ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងវប្បធម៌៖ ភាពយន្ត ឬវីដេអូមួយចំនួនបង្កើតឱ្យមានវប្បធម៌ហិង្សា ការសងសឹក
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ មានប្រសាសន៍ថា ភាពយន្ត ឬវីដេអូមួយចំនួនបានបង្កើតឱ្យមានវប្បធម៌ហិង្សា ការសងសឹក ការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន និងអំពើហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរ។

ការថ្លែងនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលា ស្តីពី “តួនាទីផលិតករ សិល្បករ រួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់ អំពើហឹង្សាលើស្រ្តី និងកុមារ តាមរយៈ វីដេអូខ្លី” ក្នុងគោលបំណងឆ្លើយតបនឹងអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកឡើងថា កន្លងមកសម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ត្រូវសហការត្រួតពិនិត្យតាមដានជាប្រចាំនូវខ្លឹមសារ រូបភាព និងការសម្តែងតាមកម្មវិធីនានា ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយរូបភាព និងការសម្តែងផ្ទាល់ ត្រូវមានវិធានការ និងសារក្នុងគោលដៅអប់រំ និងថែរក្សាវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ ប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ ព្រមទាំងរក្សាបាននូវតម្លៃនៃអក្សរសាស្រ្តជាតិ។

លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានបន្តទៀតថា បច្ចុប្បន្នវិស័យភាពយន្តនៅកម្ពុជាមានការរីកលូតលាស់ច្រើនគួរជាទីមោទនៈ ក្នុងនោះការផលិតវីដេអូកម្សាន្តនៅលើបណ្តាញសង្គមនានា ជាលក្ខណៈបុគ្គល ឬក្រុម ក៏មានច្រើនគួរឱ្យយកត់សម្គាល់។ ស្របពេលជាមួយគ្នានេះ លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានមើលឃើញពីការខិតខំប្រឹងប្រែងរបស់ផលិតករ អ្នកនិពន្ធ ម្ចាស់ផលិតកម្ម និងអ្នកផលិតមាតិកាកម្សាន្តលើបណ្តាញសង្គមជាច្រើន បានផលិតជាភាពយន្ត ឬវីដេអូវែង ឬខ្លី ដែលមានការបញ្ចូលខ្លឹមសារអប់រំ ស្តីពី តម្លៃស្រ្តី និងការទប់ស្កាត់អំពើហឹង្សាលើកុមារជាដើម នៅមានចំនួនតិចតួចនៅឡើយ។ ម្យ៉ាងទៀតភាពយន្ត ឬវីដេអូមួយចំនួនបានបង្កើតឱ្យមានវប្បធម៌ហិង្សា ការសងសឹក ការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន និងអំពើហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរ ដែលជាវប្បធម៌មួយមិនល្អ នាំឱ្យក្មេងៗជំនាន់ក្រោយបែរជាយកមកចម្លង និងអនុវត្តតាម។

ក្នុងនាមជាថ្នាក់ដឹកនាំក្រសួង លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានស្នើសុំដល់គ្រប់ភាគីដែលពាក់ព័ន្ធក្នុងវិស័យនេះ ត្រូវខិតខំបន្ថែមទៀតក្នុងការបញ្ចូលខ្លឹមសារអប់រំ នៅក្នុងបណ្តាភាពយន្ត ចម្រៀង និងជាពិសេសបុគ្គល ឬក្រុមដែលផលិតមាតិកាកម្សាន្តលើបណ្តាញសង្គម សូមប្រកាន់ខ្ជាប់នូវវប្បធម៌អហិង្សា និងលើកកម្ពស់ការរស់នៅប្រកបដោយភាពស៊ីវីល័យឱ្យសាកសមជាប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ។

យោងតាមរបាយការណ៍របស់លោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការវាយតម្លៃខ្ពស់លទ្ធផលដែលក្រុមការងារទទួលបាន នាពេលកន្លងមក និងបានលើកទឹកចិត្តក្រុមការងារជាបន្តក្នុងការរៀបចំផែនការ សកម្មភាពយេនឌ័រ ក្នុងវិស័យវប្បធម៌ និងសិល្បៈ ដើម្បីរួមចំណែកជាមួយដៃគូពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

គួរបញ្ជាក់ថា សិក្ខាសាលានេះ មានការចូលរួមពីភាគីដែលពាក់ព័ន្ធរួមមាន តំណាងអង្គភាពប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ តំណាងក្រសួងកិច្ចការនារី តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមប្រឹក្សាវិន័យ មន្ទីរវប្បធម៌ រាជធានី-ខេត្ត ផលិតកម្មជាតិ និងសិល្បករ សិល្បការិនីក្រៅប្រព័ន្ធ ចំនួនសរុបជាង ៨០រូប នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


