ព័ត៌មានជាតិ
ក្រសួងការបរទេស កំពុងស្វែងរកវិធីការពារ និងរកយុត្តិធម៌ជូនមន្ត្រីរដ្ឋបាលព្រៃឈើមួយរូប ដែលត្រូវបានឃាត់ខ្លួននៅអាមេរិក
មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា បានអះអាងថា ក្រសួង ក៏ដូចស្ថានទូតកម្ពុជានៅសហរដ្ឋអាមេរិក កំពុងស្វះស្វែងរកការសម្របសម្រួលតាមច្រកការទូត និងតាមផ្លូវច្បាប់ដើម្បីការពារ និងស្វែងរកយុត្តិធម៌ជូនមន្ត្រីកម្ពុជាមួយរូប ដែលត្រូវបានឃាត់ខ្លួន ខណៈពេលចេញទៅបំពេញបេសកកម្មផ្លូវការ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យអ្នកសារព័ត៌មានដឹងនៅរសៀលថ្ងៃទី ១៨ ខែវិច្ឆិកានេះថា ចំពោះករណីមន្រ្តីរបស់កម្ពុជា ដែលត្រូវបានឃាត់ខ្លួននៅទីក្រុងទីញូវយ៉កនោះ គឺក្រសួងការបរទេស និងស្ថានទូតកម្ពុជានៅទីក្រុងវ៉ាស៊ីនតោន និងក្រុងទីញូវយ៉ក កំពុងធ្វើការសម្របសម្រួលតាមច្រកការទូត និងតាមផ្លូវច្បាប់ដើម្បីការពារ និងស្វែងរកយុត្តិធម៌ជូនមន្រ្តីរបស់កម្ពុជា ដែលត្រូវបានឃាត់ខ្លួន ក្នុងពេលកំពុងបំពេញបេសកកម្មផ្លូវការ។

លោក ជុំ សុន្ទរី បានបញ្ជាក់ដែរថា «ក្នុងពេលជាមួយគ្នានេះ ស្ថានទូតយើងក៏កំពុងស្វះស្វែងដើម្បីបានចូលជួបសាម៉ីខ្លួន ហើយក៏កំពុងរកមេធាវីការពារក្តីនេះផងដែរ»។
កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលមន្ត្រីក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទម្នាក់ ត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណឌី ក្នុងក្រុងទីញូវយ៉ក សហរដ្ឋអាមេរិក។ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ បានផ្សព្វផ្សាយនៅគេហទំព័ររបស់ខ្លួនថា លោក គ្រី ម៉ះផល និងប្រធានរដ្ឋបាលព្រៃឈើកម្ពុជា ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាម ទៅសហរដ្ឋអាមេរិក។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មានទាំងយប់ ថ្ងៃទី ១៧ ខែវិច្ឆិកា ដោយបានបង្ហាញការភ្ញាក់ផ្អើល និងក្តីទោមនស្សយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ ត្រូវបាន ឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណឌី ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក អំឡុងពេល លោកកំពុងរង់ចាំបន្តដំណើរទៅចូលរួមកិច្ចប្រជុំអនុសញ្ញាការពារសត្វ និងរុក្ខជាតិជិតផុតពូជ CITES (សាយតេស) នៅប្រទេសប៉ាណាម៉ា។
ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្រសួងប្រកាន់ខ្ជាប់នូវគោលការណ៍ និងច្បាប់ ដែលមានចែងនៅក្នុងអនុសញ្ញាសាយតេស។ បើតាមក្រសួងកសិកម្មដដែល វាជា រឿងដ៏គួរឲ្យហួសចិត្តជាទីបំផុត ដែលលោក គ្រី ប៉ះផល ត្រូវបានឃាត់ខ្លួនក្រោមបទចោទប្រកាន់នេះ ខណៈពេលដែលលោក កំពុងធ្វើដំណើរទៅចូលរួមកិច្ចប្រជុំផ្លូវការ ដើម្បីការពារសត្វ និងរុក្ខជាតិជិត ផុតពូជ នៅឯវេទិកាអង្គការសហប្រជាជាតិ និងខណៈពេលដែលប្រទេសទាំងពីរ គឺកម្ពុជា និងសហរដ្ឋអាមេរិក កំពុងមានទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបញ្ជាក់ដែរថា នៅកម្ពុជា សត្វស្វាក្តាមជាប្រភេទសត្វសម្បូរ និងមានវត្តមាននៅទូទាំងប្រទេស ទាំងក្នុងព្រៃធម្មជាតិ ទាំងក្នុងតំបន់ជាយក្រុង និងទីក្រុង ដូចជានៅរមណីដ្ឋានវត្តភ្នំ ក្នុងរាជធានីភ្នំពេញជាដើម។ លើសពីនេះទៀត សត្វស្វាក្តាម ត្រូវបានចិញ្ចឹមនៅកម្ពុជា តាំងពីឆ្នាំ ២០០៥មកម្ល៉េះ ហើយត្រូវបាននាំចេញសម្រាប់ គោលដៅវេជ្ជសាស្ត្រ ជាពិសេសសម្រាប់ដំណាក់កាលធ្វើពិសោធន៍ ដើម្បីផលិតឱសថ វ៉ាក់សាំង ឬគ្រឿងសំអាង។ សត្វស្វាក្តាមទាំងនេះ មិនមែនត្រូវបានចាប់ពីព្រៃ ហើយបញ្ចូនចេញទៅក្រៅ ប្រទេសនោះទេ។
ក្រសួងកសិកម្ម បានបញ្ជាក់ទៀតថា កសិដ្ឋានដែលចិញ្ចឹមសត្វស្វាក្តាមទាំងនេះទៀតសោត ទម្រាំទទួលបាន ការទទួលស្គាល់តាមផ្លូវច្បាប់ គឺសុទ្ធតែតម្រូវឲ្យគោរពតាមបទដ្ឋានអនាម័យ និងវិធីសាស្ត្រចិញ្ចឹម ត្រឹមត្រូវ ដើម្បីរក្សាឲ្យបាននូវហ្សេនេទិករបស់វា មិនឲ្យផុតពូជនោះឡើយ។
បើតាមក្រសួងកសិកម្មដដែល សមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានអនុញ្ញាតឲ្យនាំចេញសត្វស្វាក្តាម ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិជាតិ និងអន្តរជាតិ។ ចំពោះការនាំចូលទៅសហរដ្ឋអាមេរិក ក្រុមហ៊ុន ដែលប្រកបអាជីវកម្មនាំចេញសត្វស្វាក្តាមនេះ ត្រូវអនុវត្តទៅតាមនីតិវិធីរបស់សហរដ្ឋអាមេរិក។
សេចក្ដីប្រកាសព័ត៌មានខាងលើ បានគូសបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកយុត្តិធម៌ជូនមន្ត្រីរបស់ខ្លួន ជាពិសេសអ្នកដែលបំពេញកាតព្វកិច្ចផ្លូវការតំណាងប្រទេស ស្របតាមអនុសញ្ញាអន្តរជាតិ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធានាថា ច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងអនុសញ្ញាអន្តរជាតិនានានឹងត្រូវបានគោរព។
គួរជម្រាបជូនដែរថា បើយោងតាមរបាយការណ៍ ស្ដីពី សភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំខែតុលា ឆ្នាំ ២០២២ និងទិសដៅអនុវត្តបន្ត របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រុមហ៊ុនចំនួន ៥ មានកសិដ្ឋានស្រាវជ្រាវ ចិញ្ចឹម និងបង្កាត់ពូជសត្វស្វាក្ដាម យកកូននាំចេញចំនួន ៦ទីតាំង ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ សៀមរាប កំពង់ចាម កំពង់ស្ពឺ ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ ក្នុងកសិដ្ឋានទាំង ៦ទីតាំងនោះ គិតត្រឹមខែតុលា ឆ្នាំ ២០២២ មានស្វាក្ដាមចំនួន ១៣៩,៦០៥ក្បាល ដែលក្នុងនោះកូនកើតក្នុងខែតុលា មានចំនួន ៤,៨៦៣ក្បាល៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ