ព័ត៌មានជាតិ
បណ្ឌិត គិន ភា ៖ «យើងគួរតែរួមគ្នា ក្នុងការនាំមកនូវរូបភាពវិជ្ជមាន សម្រាប់ជាតិខ្លួនឯង»
លោកបណ្ឌិត គិន ភា ដែលជាបញ្ញាវន្តខ្មែរមួយរូប បានស្នើដល់អ្នកសិក្សាស្រាវជ្រាវ អ្នកវិភាគ ឬក៏ក្រុមអង្គការសង្គមស៊ីវិល គួរតែរួមគ្នាក្នុងការនាំមកនូវរូបភាពវិជ្ជមាន សម្រាប់ជាតិខ្លួនឯងនៅលើឆាកជាតិ និងអន្តរជាតិ ហើយមិនគួរបង្កើតរូបភាពខ្មៅងងឹង សម្រាប់ជាតិខ្លួនឯងនោះទេ។ ការស្នើនេះ បន្ទាប់ពីបណ្ឌិតរូបនេះ សង្កេតឃើញថា មានអ្នកវិភាគ ឬក៏អ្នកស្រាវជ្រាវមួយចំនួន មានភាពលម្អៀង ទៅរកគោលដៅផ្ទាល់របស់គេ ដែលចង់ទាញការចាប់អារម្មណ៍ពីសាធារណៈមតិជាតិ និងអន្តរជាតិ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះថា សព្វថ្ងៃនេះការបញ្ចេញមតិ គឺគេផ្អែកទៅលើជ្រុងដែលគេឈរ។ ឧទាហរណ៍៖ ក្រុមសង្គមស៊ីវិល ឈរនៅលើជ្រុងមួយ, ក្រុមដែលមាននិន្នាការប្រឆាំង ឈរនៅជ្រុងមួយ, និងស្ថាប័នរបស់រាជរដ្ឋាភិបាល ឈរនៅជ្រុងមួយ។

ឆ្លើយតបនឹងសំណួរ ថាតើលោកបណ្ឌិត មើលឃើញយ៉ាងដូចម្ដេច ចំពោះការបកស្រាយផ្សេងៗគ្នា ជុំវិញសិទ្ធិបញ្ចេញមតិនៅកម្ពុជានោះ? លោកបណ្ឌិត គិន ភា មានប្រសាសន៍ថា «យើងអត់ទាន់បើកចិត្តឲ្យទូលាយ មើលឲ្យបានគ្រប់ជ្រុង គ្រប់មុំ គ្រប់ទិដ្ឋភាពនៃបញ្ហាតែមួយ អញ្ចឹងយ៉ាងណាក៏ដោយ យើងក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ទោះមកពីសង្គមស៊ីវិលក្ដី មកពីបក្សប្រឆាំងក្ដី ឬក៏មាននិន្នាការក្រៅរដ្ឋាភិបាលក្ដី ឬក៏ស្ថាប័នរាជរដ្ឋាភិបាលក្ដី មុំដែលយើងគួរឈរ គឺមុំដែលឆ្លុះបញ្ចាំងពីផលប្រយោជន៍ជាតិ ឯកភាពជាតិ និងគេហៅថា សាមគ្គីជាតិ អាហ្នឹងគឺជាមុំ ដែលយើងត្រូវឈរ អញ្ចឹងរាល់ទស្សនៈ រាល់មតិ រាល់ការវិភាគទាំងឡាយ ឬក៏របាយការណ៍ នៃការស្រាវជ្រាវទាំងឡាយ វាគួរតែឆ្លុះបញ្ចាំង អ្វីដែលជាផលប្រយោជន៍ជាតិ ចៀសវាសការយកគំនិតបុរេវិនិច្ឆ័យ ឬក៏គំនុំផ្ទាល់ខ្លួន ឬក៏គោលបំណងផ្ទាល់ខ្លួន ដែលបង្កប់នូវសេនារីយោណាមួយ ហើយយកមកធ្វើការបកស្រាយ ធ្វើការវិភាគ ដើម្បីទាញការចាប់អារម្មណ៍ពីសាធារណៈមតិជាតិ និងអន្តរជាតិ ដើម្បីសម្រេចគោលដៅផ្ទាល់ខ្លួន»។
លោកបណ្ឌិត គិន ភា បានលើកឡើងដែរថា លោកស្វាគមន៍ ចំពោះរាល់ការវិភាគ រាល់ការសិក្សាស្រាវជ្រាវ ដែលផ្ដល់ផលប្រយោជន៍ សម្រាប់ប្រទេសជាតិ។ ក៏ប៉ុន្តែមានអ្នកវិភាគមួយចំនួន ឬក៏របាយការណ៍ស្រាវជ្រាវមួយចំនួន មានភាពលម្អៀង ទៅរកគោលដៅផ្ទាល់របស់គេ។
ត្រង់ចំណុចនេះ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា «ឧទាហរណ៍ គេចង់ទាញការចាប់អារម្មណ៍ អ្នកខ្លះហ្នឹង គឺចង់ឃើញ ការស្រែកគំរាមដាក់ខ្លួនហ្នឹងទៅទៀត ដើម្បីអី ដើម្បីគេកសាងនូវក្រេឌីដមួយ គេហៅថា រូបភាពមួយឲ្យខ្លួនឯង ដើម្បីទទួលបានការចាប់អារម្មណ៍ ឬក៏គោលដៅ សម្រាប់ការបានសិទ្ធិជ្រកកោន ទៅប្រទេសទី២ ទី៣អីទៀត អាហ្នឹង មិនអត់ទេ នៅក្នុងមជ្ឈដ្ឋាននៃអ្នកវិភាគ អ្នកផ្ដល់បទអត្ថាធិប្បាយមួយចំនួន មានគោលដៅហ្នឹង ហើយដើម្បីទាញការចាប់អារម្មណ៍ ពីសាធារណជនមួយចំនួន អ្នកខ្លះមិនខ្លាច និងវាយប្រហាររាជរដ្ឋាភិបាល ដោយគ្មានមូលដ្ឋាន វាយប្រហារសង្គមជាតិខ្លួនឯង ហែកហួរ ធ្វើឲ្យមើលទៅថា សង្គមយើងវាខ្មៅ វាអសោច គេអត់បាននាំរូបភាពវិជ្ជមាន ទៅដល់សាធារណមតិជាតិ និងអន្តរជាតិទេ»។
លោកបណ្ឌិត គិន ភា បានលើកឡើងទៀតថា អ្នកបម្រើការងារ នៅក្នុងអង្គការសង្គមស៊ីវិលមួយចំនួន និងអ្នកវិភាគមួយចំនួន ហាក់មានមោទនភាព នៅពេលដែលខ្លួននិយាយ អំពីរឿងដែលមិនសូវវិជ្ជមាន របស់ប្រទេសខ្លួនឯង ទៅដល់ជនបរទេស។ ការធ្វើយ៉ាងដូច្នេះ គឺដើម្បីដោះដូរនូវជំនួយ ឬក៏គម្រោងរបស់ខ្លួនណាមួយ៕ អ្នកវិភាគរូបនេះ បានសង្កត់ធ្ងន់ថា «យើងគួរតែរួមគ្នា ក្នុងការនាំមកនូវរូបភាពវិជ្ជមាន សម្រាប់ជាតិខ្លួនឯង នាំមកនូវភាពសុខុមរមនា នៃសង្គមជាតិយើង នាំឲ្យផ្នត់គំនិតប្រជាពលរដ្ឋយើង មានគំនិតសុទិដ្ឋិនិយម ចំពោះប្រទេសជាតិខ្លួនឯង យើងមិនគួរបង្កើតរូបភាពខ្មៅងងឹង សម្រាប់ជាតិ សម្រាប់ប្រជាជនទេ អញ្ចឹងធ្វើឲ្យប្រជាជនយើងបាត់មោទនភាពជាតិ បាត់ឯកភាពជាតិ បាត់សាមគ្គីជាតិ ហើយបែកបាក់ អញ្ចឹងជាតិយើងអត់អាចខ្លាំងបានទេ»។
លោកបណ្ឌិត គិន ភា បានឲ្យដឹងដែរថា អ្នកស្រាវជ្រាវ ឬអ្នកវិភាគនៅប្រទេសគេដទៃ គឺតែងតែការពារនូវផលប្រយោជន៍ប្រទេសគេ នៅលើឆាកអន្តរជាតិ ទោះបីជារដ្ឋាភិបាលរបស់ប្រទេសគេនោះ មានចំណុចមិនល្អ ឬខុសឆ្គងត្រង់ចំណុចណាមួយក៏ដោយ តែគេព្យាយាមការពារនូវជំហរជាតិរបស់គេ ដែលខុសពីអ្នកស្រាវជ្រាវ និងអ្នកវិភាគនៅប្រទេសកម្ពុជាយើងមួយចំនួន បែរជាយកវេទិកាអន្តរជាតិ ទៅបរិហារនូវគោលនយោបាយជាតិខ្លួនឯង ដើម្បីគោលដៅអ្វីមួយទៅវិញ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ