Connect with us

ព័ត៌មានជាតិ

ប្រធានាធិបតីបេឡារុស្ស ៖ សង្គ្រាមអ៊ីរ៉ង់ គឺជាមួយអ៊ីស្រាអែល មិនមែនអាមេរិកទេ

បានផុស

នៅ

ប្រធានាធិបតីបេឡារុស្ស លោក Aleksandr Lukashenko បានថ្លែងយ៉ាងច្បាស់ៗកាលពីថ្ងៃសុក្រទី១២ ខែមិថុនា ថា ជម្លោះដ៏ក្តៅគគុកដែលកំពុងកើតមានឡើងពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ គឺជារឿងសង្គ្រាមផ្ទាល់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ជាជាងជាមួយសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ការប្រយុទ្ធគ្នានេះនឹងត្រូវបញ្ចប់មុនដាច់ឆ្នាំ ២០២៦ នេះផងដែរ។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ Al Arabiya English ដែលនឹងត្រូវចាក់ផ្សាយជាផ្លូវការនៅថ្ងៃច័ន្ទខាងមុខនេះ លោក Lukashenko បានគូសបញ្ជាក់ថា «វាគឺជាសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលអាមេរិកបានលូកដៃចូលប្រឡូក ដោយសារតែជំហរ និងនយោបាយរបស់មេដឹកនាំមួយចំនួនរបស់អាមេរិកតែប៉ុណ្ណោះ»។

លោកប្រធានាធិបតីបេឡារុស្សរូបនេះ ក៏បានសម្តែងជំនឿចិត្តថា សង្គ្រាមដ៏រ៉ាំរ៉ៃមួយនេះ នឹងត្រូវបញ្ចប់នៅក្នុងឆ្នាំនេះ ដោយលោកបានបន្ថែមទៀតថា «ខ្ញុំបានដឹងពីជំហររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជាអ្នកមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងការប្រឈមមុខដាក់គ្នាមួយនេះ។ គោលដៅរបស់គាត់ គឺដើម្បីបញ្ឈប់សង្គ្រាម»។

គួរបញ្ជាក់ដែរថា បេឡារុស្សក្រោមការដឹកនាំរបស់លោក Lukashenko គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងមូស្គូ ដែលរុស្ស៊ីខ្លួនឯងក៏មានទំនាក់ទំនងយោធាយ៉ាងស៊ីជម្រៅជាមួយអ៊ីរ៉ង់ផងដែរ។ ហេតុនេះ ការលើកឡើងរបស់លោក Lukashenko គឺចង់បង្ហាញថា អាមេរិកមិនគួរពាក់ព័ន្ធនឹងសង្គ្រាមនេះឡើយ ហើយការទស្សន៍ទាយរបស់លោកថា សង្គ្រាមនឹងបញ្ចប់ត្រឹមដាច់ឆ្នាំនេះ អាចឆ្លុះបញ្ចាំងពីការចរចាការទូតសម្ងាត់ ឬការដាក់សម្ពាធពីមហាអំណាចដើម្បីបញ្ចប់ជម្លោះ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម