Connect with us

ព័ត៌មានជាតិ

ដោយបទល្មើសនេសាទទ្រង់ទ្រាយធំត្រូវបានបង្ក្រាប ប្រធានរដ្ឋបាលជលផល ថា ឆ្នាំនេះទិន្នផលត្រីនឹងបន្តកើន

បានផុស

នៅ

ដោយសារបទល្មើសនេសាទទ្រង់ទ្រាយធំត្រូវបានបង្ក្រាបជាបន្តបន្ទាប់ ប្រធានរដ្ឋបាលជលផល ថា ទិន្នផលត្រីក្នុងឆ្នាំនេះ នឹងបន្តកើនឡើងកាន់តែច្រើន ដែលធានាបាននូវបរិមាណត្រី ជាពិសេសនឹងជួយជំរុញថែមទៀតដល់ការកែច្នៃផលិតផលជលផលក្នុងស្រុក ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោក ពុំ សុថា បញ្ជាក់ថា កត្តារួមចំណែកមួយនៃការកើនឡើងទិន្នផលត្រីឆ្នាំនេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចមូលដ្ឋាន និងមានការចូលរួមពីកងកម្លាំងចម្រុះ ក្នុងការសហការបង្ក្រាបបទល្មើសជលផល ដែលបង្កដោយសកម្មភាពនេសាទខុសច្បាប់ទ្រង់ទ្រាយធំមួយចំនួន។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយជាលើកទី៣ ពីផលផលិតផលជលផលដែលសហការរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហភាពអឺរ៉ុប និងអង្គការ UNIDO តាមរយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) លោក ពុំ សុថា លើកឡើងដូច្នេះថា«ត្រីច្រើននេះ មិនមែនកើតឡើងដោយចៃដន្យទេ គឺត្រីច្រើនកើតឡើងដោយការខិតខំរបស់ក្រសួងកសិកម្ម គឺឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម ឌិត ទីណា លោកតែងជំរុញ តែងតែណែនាំឱ្យយើងខ្ញុំទាំងអស់គ្នាហ្នឹងខិតខំធ្វើយ៉ាងម៉េចការពារធនធានធម្មជាតិឱ្យបាន ហើយក្នុងនោះ រាជរដ្ឋាភិបាល ក៏លោកឱ្យកម្លាំងចម្រុះ ដោយមានខាងកងទ័ពជើងគោក មានខាងអាវុធហត្ថ នគរបាលជាតិ ជាពិសេសជាងនេះទៅទៀត គឺមានអាជ្ញាធរនៅថ្នាក់ក្រោមជាតិ គឺកម្លាំងគណៈបញ្ជាការឯកភាពខេត្ត»

កម្លាំងមហាជន ក៏ជាផ្នែកមួយចូលរួមដ៏សំខាន់ផងដែរ បន្ទាប់ពីពួកគាត់បានយល់ដឹងពីសារសំខាន់នៃកិច្ចការពារធនធានមច្ឆាជាតិ តាមរយៈការរាយការណ៍ពីបទល្មើសនេសាទ ឬភាពមិនប្រក្រតីផ្សេងៗរបស់ជលផលមកកាន់ក្រសួងកសិកម្ម។ លោក ពុំ សុថា គូសបញ្ជាក់បន្ថែមបែបនេះ ហើយលោក បន្ថែមថា ហេតុផលទាំងនេះហើយ ដែលធ្វើឱ្យទិន្នផលត្រីរបស់កម្ពុជាបានកើនគួរឱ្យកត់សម្គាល់។

លោកបានអះអាងពីការបង្ក្រាបបានរបស់អាជ្ញាធរមានសមត្ថកិច្ចនូវឧបករណ៍នេសាទខុសច្បាប់រាប់ម៉ឺនម៉ែត្រ រាប់ទាំងអួន ស្បៃមុង និងឧបករណ៍ឆក់ ជាដើម ត្រូវបានបង្ក្រាបស្ទើរអស់១០០ភាគរយ។ លោកប្រធានរដ្ឋបាលជលផលបានចាត់ទុកឧបករណ៍ឆក់ គឺជាឧបករណ៍ដ៏ចង្រៃដែលបំផ្លាញផលជលផល ក៏ដូចជាជីវៈចម្រុះក្នុងទឹក។

ដោយការបង្ក្រាបបទល្មើសនេសាទ ក៏ដូចជាការបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ទាំងនេះហើយ ទើបមិនត្រឹមតែជួយបង្កើននូវផលត្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ជីវិតសត្វផ្សោតទឹកសាបផងដែរ។ លោក ពុំ សុថា គូសរំលេចឱ្យដឹងពីកើនឡើងនូវចំនួនសត្វផ្សោតទឹកសាប ដែលគិតមកទល់ពេលនេះមានជាង១០០ក្បាល ខណៈកូនផ្សោតចំនួន៧ក្បាលបន្ថែមទៀត បានកើតក្នុងឆ្នាំ២០២៥នេះ ហើយធានាបាននូវជីវិតរស់ទាំងអស់ ក៏ព្រោះតែគ្មានឧបករណ៍នេសាទខុសច្បាប់៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម