ព័ត៌មានជាតិ
ការស្នើធ្វើតេស្តលើសាច់ក្របីឡើងវិញពីក្រុមហ៊ុន និងទូតឥណ្ឌា ធ្វើឱ្យអាក់ខានដល់ការដុតបំផ្លាញ
ក្រុមហ៊ុននាំចូលសាច់ក្របី និងស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា នៅតែមិនអស់ចិត្តចំពោះការរកឃើញវីរុសកូវីដ-១៩ នៅលើសាច់ក្របី ដែលនាំចូលពីប្រទេសឥណ្ឌា ដោយសំអាងថា សាច់ក្របីនេះ ត្រូវបានត្រួតពិនិត្យពីមន្ទីពិសោធន៍ឥណ្ឌា ស្របតាមស្ដង់ដារ ISO ត្រឹមត្រូវ មុននឹងនាំចូលមកប្រទេសកម្ពុជា ហើយក្រុមហ៊ុន អើស្ការី អ៊ិនវេសម៉ិន & ខនស្ត្រាក់សិន ឯ.ក. នាំចូលចំនួន៣ ទូ ពីរោងចក្រតែមួយ និងមានការវេចខ្ចប់តែមួយ តែជាលទ្ធផលអវិជ្ជមានមួយទូ និង២ទូទៀតវិជ្ជមានកូវីដ-១៩។ នេះបើយោងតាមលិខិតចំនួន២ផ្សេងគ្នា ដែល “កម្ពុជាថ្មី” ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែកក្កដា នេះ។

សំណើរបស់ស្ថានទូតឥណ្ឌា ក៏ដូចជាក្រុមហ៊ុនបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា គ្រោងយកសាច់ក្របីដែលរកឃើញផ្ទុកមេរោគកូវីដ-១៩ ទៅដុតបំផ្លាញចោលនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺកាលពីម្សិលមិញ ថ្ងៃទី២៧ ខែកក្កដា។
លិខិតរបស់ស្ថានទូតជាភាសាអង់គ្លេសបានលើកឡើងថា សាច់ក្របីដែលកម្ពុជារកឃើញមេរោគកូវីដ-១៩ នេះ មានការត្រួតពិនិត្យមន្ទីរពិសោធន៍របស់ឥណ្ឌាតាមស្តង់ដារ ISO ត្រឹមត្រូវ ហើយនៅក្នុងលទ្ធផលតេស្តផ្ទុយគ្នារវាងកម្ពុជា និងឥណ្ឌានេះ អ្នកជំនាញឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងអ្នកនាំចូលសាច់ក្របីមកកម្ពុជា បានស្នើសុំឱ្យក្រសួងសុខាភិបាល និងគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ធ្វើតេស្តលើកុងតឺន័រតែមួយ ដើម្បីបញ្ជាក់លទ្ធផល។ ស្ថានទូតបានបញ្ជាក់ទៀតថា សាច់ក្របីនេះ ត្រូវបាននាំចេញពីប្រទេសឥណ្ឌាតាំងពីខែមេសា ហើយមកដល់កម្ពុជានៅខែកក្កដា ដូច្នេះគ្មានភស្តុតាងវិទ្យាសាស្ត្រណាមួយបង្ហាញថា វីរុសកូវីដ-១៩ អាចរស់នៅលើសម្ពាធវេចខ្ចប់អាហារ និងចំណីអាហារ ក្នុងរយៈពេលជិត៣ខែនោះទេ។
ជាមួយគ្នានេះ ស្ថានទូតឥណ្ឌាបានព្យាយាមពន្យល់ទៀតថា កូវីដ-១៩ គឺជាជំងឺផ្លូវដង្ហើមដែលឆ្លងតាមរយៈការធ្វើទំនាក់ទំនងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ហើយក៏មិនមានភស្តុតាងណាមួយ ដែលបញ្ជាក់ថា វាអាចចម្លងតាមរយៈការវេចខ្ចប់អាហារ ឬចំណីអាហារនោះដែរ។ រហូតមកដល់ពេលនេះ ក៏មិនមានប្រទេសណាមួយធ្លាប់បានរាយការណ៍ទាក់ទងទៅនឹងវីរុសកូរ៉ូណា ឬកូវីដ-១៩ នៅក្នុងអាហារក្លាស្សេ ឬអាហារវេចខ្ចប់ ឬផ្ទៃលើនៃសំបកវេចខ្ចប់ឡើយ។

ដោយឡែកលិខិតដែលក្រុមហ៊ុន អើស្ការី អ៊ិនវេសម៉ិន & ខនស្ត្រាក់សិន ឯ.ក. ដែលបានស្នើទៅលោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានស្នើធ្វើតេស្តទៅលើសាច់ក្របីនោះម្ដងទៀតផងដែរ ដោយបញ្ជាក់ថា ក្រុមហ៊ុនមិនមានការជំទាស់ ហើយរីករាយ នឹងចូលរួមសហការជានិច្ចក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ប៉ុន្តែក្រុមហ៊ុនសំណូមពរពិចារណា និងអនុគ្រោះ ដើម្បីយកសំណាក និងធ្វើតេស្តជាលើកចុងក្រោយ ដើម្បីឱ្យដឹងការពិតច្បាស់លាស់មួយកម្រិតទៀត។
បើតាមក្រុមហ៊ុន អើស្ការី ក្រុមហ៊ុនបាននាំចូលជាមួយគ្នាចំនួន៣ ទូ ពីក្រុមហ៊ុន HMA AGRO Industries LTD ពីរោងចក្រតែមួយ និងមានការវេចខ្ចប់តែមួយ ហើយជាលទ្ធផលអវិជ្ជមាន១ទូ និង២ទូទៀត វិជ្ជមាន។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសរកឃើញសាច់ក្របីបង្កកចំនួន៥ កុងតឺន័រនាំចូលពីប្រទេសឥណ្ឌា ហើយក្នុងនោះមានចំនួន៣ កុងតឺន័រ ត្រូវបានរកឃើញថា មានផ្ទុកវីរុសកូវីដ-១៩។ យោងតាមតារាងលទ្ធផលវិភាគលើសាច់ក្របីបង្កកចំនួន៥កុងតឺន័រ របស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣កុងតឺន័រ ដោយកុងតឺន័រទី១ ជារបស់ក្រុមហ៊ុន បូវីនី ហ្វូដ ឯ.ក និងកុងតឺន័រទី២ និងទី៣ ជារបស់ក្រុមហ៊ុន អើស្ការី អ៊ិនវេសម៉ិន & ខនស្ត្រាក់សិន ឯ.ក។
ក្រោយពីរកឃើញនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ គ្រោងយកសាច់ក្របី ដែលរកឃើញផ្ទុកមេរោគកូវីដ-១៩ ទៅដុតបំផ្លាញចោលនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ប៉ុន្តែត្ររូវបានអាក់ខានទៅវិញ ដោយសាតែមានសំណើនេះ៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


