Connect with us

ព័ត៌មានជាតិ

អ្នកនិពន្ធ ម៉ីសនសុធារី ជំរុញឱ្យស្ថានីយ៍ទូរទស្សន៍ខ្មែរ រៀនពីគំរូកូរ៉េ ដើម្បីឆ្លងកាត់វិបត្តិឌីជីថល

បានផុស

នៅ

ខណៈឧស្សាហកម្មទូរទស្សន៍ក្នុងប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងការប្រែប្រួលធំមួយពីសម័យផ្សាយបែបប្រពៃណីទៅកាន់បណ្តាញឌីជីថល អ្នកនិពន្ធល្បីឈ្មោះ ម៉ីសន សុធារី បានលើកឡើងថា ស្ថានីយ៍ដែលកំពុងរងវិបត្តិគួរតែពិចារណាមើលគំរូអភិវឌ្ឍន៍របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីស្វែងរកផ្លូវរស់ថ្មីក្នុងយុគសម័យថ្មី។

ការលើកឡើងនេះ កើតមានឡើងបន្ទាប់ពីស្ថានីយ៍ទូរទស្សន៍ PNN TV បានប្រកាសក្នុងកិច្ចប្រជុំបុគ្គលិកកាលពីម្សិលមិញ អំពីការបញ្ចប់ប្រតិបត្តិការរបស់ខ្លួន គ្រោងអនុវត្តនៅខែមីនាខាងមុខនេះ ដែលបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងក្នុងវិស័យសោតទស្សន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការចែករំលែកមតិយោបល់ថ្មីៗនេះ អ្នកនិពន្ធរូបនេះបានបញ្ជាក់ថា វិបត្តិដែលស្ថានីយ៍ទូរទស្សន៍កំពុងជួបប្រទះ មិនមែនជាបញ្ហាផ្ទាល់របស់ស្ថាប័នណាមួយឡើយ ប៉ុន្តែជាការប្រែប្រួលរចនាសម្ព័ន្ធរបស់ឧស្សាហកម្មមេឌៀនៅទូទាំងពិភពលោក។

លោកស្រីបានមានប្រសាសន៍ថា៖
“ជំនួសអោយការបិទទ្វារ ឬកាត់បន្ថយសកម្មភាពទាំងស្រុង ម្ចាស់ស្ថានីយ៍គួរមើលទៅគំរូកូរ៉េ ដែលបានបម្លែងទូរទស្សន៍បុរាណទៅជាម៉ាស៊ីនផលិត Intellectual Property (IP) សម្រាប់ទីផ្សារឌីជីថលពិភពលោក។”

តាមការវិភាគរបស់លោកស្រី ប្រទេសកូរ៉េខាងត្បូងបានជោគជ័យដោយប្តូរយុទ្ធសាស្ត្រពីការផ្សាយ ២៤ម៉ោង ទៅការផលិតមាតិកាគុណភាពខ្ពស់ ដូចជា ស៊េរីរឿងខ្នាតខ្លី កម្មវិធីកម្សាន្តបែបថ្មី និងការលក់សិទ្ធិមាតិកាទៅកាន់វេទិកាអន្តរជាតិ។

អ្នកនិពន្ធរូបនេះបន្ត កម្ពុជាមានធនធានមនុស្ស និងបទពិសោធផលិតកម្មគ្រប់គ្រាន់រួចហើយ ប៉ុន្តែអ្វីដែលត្រូវការបំផុតគឺការផ្លាស់ប្តូរគំនិតដឹកនាំ និងការបង្កើតម៉ូឌែលអាជីវកម្មសមស្របនឹងសម័យឌីជីថល។ លោកស្រីគូសបញ្ជាក់ទៀតថា “ទូរទស្សន៍មិនចាំបាច់បាត់បង់តួនាទីទេ បើវាអាចបម្លែងខ្លួនពីអ្នកផ្សាយទៅជាអ្នកបង្កើតមាតិកាដែលមានតម្លៃលក់បានលើពិភពលោក”។

លោកស្រីក៏បានលើកឡើងដែរថា អ្នកវិភាគមេឌៀមួយចំនួនយល់ឃើញថា មតិយោបល់នេះបង្ហាញពីទិសដៅថ្មីសម្រាប់ឧស្សាហកម្មសោតទស្សន៍ខ្មែរ ខណៈដែលការប្រើប្រាស់ទូរស័ព្ទដៃ និងបណ្តាញសង្គមកំពុងក្លាយជាវេទិកាសំខាន់សម្រាប់អ្នកទស្សនាជំនាន់ថ្មី។ ដូចនេះនៅពេលឧស្សាហកម្មកំពុងឈរនៅចំណុចបម្លែង មតិយោបល់ពីអ្នកច្នៃប្រឌិត និងអ្នកបង្កើតមាតិកា ត្រូវបានគេចាត់ទុកថា ជាកម្លាំងជំរុញសំខាន់មួយក្នុងការជួយឱ្យស្ថានីយ៍ទូរទស្សន៍កម្ពុជា ស្វែងរកទិសដៅអនាគតថ្មី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម