Connect with us

ព័ត៌មានជាតិ

មន្ទីរអប់រំខេត្តតាកែវ រៀបចំផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២៧-២០២៩ ដើម្បីពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្ស

បានផុស

នៅ

នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ២០២៧-២០២៩ និងការរៀបចំកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២៧ ជាមួយថ្នាក់ដឹកនាំការិយាល័យជំនាញ ប្រធានការិយាល័យអប់រំស្រុក-ក្រុង និងមន្រ្តីជំនាញពាក់ព័ន្ធ នៅសាលប្រជុំអគារធនធាន នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ វាយតម្លៃ និងរៀបចំផែនការប្រើប្រាស់ថវិកាឱ្យមានប្រសិទ្ធភាព ស្របតាមគោលនយោបាយកំណែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាល និងផែនការអភិវឌ្ឍវិស័យអប់រំជាតិ សំដៅលើការលើកកម្ពស់គុណភាពអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងសមត្ថភាពមន្រ្តីអប់រំនៅគ្រប់កម្រិត។

លោកប្រធានមន្ទីរ បានមានប្រសាសន៍ថា ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា គឺជាការងារសំខាន់ ដើម្បីធានាថាការចំណាយថវិការដ្ឋក្នុងវិស័យអប់រំ មានតម្លាភាព ប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សាលារៀន សិស្សានុសិស្ស និងគ្រូបង្រៀននៅមូលដ្ឋាន។ លោកក៏បានជំរុញឱ្យមន្រ្តីជំនាញទាំងអស់ យកចិត្តទុកដាក់ក្នុងការរៀបចំផែនការចំណាយ ដោយផ្អែកលើអាទិភាពសំខាន់ៗ និងទិន្នន័យពិតប្រាកដ ដើម្បីធានាការអនុវត្តការងារបានជោគជ័យ និងមានប្រសិទ្ធផលខ្ពស់។

ជាមួយគ្នានេះ អង្គប្រជុំក៏បានពិភាក្សាលើការបែងចែកកញ្ចប់ថវិកាសម្រាប់សកម្មភាពអប់រំផ្សេងៗ ដូចជា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន ការបំពាក់សម្ភារៈបច្ចេកទេស និងឧបករណ៍សិក្សា ការបណ្តុះបណ្តាលគ្រូបង្រៀន ការលើកកម្ពស់គុណភាពសិក្សារបស់សិស្ស ក៏ដូចជាការពង្រឹងការគ្រប់គ្រងរដ្ឋបាល និងការអនុវត្តកម្មវិធីកំណែទម្រង់អប់រំឱ្យកាន់តែមានប្រសិទ្ធភាព។ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បន្តប្តេជ្ញាចិត្តអនុវត្តតួនាទីរបស់ខ្លួនឱ្យបានល្អប្រសើរ ដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំក្នុងខេត្តឱ្យកាន់តែរីកចម្រើន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងការប្រកួតប្រជែងនាពេលអនាគត៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម