ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី បញ្ជាក់រឿង លោកចង់ប្រជែងតំណែងនាយករដ្ឋមន្ត្រី ជាមួយ ឯកឧត្ដម ហ៊ុន ម៉ាណែត
បន្ទាប់ពីអ្នកវិភាគដោយលើកឡើងថា ឯកឧត្ដម ហ៊ុន ម៉ានី កំពុងប្រជែងប្រជាប្រិយភាព ដើម្បីឆ្ពោះទៅដណ្តើមតំណែងនាយករដ្ឋមន្ត្រីនាពេលអនាគត ជាមួយ ឯកឧត្ដម ហ៊ុន ម៉ាណែត ជាបងប្រុសបង្កើតនោះ នៅល្ងាចថ្ងៃទី ៣១ ខែសីហា នេះ ឯកឧត្ដម ហ៊ុន ម៉ានី បញ្ជាក់តាម បណ្ដាញសង្គមហ្វេសប៊ុកថា ការបកស្រាយ និងបទវិភាគជាបន្តបន្ទាប់ស្តីពីលោក និងបងប្រុស ហ៊ុន ម៉ាណែត គឺជាការវិភាគមានចេទនាអុចអាល និងញុះញង់ ហើយជួនពេលខ្លះ ក៏ជាការវិភាគដែលគួរឱ្យអស់សំណើចទៅទៀតផង។

ឯកឧត្ដម ហ៊ុន ម៉ានី បន្តថា៖ “ដូចអ្វីដែលពុក បានលើកឡើងកាលពីព្រឹកមិញក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មី ខ្ញុំសូមជម្រាបថា ខ្ញុំ និងបងណែត និងក្រុមគ្រួសារយើងទាំងអស់គ្នា យល់ច្បាស់ណាស់ពីចរិតនៃការបកស្រាយ និងបទវិភាគក្នុងចេតនាបំបែកបំបាក់ទាំងនោះ ហើយយើងអរគុណទៅវិញទេ ដែលការវិភាគទាំងនោះ បានក្លាយទៅជាមូលដ្ឋានសាមគ្គីភាពផ្ទៃក្នុងបន្ថែមទៀតសម្រាប់ក្រុមគ្រួសាររបស់យើង”។

ឯកឧត្ដម បញ្ជាក់ថា ដូចអ្វីដែលឯកឧត្ដមធ្លាប់បានបកស្រាយជាសាធារណៈ និងជាបន្តបន្ទាប់កន្លងមកថា ឯកឧត្ដមគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាព បងប្រុស ហ៊ុន ម៉ាណែត ជាបេក្ខជនអនាគតនាយករដ្ឋមន្រ្តី បន្តពីសម្ដេចតេជោ ហើយការគាំទ្រនេះ មិនត្រឹមតែស្តែងចេញពីការលើកឡើងជាហូរហែប៉ុណ្ណោះទេ ក៏ស្តែងចេញតាមទង្វើទាំងឡាយដែលឯកឧត្ដមបាន និងកំពុងធ្វើនាពេលកន្លងមក។

ឯកឧត្ដម ហ៊ុន ម៉ានី បញ្ជាក់បន្តថា៖ “លើសពីក្នុងក្របខណ្ឌក្រុមគ្រួសារយើង ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជាយើងទាំងអស់ នាពេលកន្លងមក និងជាបន្តបន្ទាប់ ក៏បានបង្ហាញការគាំទ្រចំពោះបេក្ខភាពរបស់បងណែតនេះដែរ ដែលផ្ទុយទៅវិញ ការបកស្រាយអុចអាលទាំងអប្បាលមាណនេះ គ្រាន់តែជាអ្វីដែលបង្ហាញឱ្យយើងអាចឃើញកាន់តែច្បាស់ពីភាពផិតភ័យរបស់ក្រុមអ្នកវិភាគទាំងនោះ ចំពោះកម្លាំងសាមគ្គីភាពដ៏រឹងមាំនៃថ្នាក់ដឹកនាំ សមាជិក សមាជិកានៃបក្សយើង”។

នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួន ២ បន្ថែមទៀត នាព្រឹកថ្ងៃទី ៣១ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ជារឿងគាប់ជួនមួយ ដែលលោក ឆាយ សុផល បានសរសេរសៀវភៅមួយក្បាល មានចំណងជើងថា៖ “កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» និងលោក លាង ឌឺលុច បានសរសេរសៀវភៅមួយក្បាលដែរ មានចំណងជើងថា «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» តែបែរជាអ្នកវិភាគយកទៅវិភាគក្នុងបណ្ដាញផ្សព្វផ្សាយថា កូនប្រុសរបស់សម្ដេចទាំងពីរ កំពុងប្រជែងគ្នាធ្វើជានាយករដ្ឋមន្ត្រីនាពេលអនាគត ដែលត្រូវឲ្យសម្ដេចចេញមុខសម្រួលទៅវិញ”។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា កូនៗរបស់សម្ដេច មានការគោរពស្រលាញ់ និងស្ដាប់គ្នាទៅវិញទៅមកណាស់ ហើយក៏គ្មានការប្រជែងគ្នាធ្វើជានាយករដ្ឋមន្ត្រី នាពេលអនាគតដែរ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ “បងប្អូនគេ គេមានឋានានុក្រមរបស់គេ គេស្ដាប់បងរបស់គេណាស់ គេគ្មានមហិច្ឆតា ដើម្បីធ្វើជានាយករដ្ឋមន្ត្រីជំនួសបងរបស់គេ ដណ្ដើម វាទៅជាវិភាគ ដំបូងវិភាគត្រឹមតែគណបក្សប្រជាជនទេ គណបក្សប្រជាជនអត់ឯកភាពទេ ក្នុងការលើក ហ៊ុន ម៉ាណែត ឥឡូវដល់ទៅ ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ានី ដណ្ដើមគ្នាធ្វើនាយករដ្ឋមន្ត្រី ជំលោះធ្ងន់ធ្ងរក្នុងគ្រួសារ ត្រូវតម្រូវឲ្យលោក ហ៊ុន សែន ចេញមកសម្របសម្រួល”។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ទៀតថា៖ “អត់ចាំបាច់សម្របសម្រួលទេ កូនរបស់ខ្ញុំ គេស្គាល់គ្នាណាស់ ហើយគេគោរពបងរបស់គេណាស់….សូមផ្ដាំត្រឡប់ទៅវិញ បើលោកមិនចេះគ្រប់គ្រងគ្រួសារទេ រហូតត្រឹមតែប្រពន្ធមួយលោកលែងលះគ្នា ចែកកូន ចែកចៅគ្នា និងរឿងរបស់លោក តែរឿងរបស់ខ្ញុំ គឺខ្ញុំអប់រំកូន និងចៅរបស់ខ្ញុំបានល្អណាស់”។

គួរបញ្ជាក់ថា ឯកឧត្ដម ហ៊ុន ម៉ានី បច្ចុប្បន្ន កំពុងបំពេញតួនាទីសំខាន់ដូចជា សមាជិកគណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា, ជាអគ្គលេខាធិការនៃគណៈចលនា មហាជនរបស់គណបក្សប្រជាជនកម្ពុជា, ជាប្រធានគណៈកម្មការ ទី៧នៃរដ្ឋសភា, ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាចលនា យុវជនដ៏ធំនៅក្នុងប្រទេសកម្ពុជា។

គួររម្លឹកថា យោងតាមសេចក្តីសម្រេចរបស់សន្និបាតគណៈកម្មាធិការកណ្តាល លើកទី ៤៣ អាណត្តិទី ៥ នៃគណបក្សប្រជាជនកម្ពូជា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ សន្និបាត បានសម្រេចជាឯកច្ឆន្ទបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់អនាគត ដោយទទួលបានសំឡេងគាំទ្របោះឆ្នោតពីសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ៧៧៥ រូប លើបរិមាណរួម ៨៦៥ រូប៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់