Connect with us

ព័ត៌មានជាតិ

លោក ទេព អស្នារិទ្ធ ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយ ការទទួលខុសត្រូវ និង ប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា

បានផុស

នៅ

យុវវ័យជំនាន់ថ្មីដែលមានទូរស័ព្ទដៃ និង ឧបករណ៍វៃឆ្លាតនៅក្នុងដៃ មិនត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែពួកគេគឺជាភ្នាក់ងារសុវត្ថិភាពព័ត៌មានដ៏សំខាន់ ក្នុងការការពារគ្រួសារ និង សហគមន៍កម្ពុជាពីគ្រោះថ្នាក់ នៃព័ត៌មានក្លែងក្លាយ តាមរយៈការបង្កើនការទទួលខុសត្រូវ និង ការផ្ទៀងផ្ទាត់រាល់ព័ត៌មានមុននឹងចុចចែករំលែក (Share)លើបណ្តាញសង្គម។ នេះជាការលើកឡើងរបស់ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី ២ កាលពីព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ នេះ នៅវិទ្យាល័យទួលអំពិល។ ពិធីនេះបានរៀបចំឡើងដោយមន្ទីរព័ត៌មានរាជធានីភ្នំពេញ ដោយមានគាំទ្រពីក្រសួង និង មន្ទីរអប់រំ យុវជន និង កីឡារាជធានីភ្នំពេញ មានវត្តមានសិស្សានុសិស្សប្រមាណ ២ ២០០ នាក់ និង មានការចូលពីតំណាងមន្ទីរអប់រំ យុវវជន និង កីឡារាជធានីភ្នំពេញ អាជ្ញាធរខណ្ឌដង្កោ លោកនាយក ព្រមទាំងអ្នកគ្រូ លោកគ្រូ នៃវិទ្យាល័យ នេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ទាញចំណាប់អារម្មណ៍របស់សិស្សានុសិស្ស ដោយសង្កត់ធ្ងន់ថា «ការចុច Share មួយឃ្លីកដោយការទទួលខុសត្រូវ និង មានការផ្ទៀងផ្ទាត់ច្បាស់លាស់ គឺជាគន្លឹះដ៏មានប្រសិទ្ធភាពបំផុតក្នុងការរួមចំណែកកម្ចាត់ការផ្សាយបែបបំពុល និង ទប់ស្កាត់ការរីករាលដាល នៃព័ត៌មានក្លែងក្លាយនៅក្នុងសង្គមជាតិ»។

ក្នុងឱកាសនោះ លោកបានផ្តល់ជាអនុសាសន៍ និង យន្តការសំខាន់ៗ ដល់សិស្សានុសិស្ស និង អ្នកប្រើប្រាស់បណ្តាញសង្គម និង សាធារណជនទាំងអស់ មុននឹងជឿ ឬ ចែករំលែក ត្រូវប្រាកដថា ព័ត៌មាននោះមានប្រភពមកពីស្ថាប័នសារព័ត៌មានផ្លូវការ ឬ គណនីផ្លូវការរបស់សមត្ថកិច្ច និង ស្ថាប័នរដ្ឋ។

ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយភាគច្រើន ច្រើនតែប្រើចំណងជើងទាក់ទាញបំផ្លើស ឬ បង្កការភ័យខ្លាច ឬ បង្ហាញរូបភាពប្លែក ដើម្បីទាក់ទាញ។ ដូច្នេះ ប្រសិនបើជួបប្រទះព័ត៌មានមិនពិត ត្រូវរួមគ្នាធ្វើការរាយការណ៍ (report post) នៅលើបណ្តាញសង្គមនោះ ដើម្បីឲ្យក្រុមហ៊ុនបណ្តាញសង្គមនោះពិនិត្យ និង លុបចោលមាតិកាក្លែងក្លាយនោះចោល។ «យើងត្រូវប្រកាន់ខ្ជាប់នូវទម្លាប់ក្នុងការផ្ទៀងផ្ទាត់ព័ត៌មានមុននឹងចែករំលែក និង ត្រូវជ្រើសរើសយកប្រភពផ្លូវការ ដូចជា ទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចតេជោ សម្តេចធិបតី ក្រសួង-ស្ថាប័ន ប្រព័ន្ធផ្សាយព័ត៌មានរដ្ឋ (TVK , វិទ្យុជាតិ , AKP , គេហទំព័រ និង App ក្រសួងព័ត៌មាន) និង សារព័ត៌មានឯកជនដែលមានវិជ្ជាជីវៈត្រឹមត្រូវ»។

លោកអនុរដ្ឋលេខាធិការ ក៏បានសង្កត់ធ្ងន់ផងដែរថា ក្រសួងព័ត៌មាន បានដើរតួនាទីយ៉ាងសកម្មក្នុងការតាមដាន និង កំណត់អត្តសញ្ញាណព័ត៌មានក្លែងក្លាយ ផ្សព្វផ្សាយមាតិកាផ្តល់ចំណេះដឹង និង ព័ត៌មានពិតជូនប្រជាពលរដ្ឋ។ តាមរយៈការផ្សាយព័ត៌មាន និង សកម្មផ្ទាល់តាមសហគមន៍ទូទាំងប្រទេស ក្រសួង និង មន្ទីរព័ត៌មានក៏បាន និង កំពុងបន្តពង្រឹងអក្ខរកម្មព័ត៌មាន និង ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីអប់រំជូនដល់ប្រជាពលរដ្ឋឲ្យមានសមត្ថភាពទប់ស្កាត់ប្រឆាំងព័ត៌មានក្លែងក្លាយ សំដៅចូលរួមចំណែកការពារសន្តិសុខព័ត៌មាននៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនោះ តំណាងមន្ទីរអប់រំ យុវជន និង កីឡារាជធានីភ្នំពេញ លោកនាយក លោកគ្រូ-អ្នកគ្រូ និង សិស្សានុសិស្ស នៃវិទ្យាល័យទូលអំពិល បានគាំទ្រយ៉ាងពេញទំហឹងចំពោះ «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ជំហានទី ២» របស់ក្រសួងព័ត៌មាន ដោយសហការយ៉ាងសកម្ម និង ប្តេជ្ញាលុបបំបាត់ព័ត៌មានក្លែងក្លាយតាមរយៈការពង្រឹងស្មារតីត្រិះរិះពិចារណា និង ផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់មុននឹងជឿ ឬ ចែករំលែក ដើម្បីជៀសវាងហានិភ័យ និង ផលវិបាកនានា ដែលបង្កឡើងដោយការផ្សព្វផ្សាយបំពុល ឬ ការចែករំលែកព័ត៌មានក្លែងបន្លំ ប្រឌិតខុសការពិតនៅលើបណ្តាញសង្គម។

យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី ២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និង ប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៦ នៅវិទ្យាល័យ សម្តេច ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ យុទ្ធនាការជំហានទី ២ នេះ បាន និងកំពុងធ្វើដំណើរទៅតាមបណ្តាវិទ្យាល័យ អនុវិទ្យាល័យ ក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ និង បន្តទៅខេត្តផ្សេងៗ ទៀត ជាបន្តបន្ទាប់ នៅទូទាំងប្រទេសក្នុងឆ្នាំ ២០២៦ នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម