ព័ត៌មានជាតិ
លោក ទេព អស្នារិទ្ធ ៖ វ៉ាក់សាំងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយបង្កើតភាពធន់ជូនយុវវ័យ និងពលរដ្ឋដើម្បីទប់ទល់នឹងឥទ្ធិពលអវិជ្ជមាននៃព័ត៌មានក្លែងក្លាយ
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅវិទ្យាល័យទួលអំពិល លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវដល់យុវសិស្សនៃវិទ្យាល័យទួលអំពិល និងយុវវ័យទាំងអស់ថា កុំធ្វើត្រឹមតែជាអ្នកចូលមើលលើបណ្តាញសង្គម ឬអាចធ្លាក់ក្នុងស្ថានភាពជាជនរងគ្រោះដោយការចែករំលែកព័ត៌មានក្លែងក្លាយ តែយុវវ័យត្រូវរួមគ្នាធ្វើជា «ឃោសនិកឌីជីថលដ៏សកម្ម» ដើម្បីសុវត្ថិភាពព័ត៌មានក្នុងសង្គម។

លោកអនុរដ្ឋលេខាធិការបានពន្យល់ថា «ព័ត៌មានក្លែងក្លាយនេះ មិនខុសពី «មេរោគដ៏កាចសាហាវ» នោះឡើយ។ វាកំពុងតែលួចបន្លំ បង្កការបំផ្លាញ និងយាយីយ៉ាងស្ងៀមស្ងាត់ដល់សន្តិសុខព័ត៌មាន ក៏ដូចជាសណ្តាប់ធ្នាប់សង្គមជាតិយើងទាំងមូល»។
ដើម្បីទប់ទល់នឹងមេរោគព័ត៌មានក្លែងក្លាយដ៏គ្រោះថ្នាក់នេះ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ត្រូវបានដឹកនាំធ្វើឡើងក្នុងគោលបំណងពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយជូនដល់ស្រទាប់យុវវ័យយើង។ ការបណ្តុះចំណេះដឹងនេះ បីដូចជាការផ្តល់វ៉ាក់សាំងការពារកាយ ដើម្បីបង្កើតភាពធន់មាំមួនក្នុងការប្រយុទ្ធប្រឆាំង និងកម្ចាត់រាល់មេរោគនៃព័ត៌មានក្លែងក្លាយ ដែលកំពុងបំភាន់បំពុលសង្គមឌីជីថល។

លោកអនុរដ្ឋលេខាធិការបានបន្ថែមថា ក្នុងនាមជាយុវជនកម្ពុជាជំនាន់ថ្មីដែលមានវ៉ាក់សាំងការពារខ្លួនហើយ យើងមិនត្រូវបណ្តោយខ្លួនឲ្យក្លាយជាជនរងគ្រោះដោយសារការផ្សាយបែបបំពុលទាំងនោះទេ គឺយើងត្រូវប្រើបណ្តាញសង្គមដោយស្មារតីទទួលខុសត្រូវ។
លោកបានជំរុញឱ្យយុវវ័យចូលរួមធ្វើសកម្មភាពក្នុងការផ្សព្វផ្សាយបន្តអំពីអក្ខរកម្មព័ត៌មាន ដល់គ្រប់សមាជិកក្នុងសហគមន៍ ដើម្បីបង្កើតបានជាខែលការពារដ៏រឹងមាំ ទប់ស្កាត់ការរីករាលដាលនៃមេរោគព័ត៌មានក្លែងក្លាយនេះកុំឱ្យបំផ្លាញសន្តិសុខ សណ្តាប់ធ្នាប់ និងភាពសុខសាន្តក្នុងសង្គម។
ក្នុងន័យនេះ លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍លើកទឹកចិត្តឱ្យមានការចូលរួមពីយុវសិស្ស ថា៖ «អក្ខរកម្មព័ត៌មានជាវ៉ាក់សាំងការពារខ្លួន! ចូលរួមធ្វើជាឃោសនិកឌីជីថលដ៏សកម្ម ដើម្បីការពារខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល» ជាមួយការអនុវត្ត ? ងាយៗបំផុត! គឺយុវវ័យត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «៣កុំ ១ការពារ» ៖
១-ឃើញព័ត៌មានប្លែក… ត្រូវផ្អាកហើយគិតសិន! កុំទាន់ជឿភ្លាមតាមអារម្មណ៍ ឬការរំជើបរំជួល។
២-ប្រភពមិនច្បាស់… កុំទាន់ចែករំលែក (Share)! បើមិនទាន់ផ្ទៀងផ្ទាត់ កុំរួមចំណែកចែកចាយមេរោគ។
៣-ពេលប្រើបណ្តាញសង្គម… កុំប្រហែស! និងត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ចចំពោះរាល់ព័ត៌មានដែលហូរចូល កុំចុចលើតំណ(link) ដែលចម្លែក ឬមានភាពទាក់ទាញហួសហេតុ។
រួមគ្នាការពារមនុស្សជុំវិញខ្លួន ដោយយកវ៉ាក់សាំងចំណេះដឹងនេះទៅចែករំលែកបន្ត ដោយជួយណែនាំ ដាស់តឿន មិត្តភក្តិ និងចែករំលែកដល់គ្រួសារ និងមនុស្សជុំវិញខ្លួន ឲ្យបានយល់ដឹងទាន់ល្បិចកលនៃព័ត៌មានក្លែងក្លាយ។
រួមគ្នានិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ! ប្រើប្រាស់ឧបករណ៍វៃឆ្លាតក្នុងដៃ ដោយការទទួលខុសត្រូវខ្ពស់!៕


















-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


