ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណរដ្ឋសភា ដែលតែងតែផ្ដល់ការគាំទ្រគ្រប់បែបយ៉ាងដល់រាជរដ្ឋាភិបាល
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរដល់រដ្ឋសភា ដែលតែងតែបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងកិច្ចការបម្រើប្រទេសជាតិ និងផ្ដល់ការគាំទ្រគ្រប់បែបយ៉ាងដល់រាជរដ្ឋាភិបាល។

ការថ្លែងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមសម័យប្រជុំលើកទី ៨ នីតិកាលទី ៦ ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២ ដោយមានវត្តមានសមាជិក-សមាជិការដ្ឋសភាចំនួន ១១១រូប។របៀបវារៈ សម្រាប់អង្គប្រជុំរដ្ឋសភានាព្រឹកនេះ គឺបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិក នៃរាជរដ្ឋាភិបាលដល់លោក ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមរូបសម្ដេចផ្ទាល់ សូមសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះអង្គរដ្ឋសភា ដែលជានិច្ចកាលក្នុងនាមជាស្ថាប័ននីតិបញ្ញត្តិ ដោយទទួលបានសេចក្ដីទុកចិត្តពីប្រជាពលរដ្ឋ តែងតែបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងកិច្ចការបម្រើប្រទេសជាតិ និងផ្ដល់ការគាំទ្រគ្រប់បែបយ៉ាងដល់រាជរដ្ឋាភិបាល នៅក្នុងការខិតខំជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីបុព្វហេតុជាតិ និងប្រជាជន។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា អនុលោមតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, ព្រះរាជក្រម ដែលប្រកាសឲ្យប្រើច្បាប់ ស្ដីពី ការរៀបចំ និងប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី, ព្រះរាជក្រឹត្យ ស្ដីពី ការចាត់តាំងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ព្រះរាជក្រឹត្យ ស្ដីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា, ព្រះរាជក្រឹត្យ ស្ដីពី ការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា, និងយោងតាមតម្រូវការចាំបាច់ ក្នុងការជំរុញអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត, ក្នុងនាមជានាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានស្នើរដ្ឋសភាពិនិត្យ និងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តរបស់រដ្ឋសភា លើការបំពេញបន្ថែមសមាជិករាជរដ្ឋាភិបាលដល់ លោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមជម្រាបថា លោក ឌិត ទីណា ជាអតីតរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ត្រូវបានរាជរដ្ឋាភិបាលស្នើសុំរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក វេង សាខុន ដែលត្រូវបានបញ្ចប់មុខតំណែង ហើយត្រូវបានតែងតាំងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


