Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលអនុម័តសេចក្តីព្រាងច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

បានផុស

នៅ

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សា ឆ្លង និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំបានពិភាក្សាលើសេចក្តីព្រាងច្បាប់មួយដែលមាន ៥ជំពូក និង ២៤មាត្រា ដែលរៀបចំឡើងដោយផ្អែកលើច្បាប់ជាតិ និងបទដ្ឋានអន្តរជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មប្រភេទនេះ។

សេចក្តីព្រាងច្បាប់នេះ មានគោលបំណងកំណត់វិធានការផ្នែកព្រហ្មទណ្ឌ ដើម្បីទប់ស្កាត់ និងបង្ក្រាបអំពើឆបោកដែលប្រព្រឹត្តតាមប្រព័ន្ធបច្ចេកវិទ្យា ដូចជា ការលួងលោមឱ្យបុគ្គលប្រគល់ទ្រព្យ ឬវិនិយោគក្នុងគម្រោងក្លែងក្លាយដែលអះអាងថាអាចទទួលបានប្រាក់ចំណេញខ្ពស់ ការក្លែងធ្វើជាលក់ផលិតផល ឬផ្តល់សេវាកម្មតាមអនឡាញជាដើម។

ខ្លឹមសារសំខាន់នៃសេចក្តីព្រាងច្បាប់នេះ រួមមានការបង្កើតបទល្មើសព្រហ្មទណ្ឌថ្មីចំនួន ៥ ប្រភេទ ដូចជា បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទរៀបចំឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទជ្រើសរើសឬបណ្តុះបណ្តាលបុគ្គលឱ្យចូលរួមប្រព្រឹត្តអំពើឆបោក ការប្រមូលឯកសារអត្តសញ្ញាណឬព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដទៃក្នុងចេតនាទុច្ចរិត និងការកំណត់ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់ដែលពាក់ព័ន្ធ។

ក្រៅពីនេះ ច្បាប់ក៏កំណត់វិធានការពិសេសលើនីតិវិធីព្រហ្មទណ្ឌ ដូចជា ការកំណត់រយៈពេលឃាត់ខ្លួន ការផ្អាក ឬបង្កកទ្រព្យសម្បត្តិ ការរឹបអូសទ្រព្យ ការលើកលែងទោស ឬស្ថានសម្រាលទោស និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ក្នុងកិច្ចប្រជុំដដែល  សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាដែលមានលក្ខណៈតំបន់ និងសកល ហើយកម្ពុជាក៏ជាប្រទេសមួយដែលរងផលប៉ះពាល់ និងខូចឈ្មោះលើឆាកអន្តរជាតិ។ ដូច្នេះ យុទ្ធនាការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាសកម្មភាពបង្ហាញឱ្យល្អមើលនោះទេ ប៉ុន្តែជាឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតឧក្រិដ្ឋកម្មប្រភេទនេះ ដើម្បីការពារមុខមាត់ប្រទេសជាតិ និងសេដ្ឋកិច្ចសង្គម។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី បន្តយកចិត្តទុកដាក់លើជនភៀសសឹកទាំងអ្នកដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញ និងអ្នកដែលមិនទាន់អាចត្រឡប់ទៅវិញបាន ដោយត្រូវគិតគូរទាំងផ្នែកជីវភាព និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់។ 

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានបញ្ជាក់ថា ការផ្តល់ជម្រកបណ្តោះអាសន្នដល់ជនភៀសសឹក មិនមានន័យថាកម្ពុជាបោះបង់សិទ្ធិទាមទារទឹកដីនោះឡើយ ហើយរាជរដ្ឋាភិបាលនៅតែមានជំហរម៉ឺងម៉ាត់ក្នុងការការពារបូរណភាពទឹកដី តាមយន្តការការទូតដោយសន្តិវិទ្យា។

បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធ បន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ដោយត្រូវរក្សាទំនាក់ទំនងជាប្រចាំ និងត្រៀមផ្តល់ការសម្របសម្រួលជាបន្ទាន់នៅពេលមានភាពចាំបាច់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម