Connect with us

ព័ត៌មានជាតិ

ខេត្តកោះកុង ទទួលថ្នាក់ដឹកនាំគណៈអ៊ីមុំាថ្មីការងារជូនសាសនិកខ្មែរឥស្លាម

បានផុស

នៅ

ខេត្តកោះកុង បានទទួលថ្នាក់ដឹកនាំគណៈអ៊ីមុំាថ្មី ដើម្បីបំពេញ និងបម្រើការងារសាធារណៈជូនសាសនិកខ្មែរឥស្លាមតបនឹងសេចក្តីតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ក្រោយគណៈអ៊ីមុំាថ្មីចាស់មុនៗបានមរណភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡោះ ម៉ាន ត្រូវបានប្រកាសតែងតាំងជាប្រធានគណៈអ៊ីមុំាថ្មីជំនួសថ្នាក់ដឹកនាំមុនបានទទួលមរណភាពកន្លងទៅ ដោយបន្តដឹកនាំអភិវឌ្ឍន៍វិស័យសាសនាខ្មែរឥស្លាមនៅខេត្តកោះកុង។

ក្នុងពិធីប្រកាសតែងតាំងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង បានណែនាំដល់គណៈអ៊ីមុំាថ្មីរបស់ខេត្ត ត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈជូនបងប្អូនសាសនិកខ្មែរឥស្លាមអោយបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។

លោក ឈេង សុវណ្ណដា ថ្លែងបន្តថា រដ្ឋបាលខេត្តក៏មិនអាចបំភ្លេចចំពោះការដឹកនាំប្រកបដោយភាពទទួលខុសត្រូវទំនាក់ទំនងល្អ ពិសេសសាមគ្គីភាពនូវសុខដុមនីយកម្មសាសនាកន្លងទៅរបស់លោក វណ្ណ សាលី និងលោក ម៉ាត់ ការឹម ដែលជាអតីតប្រធានគណៈអ៊ីមុំាចាស់ដែលទទួលមរណៈភាព។

លោកអភិបាលរងខេត្ត រំលេចដែរថា ក្រោមម្លប់សន្តិភាពពេញលេញរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បានយកចិត្តទុកដាក់គិតគូរលើការអភិវឌ្ឍន៍វិស័យសាសនាដែលក្នុងនោះបានផ្តល់សិទ្ធិសេរីភាព ខាងជំនឿ និងសាសនាតាមរយៈការសាងសង់ វត្តអារាម វិហារឥស្លាម និងវិហារសាសនាផ្សេងៗទៀតធ្វើជាមជ្ឈមណ្ឌលអប់រំ ប្រជាពលរដ្ឋទូទៅអោយមានសីលធម៌ សុជីវធម៌ មានសុខដុមនីយកម្មក្នុងសង្គម មិនមានអំពើហិង្សា ការរើសអើងសម្បុរ និងបង្កើនការចូលរួមអភិវឌ្ឍន៍ប្រទេសរួមគ្នា។

ទន្ទឹមនោះ រដ្ឋបាលខេត្តកោះកុង ក៏បានរំពឹងទុកជាមុនថា ថ្នាក់ដឹកនាំគណៈអ៊ីមុំាថ្មីនេះ បន្តបង្កើនកិច្ចសហការគ្នាល្អជាមួយអាជ្ញាធរសមត្ថកិច្ចខេត្តក្រុងស្រុកឃុំសង្កាត់ និងមន្ទីរធម្មការ លើការបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលខុសត្រូវដោះស្រាយបញ្ហានានាជូនពលរដ្ឋក្នុងមូលដ្ឋាន។

ឆ្លើយតបនឹងការណែនាំរបស់ថ្នាក់ដឹកនាំខេត្តកោះកុង និងលោក ភូឈួយទី១គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា គឺលោក ឡោះ ម៉ាន គណៈអ៊ីមុំាថ្មីខេត្តកោះកុង បានប្តេជ្ញាចិត្តថា បន្តដឹកនាំសាសនាឥស្លាមឱ្យមានការរីកចម្រើន និងពង្រឹងកិច្ចសហការទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្ត។

លោក ឡោះ ម៉ាន នឹងបំផុសស្មារតីចូលរូមអនុវត្តកម្មវិធីនយោបាយជាមួយរាជរដ្ឋាភិបាល ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងផ្សព្វផ្សាយអប់រំយល់ដឹងអំពីទំនៀមទម្លាប់សាសនាឥស្លាមបែបខ្មែរទាំងផ្នែកសីលធម៌ សុជីវធម៌ និងតម្លៃសាសនាដល់ពលរដ្ឋក្នុងមូលដ្ឋាន។

ដោយឡែកលោក អះម៉ាត់យ៉ះយ៉ា អារ៉ហ្វាត ភូឈួយទី១គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានសម្តែងការសាទរជាមួយនឹងការតែងតាំងគណៈអ៊ីមុំាថ្មីខេត្តកោះកុង ដោយជំរុញឱ្យពង្រឹងសាមគ្គីភាពក្នុងផ្ទៃ បណ្តុះបណ្តាលអប់រំចំណេដឹង និងមិនត្រូវរើសអើងគ្នាទៅវិញទៅមក ដែលនាំឱ្យបាក់បែកភាពរឹងមាំណាមួយក្នុងមូលដ្ឋាន។

លោក អះម៉ាត់យ៉ះយ៉ា បានឱ្យដឹងថា គណៈអ៊ីមុំាថ្មីខេត្តកោះកុង ធ្វើជាគំរូក្នុងការផ្សព្វផ្សាយតម្លៃនៃសន្តិភាព លើកទឹកចិត្តដល់សាសនិកឱ្យគោរពច្បាប់រដ្ឋ សិទ្ធិ និងសេរីភាពរបស់អ្នកដ៏ទៃ ព្រមទាំងរួមចំណែកទប់ស្កាត់រាល់សកម្មភាពដែលអាចបង្កឱ្យមានជម្លោះ ភាពវឹកវរ ឬបែកបាក់ក្នុងសង្គម៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម