Connect with us

ព័ត៌មានជាតិ

៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់

បានផុស

នៅ

រយៈពេល៦ថ្ងៃ នៃពិធីនគរសង្គ្រាន្ដ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកម្លាំងមន្ត្រីសុខាភិបាល ប្រចាំការការពារសុខភាព ជូនមហាជន ចូលរួមលេងកម្សាន្តក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ក្នុងនោះបានពិនិត្យ និងព្យាបាលជំងឺស្រាលៗចំពោះករណីផ្សេងៗគ្នា បានចំនួន ២៣៧៩នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងដែរថា ក្រៅពីការយកចិត្តទុកដាក់អំពីសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងសុវត្ថិភាព របៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋមកលេងកម្សាន្ត ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ក៏ដូចជាអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិហើយនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានយកចិត្តទុកដាក់ ចំពោះសុខមាលភាព ប្រជាពលរដ្ឋផងដែរ។

ជាក់ស្តែងក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ក្រោមការរៀបចំរបស់សហភាពសហព័ន្ធយុវជន កម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយ ការអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស.២០២៦ ដែល បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ មានក្រុមប្រចាំការ​តង់សង្គ្រោះបឋម ចំនួន ១០កន្លែង (កម្លាំង ៥០នាក់/១ថ្ងៃ), ក្រុមរថយន្តយន្តគិលានសង្គ្រោះ ចំនួន ១២ក្រុម/១ថ្ងៃ (កម្លាំង ៣៦នាក់/១ថ្ងៃ), ក្រុមចល័តក្នុងហ្វូងមហាជន ចំនួន ២៦ក្រុម (កម្លាំង ៥២នាក់/១ថ្ងៃ) និងប៊ូតសង្គ្រោះបឋមចំនួន ចំនួន១កន្លែង/១ថ្ងៃ (អាកាសយានដ្ឋានពោធិ៍ចិនតុង) មានកម្លាំង ៣នាក់/១ថ្ងៃ និងគណៈកម្មការសម្របសម្រួល ចំនួន ៦៥នាក់/១ថ្ងៃ ។

តាមការបញ្ជាក់របស់មន្ទីរ កម្លាំងប្រចាំការសរុបក្នុងមួយថ្ងៃចំនួន ១៩៤នាក់ ក្នុងនោះសរុបរួមកម្លាំងប្រចាំការ ក្នុងអំឡុងព្រឹត្តិការណ៍នគរសង្ក្រាន្ត មានចំនួន ១,៣២៨នាក់។ ជាមួយនឹងការប្រចាំការសង្គ្រោះនេះ មន្ទីរសុខាភិបាល បានផ្តល់សេវាជូនមហាជន ដែលបានមកទទួលសេវាពិនិត្យ ព្យាបាល និងសង្គ្រោះបឋម នៅតាមគោលដៅតង់សង្គ្រោះបន្ទាន់បឋម ក្នុងអំឡុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត មានចំនួន២,៣៧៩នាក់ ដែលមាន មានករណីផ្សេងៗដូចខាងក្រោម៖
-ករណីពិនិត្យ និងផ្តល់ឱសថសម្រាប់ព្យាបាលជំងឺ មានចំនួន ១,៨២៩នាក់។
-ករណីរបួសស្រាល បានធ្វើការលាងរបួស រុំបង់ និងផ្តល់ឱសថមានចំនួន ១៦២នាក់។

-ករណីខ្យល់ចាប់មានចំនួន ៨៨នាក់។
-ករណីផ្សេងៗដូចជារមួលក្រពើ គ្រិចផ្លោះ រមាស់ ឈឺធ្មេញមានចំនួន ២៣៦នាក់។
-ករណីសង្គ្រោះបឋមមានចំនួន ៥៣នាក់។
-ករណីអ្នកជំងឺមានអាការៈមិនសូវល្អ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ១១នាក់។

ទន្ទឹមនឹងនេះ ទាក់ទិននឹងសុខសុវត្ថិភាព ក្នុងអំឡុងពេលអបអរសាទរឆ្នាំថ្មីនេះ ក៏មានភាពល្អប្រសើរ ប្រជាពលរដ្ឋដើរលេងកម្សាន្ត ដោយភាពសប្បាយរីករាយ ក្រោមម្លប់សន្តិភាព និងប្រកបដោយសុខសុវត្ថិភាព ពោលគឺពុំមានហេតុការណាមួយ បង្កជាគ្រោះថ្នាក់ធំដុំឡើយ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម