Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តមណ្ឌលគិរីថ្មី ចុះស្វែងយល់ការរស់ លក់ដូរ និងស្តាប់សំណូមពរពលរដ្ឋ

បានផុស

នៅ


លោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរីថ្មី បានចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ និងអាជីវករនៅផ្សារសែនមនោរម្យ ដើម្បីស្វែងយល់ពីស្ថានភាពជីវភាពរស់នៅ ការប្រកបរបរអាជីវកម្ម ព្រមទាំងស្តាប់នូវសំណូមពរ និងក្តីកង្វល់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសចុះសំណេះសំណាល នាថ្ងៃទី ០៤ ខែមិថុនា  អភិបាលខេត្ត បានណែនាំដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន និងការរស់នៅប្រកបដោយភាពស្អាតស្អំ ដោយមិនត្រូវទុកដាក់សំរាមពាសវាលពាសកាល ឬដាក់តាំងទំនិញរំលោភលើចិញ្ចើមផ្លូវ ដែលអាចបង្កការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សោភ័ណភាពទីក្រុង។


លោក គង់ គឹមនី បានលើកឡើងថា ការចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងអាជីវករ គឺជាកត្តាសំខាន់ក្នុងការកសាងក្រុងសែនមនោរម្យឱ្យកាន់តែមានរបៀបរៀបរយ ស្អាត បៃតង និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលកំពុងធ្វើដំណើរមកកម្សាន្តនៅខេត្តមណ្ឌលគិរីកាន់តែច្រើនឡើង។

ការចុះជួបសំណេះសំណាលដោយផ្ទាល់របស់អភិបាលខេត្តថ្មីលើកនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់គុណភាពជីវិត ក៏ដូចជាការអភិវឌ្ឍទីក្រុងសែនមនោរម្យឱ្យកាន់តែស្រស់ស្អាត មានអនាម័យ និងសណ្តាប់ធ្នាប់ល្អប្រសើរឡើង។

ប្រជាពលរដ្ឋ និងអាជីវករជាច្រើនបានសម្តែងការគាំទ្រ និងស្វាគមន៍ចំពោះការចុះមកជួបដោយផ្ទាល់របស់អភិបាលខេត្ត ដោយចាត់ទុកថា ជាសកម្មភាពមួយដែលបង្ហាញពីភាពជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ព្រមទាំងជំរុញឱ្យមានការចូលរួមអភិវឌ្ឍមូលដ្ឋានរួមគ្នាកាន់តែមានប្រសិទ្ធភាព៕

អត្ថបទ៖ រៀម ​សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម