ព័ត៌មានជាតិ
អ្នកនាំពាក្យស្ដីទី៖កម្ពុជាកំពុងប្រឹងប្រែងផ្នែកការទូត ដើម្បីការពារទឹកដី និងអធិបតេយ្យ សិទ្ធិរស់នៅរបស់ពលរដ្ឋខ្មែរប្រឆាំងការរំលោភបំពានពីថៃ
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសកំពុងបន្តកិច្ចខិតខំប្រឹងប្រែងតាមផ្លូវការទូត យ៉ាងសស្រាក់សស្រាំ ឥតឈប់ឈរឡើយ ដើម្បីរក្សាការពារអធិបតេយ្យ និងបូរណភាពដែនដី ក៏ដូចជាផលប្រយោជន៍ជាតិកម្ពុជា ការពារសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ការពារសម្បត្តិបេតិកភណ្ឌ ប្រឆាំងការរំលោភបំពានពីសំណាក់យោធាថៃ។ នេះបើតាមអ្នកនាំពាក្យស្តីទីក្រសួងការបរទេសកម្ពុជា ឆ្លើយតបនឹងសំណួររបស់អ្នកសារពត៌មាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នេះ ជុំវិញកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោយមានបទឈប់បាញ់រវាងយោធាកម្ពុជា-ថៃ។

អ្នកនាំពាក្យស្ដីទីក្រសួងការបរទេស ចាន់ រតនា ថ្លែងថា៖«ក្រោយការចូលជាធរមាននៃបទឈប់បាញ់ នៅថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ នៅតែបន្តកិច្ចប្រឹងប្រែងឥតឈប់ឈរដើម្បីរក្សាការពារអធិបតេយ្យ និងបូរណភាពដែនដី ក៏ដូចជាផលប្រយោជន៍ជាតិកម្ពុជា តាមផ្លូវការទូត ដោយផ្អែកលើមូលដ្ឋានធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ពិសេសគោលការណ៍មិនប្រើកម្លាំង ឬគំរាមប្រើកម្លាំងដើម្បីដោះស្រាយជម្លោះ និងកំណត់ព្រំដែន ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិ ដោយសង្កត់ធ្ងន់លើសិទ្ធរស់នៅរបស់ប្រជាជនស៊ីវិល។ »។

លោក ចាន់ រតនា បានគូសបញ្ជាក់ថា ក្រសួងការបរទេសព្រមទាំងស្ថានបេសកកម្មការទូតកម្ពុជានៅទូទាំងពិភពលោក បន្តខិតខំជំរុញសហគមន៍អន្តរជាតិឲ្យផ្តល់ការគាំទ្រ និងជួយអន្តរាគមន៍ ដើម្បីឲ្យប្រជាជនភៀសសឹកកម្ពុជាទាំងអស់បានវិលត្រឡប់ទៅលំនៅដ្ឋាន និងបន្តជីវភាពរស់នៅប្រចាំថ្ងៃរបស់គេឡើងវិញដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការរារាំង។

អ្នកនាំពាក្យស្ដីទីក្រសួងការបរទេសសង្កត់ធ្ងន់ថា៖«យើងក៏បន្តជំរុញឲ្យភាគីថៃបញ្ឈប់សកម្មភាពកងទ័ពថៃដូចជា ការរុះរើបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រារាំងប្រជាជនខ្មែរមិនចូលលំនៅដ្ឋាន ក៏ដូចជាការអនុវត្តវិធានការនានាដើម្បីពង្រឹងការឈរជើងដោយខុសច្បាប់នៅក្នុងភូមិស្រុករបស់កម្ពុជា ដែលគេបានប្រើកម្លាំងដណ្តើមកាន់កាប់ ហើយបែរមកសហការពន្លឿនការងាររបស់គណកម្មការចំរុះខ័ណ្ឌសីមាព្រំដែនកម្ពុជា-ថៃ ក្នុងការកំណត់ខ្សែព្រំដែនរវាងប្រទេសទាំងពីរ ផ្អែកលើមូលដ្ឋានច្បាប់ដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។»។

លោក ចាន់ រតនា បានថ្លែងបន្ថែមថា ក្នុងគោលដៅនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបាន និងកំពុងបន្តធ្វើការងារតាមច្រកផ្លូវការជាទ្វេភាគីជាមួយប្រទេសថៃ និងប្រាស្រ័យទាក់ទងគ្រប់កំរិតជាមួយបណ្តាប្រទេសជាមិត្តទាំងអស់ ដែលយកចិត្តទុកដាក់ដល់ការស្តារសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ ក៏ដូចជាពិភពលោកទាំងមូល។ នៅកំរិតតំបន់កម្ពុជានឹងបន្តធ្វើការជាមួយហ្វីលីពីន ដែលជាប្រធាន អាស៊ានថ្មីហើយនិងបន្តប្រើប្រាស់យន្តការអាស៊ានដើម្បីជំរុញដំណើរការទៅសន្តិភាព និងភាពសុខដុមចីរកាលក្នុងគ្រួសារអាស៊ាន ដើម្បីរក្សា និងលើកស្ទួយកិត្តិនាមអាស៊ាន។
បើតាមលោក ចាន់ រតនា នៅលើវេទិកាអន្តរជាតិវិញ ស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅក្រុងញូយ៉ក និងក្រុងហ្សឺណែវ និងប្រចាំអង្គការពាក់ព័ន្ធ បានធ្វើលិខិតសុំកិច្ចអន្តរាគមន៍ និងបានជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំនៃអង្គការ សំខាន់ៗដូចជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធាន និងសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អង្គការយូណេស្តូ ប្រធានកាកបាទក្រហមអន្តរជាតិ តំណាងជាន់ខ្ពស់នៃអង្គការសិទ្ធមនុស្ស និងអ្នករាយការណ៍ពិសេសស្តីពីសិទ្ធលំនៅដ្ឋានរបស់អង្គការសិទ្ធមនុស្សជាដើម។
យោធាថៃបានបើកការវាយប្រហារទ្រង់ទ្រាយធំ រយៈពេល២១ថ្ងៃមកលើកម្ពុជា ដោយបានគិតទុកជាមុន និងជាប្រព័ន្ធលើទីតាំងជាច្រើន និងសំរុកចូលទន្រ្ទានកាន់កាប់ និងឈរជើងលើទីតាំងចំនួន១៤ នៅក្នុងខេត្តចំនួនបួនដូចជាខេត្តពោធិ៍សាត់, បន្ទាយមានជ័យ, ឧត្ដរមានជ័យ និងព្រះវិហារ។
ក្នុងពេលចូលមកកាន់កាប់ទឹកដីកម្ពុជា បំពានផែនទីអន្តរជាតិ យោធាថៃ បានវាយកម្ទេចផ្ទះសម្បែងប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា និងបន្តបំបិទសិទ្ធិជនភៀសសឹកកម្ពុជាជាច្រើនមិនឱ្យត្រឡប់ទៅរស់នៅក្នុងលំនៅដ្ឋានវិញ។ តាមទិន្នន័យររបស់ក្រសួងមហាផ្ទៃ ពលរដ្ឋចំនួន១៥៥៥០៦នាក់ មិនទាន់អាចត្រឡប់ទៅរស់នៅផ្ទះសម្បែងវិញបានឡើយ គិតត្រឹមម៉ោង ៦ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


