ព័ត៌មានជាតិ
រដូវបុណ្យភ្ជុំបិណ្ឌមកដល់ កូនខ្មែរធ្វើបុណ្យតែកុំភ្លេចព្រះរស់នៅផ្ទះ
ការធ្វើបុណ្យ គឺត្រូវធ្វើដោយចិត្តបរិសុទ្ធ និងជ្រះថ្លា ហាមដាច់ខាតកុំឱ្យមានកំហឹងមួម៉ៅក្នុងខ្លួន អាចនាំឲ្យបុណ្យកុសលដែលអ្នកបានធ្វើ កំពប់ទៅតាមចិត្តមិនបរិសុទ្ធដូចគ្នា។ រឿងដែលសំខាន់នោះគឺ ធ្វើបុណ្យនៅទីវត្តអារាមជិតក្តី ឆ្ងាយក្តី មុននឹងចេញពីផ្ទះ គួរគប្បីគោរពសំពះឳពុកម្តាយនៅផ្ទះឱ្យបានល្អ មុននឹងចេញទៅធ្វើបុណ្យនៅឯវត្ត។

រដូវកាលបុណ្យភ្ជុំបិណ្ឌឈានចូលមកដល់ ប្រជាជនខ្មែរគ្រប់រូបបាននាំគ្នាទៅវត្ត ធ្វើបុណ្យជូនញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ យ៉ាងច្រើនកុះកររយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ ក្នុងនោះ ក៏មានប្រជាជនមួយចំនួនបានទៅវត្តជួបជុំជាមួយក្រុមគ្រួសារ ក្រុមការងារ ឬក្រុមមិត្តភក្តិរបស់ពួកគេ។ ទន្ទឹមជាមួយនឹងការទៅវត្ត ធ្វើបុណ្យសន្សំកុសលនេះ ពុទ្ធបរិស័ទគ្រប់រូប គួរគួប្បីកុំភ្លេច ជូនបាយទឹក ម្ហូបអាហារ ក៏ដូចជាភេសជ្ជៈផ្សេងៗ ដល់លោកអ្នកមានគុណនៅផ្ទះជាមុនសិន មុននឹងយកចង្ហាន់ទៅប្រគេនដល់ព្រះសង្ឃនៅវត្ត ព្រោះថាលោកទាំងពីរ ជាអ្នកមានគុណខ្លាំងបំផុតក្នុងជីវិតមនុស្សម្នាក់ៗ។

គុណឳពុកម្តាយ គឺធំធេងណាស់គ្មានអ្វីអាចកាត់ថ្លៃលើគុណលោកទាំងពីរបានឡើយ លោកបានបង្កើតបុត្រមក ចិញ្ចឹមបីបាច់ថែរក្សា ថ្នាក់ថ្នមកូនដោយក្តីស្រលាញ់ អប់រំកូនដោយ ដំបូន្មានល្អៗ និងជាអ្នកស្រលាញ់ជាងនរណាទាំងអស់។ ដូច្នេះមុននឹងធ្វើអ្វីមួយ អ្នកគួរនឹកដល់លោកទាំងពីរមុនគេ មិនថាទៅធ្វើបុណ្យនៅវត្ត ឬ ទៅទីកន្លែងណាក៏ដោយ។
មិនថាពេលបុណ្យទាន ឬ ជាថ្ងៃធម្មតាឡើយ កូនគ្រប់រូបមិនគួរប្រើសម្តីសោះអង្គើយ ទ្រគោះបោះបោកចំពោះលោកទាំងពីរទេ។ ផ្ទុយទៅវិញ កូនគ្រប់រូបទាំងអស់ គួរគោរពប្រតិបត្តិឳពុកម្តាយឲ្យបានល្អ ផ្តល់ជូនលោកនូវពាក្យសម្តីពីរោះពិសា ការគោរព ជាមួយនឹងក្តីស្រលាញ់ និងការដឹងគុណចំពោះលោកទាំងទ្វេ។

ព្រះតេជគុណ អឿន រិទ្ធិ គង់នៅវត្ត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ មានថេរដីការដល់ប្រជាជនកម្ពុជាគ្រប់រូបថា មុននឹងបំពេញនូវបុណ្យកុសលណាមួយ ពុទ្ធបរិស័ទគ្រប់រូប កុំភ្លេចឱ្យសោះព្រះរស់ ឬ ព្រះកន្លោងដែលនៅក្នុងផ្ទះ។ ព្រះតេជគុណ អឿន រិទ្ធិ មានថេរដីការថា៖ “មាតាបិតា គឺជាព្រះរស់ ដែលមនុស្សប្រុសស្រី គួរតែគោរពបូជា ឱនលំទោន អញ្ចឹងមុននឹងយើងបំពេញបុណ្យកុសលអ្វីមួយ យើងកុំភ្លេចឱ្យសោះព្រះរស់។ មុននឹងយើងបំពេញបុណ្យកុសលនៅខាងក្រៅ យើងគួរតែធ្វើបុណ្យ ធ្វើកុសលជាមួយនឹងព្រះរស់យើងសិន។ បុណ្យហ្នឹងហើយ ជាបុណ្យដែលព្រះពុទ្ធសាសនាយើង ឱ្យតម្លៃបំផុត កាលដែលយើងចេះដឹងគុណអ្នកមានគុណរបស់យើង មាតាបិតា ហ្នឹងឯង”។
យ៉ាងណាមិញ ព្រះពុទ្ធបានប្រៀនប្រដៅពីតួនាទីរបស់កូនប្រុសស្រីគ្រប់រូបថា កូនគ្រប់រូបជាអ្នកគោរពកាតព្វកិច្ចល្អ មើលថែអ្នកមានគុណ នៅពេលដែលខ្លួនធំដឹងក្តីឡើងមក។ ឳពុកម្តាយ ធ្លាប់ចិញ្ចឹមកូនបែបណា កូនត្រូវគោរព ចិញ្ចឹមលោកទាំងពីរវិញបែបនោះដូចគ្នា៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


