Connect with us

ព័ត៌មានជាតិ

កម្ពុជាតវ៉ាយ៉ាងខ្លាំងក្លាចំពោះទង្វើទាហានថៃលួចជីកដីលើកទំនប់ និងរាយបន្លាលួសរំលោភព្រំដែន​បង្គោល​លេខ១៤ និងលេខ២២ ក្នុងខេត្តឧត្តរមានជ័យ

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍តវ៉ាយ៉ាងខ្លាំងក្លាប្រឆាំងនឹងសកម្មភាពរំលោភបំពានជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានលួចចូលធ្វើការជីកដី និងរាយបន្លាលួសតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្តីថ្លែងការណ៍ផ្លូវការដែលចេញផ្សាយនៅថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា នៅចន្លោះថ្ងៃទី៥ ដល់ទី៧ ខែកក្កដា ឆ្នាំ២០២៦ កងទ័ពថៃបានធ្វើការជីកដីលើកទំនប់ និងរាយបន្លាលួសតាមទិសជើង-ត្បូង នៃបង្គោលព្រំដែនលេខ១៤ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ជាបន្ទាប់មក នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងថៃបានរំលោភចូលទឹកដីកម្ពុជាម្តងទៀត ដើម្បីរាយបន្លាលួសនៅតំបន់បង្គោលព្រំដែនលេខ២២ ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យដដែល។

រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកសកម្មភាពទាំងនេះថា ជាការរំលោភយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ដោយផ្ទុយនឹងខ្សែបន្ទាត់ព្រំដែនដែលបានកំណត់ក្នុងផែនទីខ្នាត ១:២០០.០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម តាមអនុសញ្ញាបារាំង-សៀម (១៩០៤) និងសន្ធិសញ្ញាឆ្នាំ ១៩០៧។

ក្នុងពេលជាមួយគ្នានេះ សកម្មភាពខាងលើក៏បានបំពានទៅលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ព្រមទាំំងបំពានលើចំណុចទី២ និងទី៦ នៃរ៉ូម៉ាំង I (វិធានការកាត់បន្ថយភាពតានតឹង) ក្នុងសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងសេចក្តីថ្លែងការណ៍ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីយ៉ាងច្បាស់ថា ខ្លួនមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីពីភាគីថៃឡើយ។ ទង្វើរំលោភបំពានទាំងនេះនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងបន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។

រាជរដ្ឋាភិបាលកម្ពុជាក៏បានអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពរំលោភបំពានទាំងនេះនៅតាមតំបន់ដែលបានលើកឡើង ព្រមទាំងតំបន់ផ្សេងទៀតដែលកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងថៃតាំងពីមុនមក។ គោលបំណងគឺដើម្បីបន្ធូរបន្ថយភាពតានតឹង ជំរុញទំនុកចិត្តគ្នាទៅវិញទៅមក និងសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីស្ដារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងជិតខាងល្អនៅតាមព្រំដែនកម្ពុជា-ថៃ។

ជាចុងក្រោយ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ និងប្រទេសជិតខាងទាំងអស់ តាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់ជំហរថា បន្ទាត់ព្រំដែនមិនអាចផ្លាស់ប្តូរដោយប្រើកម្លាំងបានឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម