ព័ត៌មានជាតិ
សម្ដេចតេជោ ៖ ការងារអាទិភាពដែលកម្ពុជា-វៀតណាមគួរធ្វើនោះ គឺជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត និងខេត្តតាមព្រំដែនឲ្យបានល្អ
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានលើកឡើងថា ការងារជាអាទិភាព ដែលប្រទេសកម្ពុជា និងវៀតណាម គួរធ្វើនោះគឺជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត និងខេត្តតាមព្រំដែនឲ្យបានល្អ ជាពិសេសបញ្ហាសន្តិសុខ សម្រួលដោះស្រាយលំហូរទំនិញ និងសម្រួលការធ្វើពាណិជ្ជកម្ម ជាដើម។

ការលើកឡើងខាងលើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោក វ៉ូ វ៉ាន់ធឿង សមាជិកការិយាល័យនយោបាយ និងជាលេខាធិការអចិន្ត្រៃយ៍នៃគណលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២នេះ នៅវិមាន ៧មករា នាទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

នៅក្នុងជំនួបនេះលោក វ៉ូ វ៉ាន់ធឿង បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំវៀតណាម ជូនចំពោះសម្ដេចតេជោ និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
លោកបានជម្រាបជូនសម្ដេចតេជោថា លោក និងគណៈប្រតិភូ អញ្ជើញមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺស្របពេលខួបលើកទី ៥៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាមផង និងខួបលើកទី ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ផង។ ទិសដៅសំខាន់របស់លោក វ៉ូ វ៉ាន់ធឿង និងគណៈប្រតិភូទាំងមូល គឺធ្វើយ៉ាងណាជំរុញ ពង្រឹង និងពង្រីក ទំនាក់ទំនងរវាងបក្ស និងបក្ស និងរវាងប្រទេសទាំងពីរ ឲ្យបានកាន់តែខ្លាំងក្លាថែមទៀត។

ក្នុងន័យនេះ លោកបានគោរពស្នើសុំគោលការណ៍ពីសម្ដេចតេជោ ហ៊ុន សែន ដែលទីមួយ ជំរុញទំនាក់ទំនងរវាងបក្ស និងបក្ស ឲ្យកាន់តែស៊ីជម្រៅ និងមានភាពជាក់ស្ដែង។ ទីពីរ ជំរុញការផ្លាស់ប្ដូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំរបស់បក្សទាំងពីរ។ ទីបីរ ជំរុញទំនាក់ទំនងរវាងខេត្ត និងរាជធានី របស់ប្រទេសទាំងពីរ។ ទីបួន ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ។ ទីប្រាំ ជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្ម។ និងទីប្រាំមួយ ជំរុញកិច្ចសហប្រតិបត្តិការ លើក្របខ័ណ្ឌតំបន់ និងពិភពលោក។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក វ៉ូ វ៉ាន់ធឿង ដែលបាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំវៀតណាម ជូនចំពោះសម្ដេច ហើយបានគាំទ្រចំពោះសំណើទាំង ៦ចំណុចរបស់លោក។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការងារជាអាទិភាពរវាងប្រទេសទាំងពីរ គឺជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត និងខេត្តតាមព្រំដែនឲ្យបានល្អបំផុត ជាពិសេសបញ្ហាសន្តិសុខ សម្រួលដោះស្រាយលំហូរទំនិញ សម្រួលការធ្វើពាណិជ្ជកម្ម និងទប់ស្កាត់អំពើខុសច្បាប់ ដូចជាការជួញដូររត់ពន្ធគ្រឿងញៀន និងរត់ពន្ធមនុស្សជាដើម៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?