Connect with us

ព័ត៌មានជាតិ

​ពលរដ្ឋ ១៤ ៤៩០ គ្រួសារ​​ជុំវិញ​បឹងទន្លេសាប ស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ

បានផុស

នៅ

ប្រធានរដ្ឋបាលជលផលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋចំនួន ១៤ ៤៩០ គ្រួសារ​រស់នៅជុំវិញបឹងទន្លេសាប បានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញក្នុងទំហំ ៦០ ៣៦០,៤ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារវិស័យជលផលប្រចាំឆ្នាំ២០២១ កាលពីរសៀលថ្ងៃទី២៤មករា នៅទីស្តីការក្រសួងកសិកម្ម លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានមានប្រសាសន៍​ថា ក្នុងឆ្នាំ២០២១ លទ្ធផលនៃការអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ២០២១ ឱ្យទប់ស្កាត់បង្រ្កាបការទន្ទ្រានឈូសឆាយ និងដកហូតដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប​ដោយគិតត្រឹមថ្ងៃទី២៣ ខែមករានេះ មានប្រជាពលរដ្ឋ ១៤ ៤៩០គ្រួសារ បានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញក្នុងទំហំ ៦០ ៣៦០,៤ហ.ត បានដាំកូនឈើព្រៃលិចទឹកចំរុះបានចំនួន ៣៤ ៩១១ដើម ឬស្សីចំនួន ៧ ៦៨៩ដើម កូនត្នោតចំនួន ៣៣៩ដើម និងកប់គ្រាប់ត្នោតចំនួន ២០៥ ៣៨៥គ្រាប់។

លោក អ៊ឹ​ង ទ្រី អនុប្រធាន​រដ្ឋបាល​ជ​ល​ផល​បាន​ប្រាប់សារព័ត៍មានក្នុងស្រុកកាលពីចុងខែធ្នូឆ្នាំ២០២១​ថា ក្រុម​​ការងារ​ប្រចាំខេត្ត​ទាំង ​៦ បាន​ដកហូត​ដីព្រៃ​លិច​ទឹក​នៅក្នុង​តំបន់ ​៣ ​ជុំវិញ​បឹង​ទន្លេសាប​បាន​ចំនួន ៥៦ ០១០ ​ហិកតា ក្នុងនោះខេត្តកំពង់ឆ្នាំង បានដកហូតបានចំនួន ៣០ ២១១ ​ហិកតា។ ​ខេត្តកំពង់ធំ​ដកហូត​ដីព្រៃ​លិច​ទឹកបាន ១០ ៩៤៥ ​ហិកតា។ ​ខេត្តសៀមរាប​ដកហូត​បាន ២ ៨៦៥​ ហិកតា​។​ ខេត្ត​បាត់​ដំបង​ដកហូត​បាន ៦ ៥៥៦​ ហិកតា។ ខេត្តបន្ទាយមានជ័យ​ដកហូត​ដី​បាន៤ ២៦៣ ​ហិកតា និង​ខេត្តពោធិ៍សាត់​ដក​​ហូត​បាន ​១ ១៧១ ​ហិកតា ​។​

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២១ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ​​ចុះ​បង្ក្រាប​មន្ត្រី​រាជការ ឬ​ពលរដ្ឋ​​ទាំង​​ឡាយ​​ណា ដែល​​បាន​​​កាប់​ទន្ទ្រាននិង​កាន់​កាប់​ដី​ព្រៃលិច​ទឹក​យ៉ាងអនាធិបតេយ្យ​ នៅ​តំបន់​បឹង​ទន្លេសាបហើយ​​ដក​​ហូត​​ដី​ទាំង​​​នោះ​ត្រឡប់​​មកវិញ ដើម្បីដាំព្រៃឈើឡើងវិញ និង​ការពារ​​ព្រៃ​​ទាំង​​នោះ​​ទុក​​ជា​​ជម្រក​ត្រី​ពង​​។

ជាមួយគ្នានេះសម្តេច ហ៊ុន សែន បាន​បញ្ជា​ឲ្យ លោក ឱម យ៉ិននទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ស្រាវជ្រាវ​រក​មន្ត្រី​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការកាប់​ទន្រាន​ដី​ព្រៃលិច​ទឹក​នេះ ដើម្បី​បញ្ជូន​ទៅ​តុលាការ​កាត់​ទោសតាមផ្លូវច្បាប់ផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម