមត្ថភាពនៃការដឹកនាំប្រទេស ព្រោះថា កម្ពុជា មានប្រជាជនតិច និងអាវុធតិចជាងថៃ ប៉ុន្តែកម្ពុជាទប់ទល់បាន និងទទួលបានសមទ្ធផលបានប៉ុណ្ណេះ គឺជារឿងមួយដែលអស្ចារ្យខ្លាំងណាស់។ ត្រង់ចំណុចនេះ លោកថា យើងគួរមានមោទនភាពចំពោះជាតិខ្លួន ប៉ុន្តែ ក៏មិនត្រូវមានភាពជ្រុលនិយម កុំភ្លេចខ្លួន កុំអួតអាង ពោល គឺត្រូវបន្តរួបរួមគ្នា និងបន្តប្រយ័ត្នប្រយែង បន្តការពារខ្លួន និងស្វែងរកដំណោះស្រាយបន្ថែមទៀត ដើម្បីឱ្យជម្លោះនេះ អាចចប់ជាស្ថាពរ និងមានសន្តិភាពយូរអង្វែង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម