ព័ត៌មានជាតិ
ក្រុមហ៊ុន ទ្រូម៉ាន់នី សហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី ផ្តល់ជូនសេវាបង់សងប្រាក់កម្ចីដោយមិនគិតថ្លៃសេវា
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី (ហ្វូណន) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា ដើម្បីផ្តល់ជូនសេវាបង់សងប្រាក់កម្ចីដោយមិនគិតថ្លៃសេវា។

ប្រូម៉ូសិនដែលផ្តល់ជូនការលើកលែងថ្លៃសេវាជាមួយ ហ្វូណន នេះ មានសុពលភាពចំពោះអតិថិជនដែលបង់សងប្រាក់កម្ចីជូន ហ្វូណន តាមរយៈភ្នាក់ងាររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី។ ការផ្តល់ជូនសេវាដោយមិនគិតថ្លៃសេវានេះ មានសុពលភាពចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២១។
លោក ឃូ ប៊ុនទ្រី ប្រធាននាយកប្រតិបត្តិរបស់ ហ្វូណន បានថ្លែងថា “នេះគឺជាគំនិតផ្តួចផ្តើមរួមគ្នាមួយដែលផ្តល់អត្ថប្រយោជន៍ដល់ទាំងអតិថិជនរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី និងអតិថិជនរបស់ ហ្វូណន។ ហ្វូណន ចាំបាច់ត្រូវពង្រីកបណ្តាញនានាដើម្បីបម្រើសេវាជូនដល់អតិថិជនរបស់ខ្លួននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ជាពិសេស វាធ្វើឱ្យអតិថិជនរបស់យើងកាន់តែមានភាពងាយស្រួល និងកាត់បន្ថយការចំណាយ ដូចដែល ហ្វូណន សហការជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី នៅថ្ងៃនេះអ៊ីចឹង”។
លោកបានបន្ថែមថា គំនិតផ្តួចផ្តើមនេះ គឺជាកិច្ចប្រឹងប្រែងរួមគ្នាមួយដោយ ហ្វូណន និងក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បីធ្វើឱ្យការបង់សងប្រាក់កម្ចីកាន់តែមានភាពងាយស្រួលសម្រាប់អតិថិជន តាមរយៈការកាត់បន្ថយការចំណាយពេលវេលាធ្វើដំណើរទៅកាន់សាខារបស់ ហ្វូណន។ យុទ្ធនាការនេះ ក៏មានបំណងពង្រីកម៉ោងធ្វើការផងដែរ ដែលក្នុងអំឡុងពេលនេះ អតិថិជនអាចធ្វើការទូទាត់ការចំណាយ និងការបង់សងប្រាក់កម្ចីជូន ហ្វូណន។
លោកស្រី ឃួន ហ្វ្រង់តារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានថ្លែងថា “អតិថិជនរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ជាញឹកញាប់បង្កើតការទុកចិត្ត និងស្គាល់ភ្នាក់ងារទ្រូម៉ាន់នីនៅក្នុងមូលដ្ឋានរបស់ពួកគេច្បាស់។ តាមរយៈការបន្ថែមសេវាទូទាត់ការចំណាយ និងបង់សងប្រាក់កម្ចីបែបនេះតាមបណ្តាញភ្នាក់ងារដ៏ធំរបស់យើង យើងកំពុងផ្តល់ជូនសេវាមួយទៅកាន់អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី ព្រមទាំងអ្នកប្រើប្រាស់របស់ក្រុមហ៊ុន ទ្រូម៉ាន់នី ផ្ទាល់របស់យើងផងដែរ”។
ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារបច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុតនៅក្នុងប្រទេសកម្ពុជា។
យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុនមានបណ្តាញភ្នាក់ងារជាង ១ម៉ឺនភ្នាក់ងារ ដែលផ្តល់សេវាហិរញ្ញវត្ថុដល់អ្នកប្រើប្រាស់នៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជាដែលមិនទាន់មានសេវាធនាគារ។ នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែតាមទូរស័ព្ទស្មាតហ្វ៊ូន និងតាមភ្នាក់ងារ។
អំពីក្រុមហ៊ុន ទ្រូម៉ាន់នី
ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។ TrueMoney Group គឺជាផ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍ នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេសទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។
បច្ចុប្បន្នទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំនៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និងមានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ។
សូមបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន គឺជាបុត្រសម្ព័ន្ធរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ធ្វើប្រតិបត្តិការអាជីវកម្មផ្តល់ប្រាក់កម្ចី តាមរយៈបណ្តាញការិយាល័យប្រតិបត្តិការចំនួន ៥១សាខាដែលគ្របដណ្តប់រាល់តំបន់សក្តានុពលនានាទាំងកម្រិតខេត្ត និងស្រុកទូទាំងប្រទេសកម្ពុជា។ ភាគហ៊ុននៃធនាគារប្រៃសណីយ៍កម្ពុជា ក.អ គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនវិនិយោគកាណាឌីយ៉ាហូលឌីង ក្រុមហ៊ុនវិនិយោគហ្វូឡឺតុនហ្វាយណាន់ស្យល់ហូលឌីង ដែលត្រូវបានស្គាល់ថាជាក្រុមហ៊ុនដ៏ល្បីឈ្មោះនៃប្រទេសសីង្ហបុរី និង ក្រុមហ៊ុនស្វយ័តរបស់រដ្ឋគឺ ប្រៃសណីយ៍កម្ពុជា។
ដោយធនាគារប្រៃសណីយ៍កម្ពុជាជាក្រុមហ៊ុនវិនិយោគលើក្រុមហ៊ុនហ្វូណន ធ្វើការផ្តោតលើទីផ្សារចម្រុះនៃកម្រិតចំណូលអតិថិជន(Mass Market) ហើយជំហរទីផ្សារគោលដៅរបស់ហ្វូណន គឺបំពេញឱ្យទីផ្សារចម្រុះនេះ (Mass Market) ដោយផ្តោតលើអតិថិជនដែលមានកម្រិតចំណូលទាបនិងកសិករនៅតាមទីជនបទដែលធនាគារពិបាកក្នុងការចាប់យក៕

-
ចរាចរណ៍៧ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
សុខភាព១ សប្តាហ៍ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន