ព័ត៌មានជាតិ
មន្ត្រីបញ្ជាក់អំពីការចាប់ខ្លួនបុគ្គលឈ្មោះ ឈឹម ស៊ីថរ ជាថ្មី
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ និងមន្ត្រីនគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ការចាប់ខ្លួនបុគ្គលឈ្មោះ ឈឹម ស៊ីថរ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ និងជាប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុន ណាហ្គាវើលដ៍ ជាថ្មីទៀនេះ គឺធ្វើឡើងតាមដំណើរការនីតិវិធីតាមផ្លូវច្បាប់របស់តុលាការ ក្រោយពីបុគ្គលរូបនេះមិនអនុវត្តសេចក្ដីសម្រេចរបស់តុលាការ។

កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រុមអង្គការសង្គមស៊ីវិល និងសមាគមចំនួន ៦៩ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ដោយបានអំពាវនាវឲ្យដោះលែងបុគ្គលឈ្មោះ ឈឹម ស៊ីថរ ចេញពីពន្ធនាគារ និងលើកចោលបទចោទប្រកាន់ទាំងអស់ ចំពោះមេសហជីពរូបនេះផងដែរ។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៩ ខែវិច្ឆិកាថា ការចាប់ខ្លួនឈ្មោះ ឈឹម ស៊ីថរ ជាថ្មីទៀតនេះ គឺជាដំណើរការនីតិវិធីតាមផ្លូវច្បាប់របស់តុលាការ ក្រោយពីបុគ្គលរូបនេះមិនអនុវត្តសេចក្ដីសម្រេចរបស់តុលាការ។ លោកមិនដឹងថា ក្រុមអង្គការសង្គមស៊ីវិល និងសមាគមទាំងនោះមិនយល់ ឬធ្វើមិនយល់អំពីច្បាប់របស់កម្ពុជា ឬនីតិវិធីរបស់តុលាការយ៉ាងណានោះទេ បានជាអំពាវនាវឲ្យដោះលែងជនត្រូវចោទបែបនេះ។

លោក ជិន ម៉ាលីន មានប្រសាសន៍យ៉ាងដូច្នេះថា «មើលទៅការលើកឡើងរបស់គាត់ គាត់អត់បានពិនិត្យមើលទៅលើច្បាប់របស់កម្ពុជា ឬក៏នីតិវិធីរបស់តុលាការកម្ពុជាយ៉ាងម៉េច? ជួនកាល គាត់ដឹងដែរ ក៏ប៉ុន្តែគាត់ជាមិនដឹង ដើម្បីការពារជនជាប់ចោទ ឬក៏បិទបាំងអំពើល្មើសរបស់ខ្លួន…ទាក់ទងករណីហ្នឹង គឺជាការអនុវត្តដំណើរការនីតិវិធី តាមផ្លូវច្បាប់របស់កម្ពុជា ជាធម្មតាអ្នកដែលត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ គេកំណត់លក្ខខណ្ឌ រួមទាំងការចេញទៅក្រៅប្រទេសជាដើម ដែលត្រូវសុំការអនុញ្ញាតពីខាងតុលាការសិន»។
បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ បុគ្គលឈ្មោះ ឈឹម ស៊ីថរ មិនបានបំពេញលក្ខខណ្ឌរបស់តុលាការ។ ដូច្នេះហើយ ទើបតុលាការបានអនុវត្តនីតិវិធី ដោយបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទរូបនេះ យកទៅឃុំខ្លួនវិញ។ លោកថា «អញ្ចឹងសុំគាត់ពិនិត្យមើលផ្លូវច្បាប់ និតីវិធីច្បាប់របស់កម្ពុជា មុននឹងធ្វើការសន្និដ្ឋានទាំងមិនយល់ ឬមួយក៏ធ្វើការសន្និដ្ឋានក្នុងគោលបំណងចោទប្រកាន់ ដើម្បីការពារបិទបាំងកំហុសក្រុមខ្លួន»។
លោករដ្ឋលេខាធិការ ជិន ម៉ាលីន បានបញ្ជាក់ទៀតថា ការចាប់ខ្លួនបុគ្គលឈ្មោះ ឈឹម ស៊ីថរ ពីសំណាក់សមត្ថកិច្ច តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ មិនមែនជាការរំលោភបំពានសិទ្ធិ ឬក៏ជាការធ្វើទុក្ខបុកម្នេញនោះទេ តែជាវិធានការច្បាប់ទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋ។
ចំណែកលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា នគរបាលចាប់ខ្លួនបុគ្គលឈ្មោះ ឈឹម ស៊ីថរ នេះ ដោយយោងទៅលើដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការមិនអនុវត្តសេចក្ដីសម្រេចរបស់តុលាការ ចុះថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា «គាត់ត្រូវដាក់ឲ្យនៅក្រៅឃុំ ប៉ុន្តែត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យដោយតុលាការ មានន័យថា គាត់មិនមានសិទ្ធិចេញទៅណា ក្រៅពីដែនដីនៃព្រះរាជាណាចក្រកម្ពុជាទេ ប្រសិនបើគ្មានការអនុញ្ញាតពីតុលាការ»។
កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ នគរបាលបានចាប់ខ្លួនឈ្មោះ ឈឹម ស៊ីថរ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ និងជាប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ បន្ទាប់ពីបុគ្គលរូបនេះធ្វើដំណើរមកពីប្រទេសអូស្ត្រាលី ចូលមកប្រទេសកម្ពុជាវិញ។ បើតាមសមត្ថកិច្ច ការចាប់ខ្លួននេះ គឺអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក អឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២។
សូមជម្រាបថា បុគ្គលឈ្មោះ ឈឹម ស៊ីថរ ដែលតែងតែដឹកនាំធ្វើបាតុកម្មខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធនឹងការញុះញង់ឲ្យមានការប្រមូលផ្តុំតវ៉ាដោយខុសច្បាប់ កាលពីរសៀលថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។ ក្រោយមកនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២២ បុគ្គលឈ្មោះ ឈឹម ស៊ីថរ បានយល់ព្រមធ្វើកិច្ចសន្យាមួយ ដោយគោរពជូនរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីដោះស្រាយបញ្ចប់បញ្ហាវិវាទជាមួយក្រុមហ៊ុនណាហ្គាលវើលដ៏ ក៏ដូចជាផលប្រយោជន៍ស្របច្បាប់គ្រប់ភាគី។
បន្ទាប់មកទៀត សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២ បានចេញដីកាសម្រេចមួយដោយដាក់ជនត្រូវចោទឈ្មោះ ឈឹម ស៊ីថរ ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងឆ្នាំ ២០២១ និងពេលបន្តបន្ទាប់ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ»។ នៅក្នុងដីកាសម្រេចនោះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានដាក់លក្ខខណ្ឌដល់ជនត្រូវចោទឈ្មោះ ឈឹម ស៊ីថរ មិនត្រូវចាកចេញក្រៅដែនដី នៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរតុលាការឡើយ។
ក៏ប៉ុន្តែបុគ្គលឈ្មោះ ឈឹម ស៊ីថរ មិនបានអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការឡើយ ដោយកាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្ត្រីរូបនេះបានចេញទៅប្រទេសអូស្រ្តាលី។ ដូច្នេះនៅពេលចូលមកដល់ប្រទេសកម្ពុជាវិញ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្ដង៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ មួយរូប ពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា