ព័ត៌មានជាតិ
រដ្ឋមានគម្រោងខ្ចីលុយបរទេសជាង៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៦
រដ្ឋាភិបាលកម្ពុជាមានគម្រោងខ្ចីលុយបរទេសក្នុងទំហំប្រមាណ ២ប៊ីលានពីររយហាសិបលានអេសដេអ៊ែ ឬប្រមាណ ១២ ៨០៨ ១៧៦ លានរៀល ស្មើនឹងជាង៣ពាន់២០០លានដុល្លារ។ នេះបើតាមសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។

ក្នុងសេចក្ដីព្រាងច្បាប់នេះលុយដែលខ្ចីក្នុងឆ្នាំ២០២៦ នឹងត្រូវប្រើប្រាស់សម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគសាធារណៈ និងគាំទ្រមូលនិធិទ្រទ្រង់ថវិកា ជាគុណប្រយោជន៍នៃថវិកាទូទៅរបស់រដ្ឋ ឬលើការធានារបស់រដ្ឋ។
ក្នុងសេចក្ដីព្រាងនោះបានបញ្ជាក់បន្ថែមថា៖«ការខ្ចីប្រាក់ពីគេដែលត្រូវចុះកិច្ចសន្យាក្នុងកម្រិតខាងលើ ត្រូវមានលក្ខណៈជាការខ្ចីសម្បទានដែលត្រូវសងវិញជាមួយការប្រាក់អនុគ្រោះ»។
គម្រោងខ្ចីលុយពីបរទេសជាង៣ពាន់លានដុល្លារនេះគឺស្របគ្នានឹងតម្រូវការហិរញ្ញប្បទានសម្រាប់ការគ្រប់គ្រងជាតិក្នុងឆ្នាំ២០២៥ មានឱនភាពដែលបានន័យថាចំណាយច្រើនជាងចំណូលដល់ជាង ៨ទ្រីលានរៀល ( ៨ ១៦៦ ៥៤៤ លានរៀល) ឬស្មើនឹងប្រមាណ ២ពាន់លានដុល្លារអាមេរិក។

តាមរយៈសេចក្ដីព្រាងច្បាប់ដែលកំពុងស្ថិតក្នុងដៃគណៈកម្មាធិការជំនាញរដ្ឋសភានេះ ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលមានគម្រោងចំណាយប្រមាណ ១០ពាន់លានដុល្លារអាមេរិកកើនឡើង ៧,៨%បើធៀបនឹងឆ្នាំ២០២៥ ខណៈចំណូលរដ្ឋក្នុងឆ្នាំ២០២៦ ត្រូវបានរំពឹងថារកបានប្រមាណ៧ពាន់៦រយលានដុល្លារ។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត មាស នី មានប្រសាសន៍ថាបញ្ហាជាច្រើនកើតឡើងជាបន្តបន្ទាប់តាំងពីកូវីដ១៩ បញ្ហាទេសចរណ៍ និងសង្គ្រាមមក ច្បាស់ណាស់ថាចំណូលកម្ពុជាត្រូវថយចុះ។ លោកថាការបង្កើតថវិកាជាតិ និងគម្រោងខ្ចីលុយនេះគឺជាអាទិភាពមួយដែលរដ្ឋាភិបាលត្រូវតែធ្វើស្របពេលដែលមានការគំរាមកំហែងសន្តិសុខពីប្រទេសជិតខាង ទោះជាយ៉ាងណាលោកថារដ្ឋាភិបាលគួរតែគិតគូរពីបញ្ហាបំណុលនេះផងដែរ។

លោកថា៖ «សំខាន់ថាតើយើងអាចមានលទ្ធភាពរកលុយសម្រាប់សងគេវិញបានដែរឬអត់? ជាពិសេសគឺការខ្ចី៣ពាន់លាននេះ។ ការខ្ចីនេះបើមើលទៅវាមិនទាន់ដល់ពិតាននៃការខ្ចីបំណុលសាធារណៈទេ ក៏ប៉ុន្តែនៅពេលដែលយើងមិនទាន់មានលទ្ធភាពសងវាគឺជាបញ្ហាមួយ។ មានប្រទេសខ្លះគឺមិនមែនធ្លាក់ចូលបំណុលសាធារណៈដោយសារការឆ្លងផុតបន្ទាត់ក្រហមនៃកម្រិតកម្ចីទេ តែដោយសារសេដ្ឋកិច្ចខ្លួនឯងហ្នឹងដាបអញ្ចឹងគឺមិនអាចរកលុយសងបំណុលហ្នឹងបានទេ»។
បើតាមលោកបណ្ឌិត មាស នី តាមលទ្ធភាពរបស់កម្ពុជាបច្ចុប្បន្ន លោកមើលឃើញថាអាចរកចំណូលដើម្បីផ្គត់ផ្គង់ដល់ការចំណាយរបស់ខ្លួនប្រចាំឆ្នាំបាន តែបញ្ហានោះថាដោយសារបញ្ហាពុករលួយបានធ្វើឱ្យលុយជាច្រើនបានហូរចេញពីហោប៉ៅរដ្ឋចូលទៅបុគ្គលមួយចំនួនដែលធ្វើឱ្យរដ្ឋបន្តការខ្វះខាតបែបនេះ។ លោកជំរុញដល់រដ្ឋាភិបាលមានវិធានការឱ្យបានម៉ឺងម៉ាត់និងមានចំណាត់ការឱ្យបានខ្លាំងក្លាលើបញ្ហានេះ។
យោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាចេញផ្សាយកាលពីខែសីហា ឆ្នាំ២០២៥ កម្ពុជាជាប់បំណុលប្រមាណ ១ម៉ឺន២ពាន់លានដុល្លារអាមេរិក ក្នុងនោះ៩៩%ជាបំណុលសាធារណៈក្រៅប្រទេស។ ប្រទេសចិនជាម្ចាស់បំណុលធំមួយរបស់កម្ពុជាដែលកម្ពុជាជំពាក់បំណុលប្រមាណ ៤ពាន់លានដុល្លារអាមេរិកស្មើនឹង៣៣ភាគរយនៃបំណុលសរុប៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


