Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង៖ ស្ត្រីជាកងទ័ព បានរួមចំណែកយ៉ាងសកម្មការពារជាតិពេលមានជម្លោះព្រំដែន

បានផុស

នៅ

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង បានលើកឡើងថា ស្រ្តីជាកងទ័ពនៃកងរាជអាវុធហត្ថ បានចូលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុការពារជាតិមាតុភូមិ នៅពេលមានបញ្ហាជម្លោះព្រំដែនជាមួយភាគីថៃកន្លងមក ហើយរហូតមកដល់បច្ចុប្បន្ន ក៏នៅតែបន្តបង្ហាញភាពអង់អាច និងការលះបង់ដ៏ក្លាហាន។
លោកបានថ្លែងបែបនេះ នៅក្នុងពិធីអបអរសាទរខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» នៅថ្ងៃទី៧ ខែមីនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង មានប្រសាសន៍ថា ស្ត្រីក្នុងកិច្ចការយោធា បានខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាពដែលជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម ប្រកបដោយមោទនភាពគួរឱ្យស្ងើចសរសើរបំផុត។ លោកបញ្ជាក់ថា៖«សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងក្រុមគ្រួសារ ដែលជាបុរេលក្ខខណ្ឌដ៏ចម្បង ញ៉ាំងឱ្យស្ត្រី និងក្រុមគ្រួសារបានរស់នៅជួបជុំប្រកបដោយ សុភមង្គល សុខដុមរមនា សុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត»។

ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង បានបញ្ជាក់ទៀតថា ដោយអនុលោមទៅតាមការណែនាំរបស់រដ្ឋាភិបាល គឺកងរាជអាវុធហត្ថខេត្តកោះកុង បានអនុវត្តបន្តទប់ស្កាត់និងបង្រ្កាបបទល្មើសអនឡាញ គ្រឿងញៀន ក្មេងទំនើង ព្រមទាំងការពារបូរណភាពទឹកដីឱ្យបានជាដាច់ខាតផងដែរ។ ដោយឡែកកងទ័ពជាស្រ្តី ដែលបំពេញការងារបានល្អប្រសើរ នឹងត្រូវបានលើកទឹកចិត្តតាមរយៈតែងតាំងមុខតំណែងតួនាទី ឋានន្តរសក្កិ និងជូនបណ្ណសរសើរជាដើម។

ទោះយ៉ាងណា លោក តាំង ឈុនស្រេង ក៏សំណូមដល់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្ត បន្តសាមគ្គីភាព រក្សាការពារអ្នកចាស់បណ្តុះបណ្តាលអ្នកថ្មី ដែលជាអ្នកបន្តវេនខិតខំប្រែងប្រែងរៀនសូត្របង្កើនចំណេះដឹង ចំណេះធ្វើ ដើម្បីអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនទទួលបានប្រសិទ្ធភាពខ្ពស់ឱ្យសមទៅនឹងការលើកទឹកចិត្តរបស់ថ្នាក់ដឹកនាំប្រគល់ជូន។

ជាទិសដៅការងារស្នូលចំពោះមុខ លោកមេបញ្ជាការកងរាជអាវុធហត្ថ ជំរុញអាវុធហត្ថខេត្តត្រូវបន្តបន្តទប់ស្កាត់និងបង្រ្កាបបទល្មើសអនឡាញ គ្រឿងញៀន ក្មេងទំនើង និងការពារបូរណភាពទឹកដីអោយបានជាដាច់ខាតផងដែរតាមបទបញ្ជាការរបស់រាជរដ្ឋាភិបាលដាក់ឱ្យអនុវត្ត៕

ដោយ៖ អត្ថបទៈសិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម