Connect with us

ព័ត៌មានជាតិ

លោក ប៉ែន បូណា៖ រាជរដ្ឋាភិបាលកម្ពុជា បន្តសកម្មភាពការទូត និងតវ៉ាចំពោះសកម្មភាពថៃតាមព្រំដែន

បានផុស

នៅ

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងក្នុងសន្និសីទសារព័ត៌មាន (Press Briefing) នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំពុងអនុវត្តសកម្មភាពការទូតយ៉ាងសកម្ម ទាំងក្នុងនិងក្រៅប្រទេស ដើម្បីការពារបូរណភាពទឹកដី និងសុវត្ថិភាពប្រជាពលរដ្ឋ ក៏ដូចជាពង្រឹងស្មារតីសាមគ្គីជាតិរបស់ប្រជាពលរដ្ឋខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានឱ្យដឹងថា បច្ចុប្បន្នលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កំពុងបន្តដំណើរទស្សនកិច្ចនៅ អូស្ត្រាលី បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅ សិង្ហបុរី និង នូវែលសេឡង់។ ក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងនេះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី បញ្ហាសន្តិសុខ សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក ពិសេសការវិវត្តថ្មីៗនៃស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសនោះដែរ លោក ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត ដែលបានគាំទ្រកម្ពុជា ក្នុងការដោះស្រាយជម្លោះតាមវិធីសន្តិភាព ដើម្បីធានាសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ ប្រមុខការទូតកម្ពុជា ក៏បានជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅ នូវែលសេឡង់ និង អូស្ត្រាលី ដោយបានពាំនាំសារសួរសុខទុក្ខពីព្រះមហាក្សត្រ ពី ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងពី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់បងប្អូនខ្មែរនៅក្រៅប្រទេស។

ជាមួយគ្នានេះ លោក ប៉ែន បូណា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់អាទិភាពខ្ពស់បំផុតលើការការពារបូរណភាពទឹកដី ដោយប្រើប្រាស់គ្រប់មធ្យោបាយសន្តិវិធី រួមមានការទូត នយោបាយ សាធារណមតិ និងផ្លូវច្បាប់ ស្របតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ ខណៈក៏ត្រៀមខ្លួនផ្នែកយោធា ដើម្បីអនុវត្តសិទ្ធិការពារខ្លួនផងដែរ។

លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានតាមដានយ៉ាងជិតស្និទ្ធចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ហើយបានធ្វើការតវ៉ាជាផ្លូវការចំពោះរាល់សកម្មភាពដែលរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ ជាក់ស្តែង នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការទៅភាគីថៃ ជំទាស់ចំពោះសកម្មភាពសាងសង់សំណង់នានា ដែលមានលក្ខណៈពង្រឹងទីតាំងយោធា និងស៊ីវិល នៅតំបន់ដែលបានកាន់កាប់ដោយខុសច្បាប់តាមរយៈការប្រើកម្លាំង។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា កម្ពុជា បន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗទៀត។ កម្ពុជា ប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris)។

លោក ប៉ែន បូណា បានបញ្ជាក់ថា កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម