ព័ត៌មានជាតិ
មន្ទីរវប្បធម៌ខេត្តព្រះវិហារ ចាប់ផ្តើមយុទ្ធនាការសង្គ្រោះ «ប្រាសាទឫសត្រដោក» ក្នុងបំណងអភិរក្សកេរដំណែលបុរាណ
ក្រុមការងារអភិរក្ស នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះវិហារ បានចាប់ផ្តើមអនុវត្តយុទ្ធនាការសង្គ្រោះ និងអភិរក្ស «ប្រាសាទឫសត្រដោក» ដែលជាសម្បត្តិបុរាណដ៏មានតម្លៃ ស្ថិតនៅភូមិគីឡូលេខ៨ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ដោយផ្តោតលើការរៀបចំ និងសម្អាតបរិវេណប្រាសាទ។

យុទ្ធនាការនេះ មិនត្រឹមតែជាការថែរក្សាអនាម័យជុំវិញតួប្រាសាទប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចការងារបច្ចេកទេស ដើម្បីវាស់វែង និងកំណត់ផ្ទៃដីការពារ ទំហំប្រមាណ ១,៨០០ម៉ែត្រការ៉េ (បណ្ដោយ ៤៥ម៉ែត្រ ទទឹង ៤០ម៉ែត្រ) ដើម្បីទប់ស្កាត់ការរំលោភបំពាន និងការខូចខាតបន្ថែម។
តាមរយៈរូបភាព និងសកម្មភាពនេះ បានបង្ហាញឱ្យឃើញថា តួប្រាសាទដែលសាងសង់អំពីឥដ្ឋ បានរងការបាក់បែកជាខ្លាំង ដោយនៅសេសសល់ត្រឹមគ្រឹះ និងជញ្ជាំងផ្នែកខ្លះប៉ុណ្ណោះ ខណៈស្ថានភាពនេះ ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់មន្ត្រីជំនាញ និងការចូលរួមការពារពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ការចុះសម្អាតរបស់មន្ត្រីជំនាញនាពេលនេះ គឺជាជំហានដំបូងក្នុងការរៀបចំបញ្ជីសារពើភណ្ឌ និងការពារតំបន់បុរាណវិទ្យា ក្នុងន័យថែរក្សាតម្លៃប្រវត្តិសាស្ត្រដើម្បីឱ្យកូនចៅជំនាន់ក្រោយ បានស្គាល់ពីតម្លៃនៃប្រវត្តិសាស្ត្រ នៅក្នុងទឹកដីខេត្តព្រះវិហារ។
យោងតាមការស្រាវជ្រាវបឋមបង្ហាញដែរថា ប្រាសាទនេះ អាចស្ថិតក្នុងសម័យមុនអង្គរ (សតវត្សរ៍ទី៧-៨) ឬដើមសម័យអង្គរ (សតវត្សរ៍ទី៩) ដែលមានទំនាក់ទំនងជាមួយសាសនាព្រហ្មញ្ញ និងអាចស្ថិតក្នុងរចនាបថសម្បូរព្រៃគុក ឬគូលែន ដោយប្រើឥដ្ឋជាសម្ភារៈសំណង់ចម្បង។
ឯមូលហេតុចម្បងនៃការខូចខាត រួមមាន កត្តាធម្មជាតិ ដូចជាឫសឈើ និងសំណើម ដែលបង្កឱ្យសំណង់បាក់បែក ការប៉ះទង្គិចក្នុងអតីតសង្គ្រាមនៅតំបន់ និងសកម្មភាពជីកកកាយរកវត្ថុបុរាណដោយខុសច្បាប់ ដែលធ្វើឱ្យរចនាសម្ព័ន្ធបាត់បង់លំនឹង។

លើសពីនេះ តំបន់ខេត្តព្រះវិហារ គឺជាសមរភូមិក្តៅនាដើមទសវត្សរ៍ឆ្នាំ៧០ ដល់ចុងទសវត្សរ៍ឆ្នាំ៩០។ ការផ្ទុះអាវុធ និងការបោះជុំរុំទ័ពនៅតាមតំបន់ព្រៃភ្នំ អាចជាកត្តាធ្វើឱ្យប្រាសាទបុរាណរងការបំផ្លិចបំផ្លាញបន្ថែម។ តួយ៉ាង ការជីកកកាយរកកំណប់ ក៏ជាបញ្ហាប្រឈមធំបំផុតសម្រាប់ប្រាសាទឥដ្ឋតូចៗផងដែរ។ ជនខិលខូចតែងតែជីកកកាយនៅចំកណ្តាលតួប្រាសាទ ដើម្បីស្វែងរកវត្ថុមានតម្លៃ ជាហេតុធ្វើឱ្យសំណង់ទាំងមូលបាត់បង់លំនឹង និងបាក់រលំ។
បច្ចុប្បន្នប្រាសាទនេះនៅសល់ត្រឹមតែគ្រឹះ និងគំនរឥដ្ឋ។ ការចុះសម្អាតរបស់មន្ទីរវប្បធម៌ គឺជាសញ្ញាវិជ្ជមានក្នុងការ «សង្គ្រោះ» ទិន្នន័យប្រវត្តិសាស្ត្រ កុំឱ្យបាត់បង់រូបរាងកាន់តែខ្លាំងជាងនេះ។
គួរបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់មន្ទីរវប្បធម៌ ចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារបានអនុវត្តសកម្មភាពសម្អាត និងកាត់កូនរុក្ខជាតិ នៅតាមទីតាំងប្រាសាទជាច្រើន រួមមាន ប្រាសាទកូនចិន (ស្រុកគូលែន) ប្រាសាទនាគបួស (ស្រុកជាំក្សាន្ត) ប្រាសាទព្រះខ័ន (ស្រុកសង្គមថ្មី) ប្រាសាទផុង និងប្រាសាទត្រាំងស្នែង (ស្រុកគូលែន) ខេត្តព្រះវិហារ ដើម្បីបង្កើនប្រសិទ្ធភាពអភិរក្ស និងការគ្រប់គ្រងតំបន់បុរាណវិទ្យា៕



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


