ព័ត៌មានជាតិ
ក្រុមហ៊ុនជប៉ុន មានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទី និងម្រេចពីកម្ពុជាបន្ថែមទៀត
ក្រុមហ៊ុនជប៉ុន មានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទី និងផលិតផលម្រេចបន្ថែមទៀត ពីប្រទេសកម្ពុជា។ នេះបើតាមការឲ្យដឹងពីលោក អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣នេះ នៅប្រទេសជប៉ុន។

នៅជំនួបនេះ លោក អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ បានអបអរសាទរចំពោះសម្តេចធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំង ជានាយករដ្ឋមន្រ្តី និងបានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឲ្យរូបលោក និងសហការី ជាសមាជិកសភា នៃសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម។

លោកប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា ក៏បានជម្រាបជូនអំពីសកម្មភាពរបស់សម្ព័ន្ធសភា ដែលកន្លងមក បានសហការបំពេញការងារយ៉ាងជិតស្និទ្ធ ជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរជប៉ុន-កម្ពុជា ឲ្យកាន់តែស្អិតរមួតថែមទៀត ជាពិសេសលើវិស័យអាទិភាពមួយចំនួន រួមមាន៖ វិស័យកសិកម្ម, សុខាភិបាល, ថាមពល, ការបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាដើម។ ពាក់ព័ន្ធនឹងផលិតផលកសិកម្ម សម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា បានគូសបញ្ជាក់ថា ក្រុមហ៊ុនជប៉ុន មានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទី និងផលិតផលម្រេចបន្ថែមទៀត ពីប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីសោមន្សរីករាយ ដែលបានជួបលោក អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា សាជាថ្មី បន្ទាប់ពីជំនួបចំនួន ២លើកកន្លងមក នៅពេលដែលសម្តេចធិបតី បំពេញកិច្ចការយុវជន និងក្នុងមុខតំណែងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។
ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឆ្នាំ ២០២៣នេះ គឺជាខួបលើកទី ៧០ នៃចំណងការទូត និងជាឆ្នាំដ៏ពិសេសដែលទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ត្រូវបានដំឡើងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលជាកម្រិតល្អប្រសើរបំផុត នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយក៏បានរំឭកផងដែរ អំពីការជួយឧបត្ថម្ភគាំទ្ររបស់ជប៉ុន នៅក្នុងដំណើរការកសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា រាប់ចាប់តាំងពីដំណាក់កាលស្វែងរកសន្តិភាព។
ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាពរឹងមាំ និងភាពរីកចម្រើន នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន ទាំងក្នុងផ្នែកស្ថាប័ននីតិប្បញ្ញត្តិ, ស្ថាប័ននីតិប្រតិបត្តិ, ធុរកិច្ច និងធុរកិច្ច ក៏ដូចជារវាងប្រជាជន និងប្រជាជន ព្រមទាំងបានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ចំពោះប្រទេសជប៉ុន ត្រូវបានរក្សាដូចអាណត្តិមុនៗផងដែរ គឺការបន្តរក្សានិរន្តរភាព និងសង្គតិភាព នូវទំនាក់ទំនងដែលមានស្រាប់ ព្រមទាំងបន្តពូនជ្រំអភិវឌ្ឍន៍ទំនាក់ទំនងដ៏ល្អប្រសើរនេះ ឲ្យបានកាន់តែរឹងមាំបន្ថែមទៀត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


