Connect with us

ព័ត៌មានជាតិ

ផ្លូវ ​៤០ ​ខ្សែ ក្នុងក្រុងបាត់ដំបងនឹង​បើក​ការដ្ឋាន​ស្ថាបនា​ឡើងវិញ​ក្នុង​ឆ្នាំ ២០២៦

បានផុស

នៅ

កាលពី​រសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៦ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបាន​ចូលរួមជា​អធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវលេខ ៤០៩ ​ដែល​ក្រាលកម្រាលបេតុងសរសៃដែកប្រវែង ៨៥០ ម៉ែត្រ ​និង​មាន​ទទឹង ៥ ម៉ែត្រ ស្ថិតនៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

ថ្លែង​នៅ​ចំពោះមុខ​ពលរដ្ឋ​ចូលរួម​យ៉ាងច្រើនកុះករ​ លោក​ សុខ លូ អភិបាលខេត្តបាត់ដំបង​បានបង្ហាញការកត់សម្គាល់ថា បន្ទាប់ពីសាងសង់ប្រព័ន្ធ​លូក្រោមដីនៅពីក្រោមផ្លូវ ៤០៩ រួចមក បានជួយរំដោះទឹកភ្លៀងពីក្នុងក្រុងបាត់ដំបងលែងបង្កឱ្យមានការលិចលង់ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាលខេត្តប្រាប់ប្រជាពលរដ្ឋថា សម្រាប់ខេត្តបាត់ដំបងជាពិសេសក្រុងបាត់ដំបង មានភ័ព្វសំណាងដែល​ទទួលបាន​គម្រោងធំៗចំនួន ៣ ជាថវិកាហិរញ្ញប្បទានពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​អនុវត្តន៍គម្រោង​ដោយក្រសួងសាធារណការ និងដឹកជញ្ជូនរួមមាន៖ ទី១.ការសាងសង់ទីលានចាក់សំរាមស្ដង់ដារនៅឃុំតាគ្រាម ស្រុកបាណន់ ដែលបានកំពុងប្រើប្រាស់ជាទីលានចាក់សំរាមស្ដង់ដារធំជាងគេមួយនៅកម្ពុជា, ទី២. គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់​នៅប៉ែកខាងកើតស្ទឹងបានសាងសង់រួចរាល់ ១០០ ភាគរយ និងបានស្ថាបនាជួសជុលផ្លូវជាបន្តបន្ទាប់ដើម្បីបង្កលក្ខណៈ​ងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ចំពោះការសាងសង់នៅខាងកើតស្ទឹងគឺមានភាពងាយស្រួល ដោយសារមានប្រព័ន្ធរំដោះទឹកភ្លៀងនៅតាមបណ្ដាផ្លូវមួយចំនួនរួចហើយ។ បច្ចុប្បន្នទឹកភ្លៀងនិងទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែ ត្រូវបានប្រមូលយកទៅធ្វើប្រព្រឹត្តកម្មនៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ១០ ហិកតា នៅស្រុកសង្កែមុនបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិដែលឱ្យអាចប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មផ្សេងៗ។

ទី៣.គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹង សម្រេចការសាងសង់រួចរាល់កាលពីខែធ្នូឆ្នាំ​ ២០២៥ ដែលនឹងត្រូវប្រមូលទឹកកខ្វក់ពីផ្ទះប្រជាពលរដ្ឋយកទៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ៨,៩ ហិកតា នៅស្រុកឯកភ្នំ​។

បើតាមលោកអភិបាលខេត្ត នៅក្នុងឆ្នាំ ២០២៦ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត ៤០ ខ្សែ នឹងត្រូវធ្វើការជួស​ជុល​សាង​សង់ឡើងវិញជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ក្នុងឱកាស​នោះ លោកអភិបាល​ខេត្ត​បានជំរុញឱ្យអាជ្ញាធរក្រុងនិងសង្កាត់ ត្រូវយកចិត្តទុកដាក់ក្នុងការរំដោះនិងទប់ស្កាត់ការរំលោភដីចំណីផ្លូវ បើកផ្លូវឱ្យបានធំទូលាយនិងរៀបចំដាក់សឡាបំភ្លឺផ្លូវសាធារណៈ ដើម្បីសុខសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម