ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន៖ ជនល្មើសរត់ចូលព្រៃ សមត្ថកិច្ចកំពុងប្រតិបត្តិការ
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឲ្យដឹងនៅល្ងាចថ្ងៃទី០៨ ខែមករា នេះថា មកដល់ពេលនេះ សមត្ថកិច្ចកំពុងប្រតិបត្តិការ ចំណែកជនល្មើសបានរត់ចូលព្រៃ ហើយសមត្ថកិច្ចកំពុងរកវិធីសាស្ត្រផ្សេងដើម្បីធ្វើការលើរឿងនេះ។

ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានធ្វើឡើងខណៈកងកម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ប្រភេទកំពុងតាមស្វែងរកចាប់ខ្លួនជនសង្ស័យដៃដល់ជាឃាតកនៅខេត្តភាគឦសាន នៃប្រទេសកម្ពុជា។

សូមរំលឹកថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២ និង៥នាទីយប់ មានករណីឃាតកម្មផ្តើមចេញពីទំនាស់គ្រោះថ្នាក់ចរាចរណ៍នៅចំណុចមុខផ្ទះសំណាក់ សាំងហ័រទៀន លើមហាវិថីសហព័ន្ធរុស្សី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយអាវុធខ្លី ០១ដើម មិនស្គាល់ម៉ាក បន្សល់ទុកសំបកគ្រាប់នៅកន្លែងកើតហេតុចំនួន០៩គ្រាប់ ក្បាលគ្រាប់ចំនួន០១គ្រាប់ មធ្យោបាយធ្វើសកម្មភាពរថយន្តម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2A-4546 មានស្នាមកំពិតដំបូលផ្នែកខាងមុខខាងស្តាំ និងរថយន្តជនរងគ្រោះម៉ាក FORD RAPTOR F150 ផលិតឆ្នាំ២០២០ ពណ៌ស ០១គ្រឿង នៅកន្លែងកើតហេតុ។
ប្រភពពីអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉េត ស៊ីណែត ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះលេខ១៦៩ ផ្លូវ១៦៩ ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជានាយរងការិយាល័យនគរបាលកំរឹតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានជនដៃដល់ បាញ់ពីក្រោយខ្នងចំនួន០៣គ្រាប់ ធ្លាយមកមុខ និងថ្ងាស់០១ គ្រាប់ធ្លាយមកក្រោយ។ បន្ទាប់ពីបង្កហេតុជនសង្ស័យបានបើករថយន្តគេចចេញពីកន្លែងកើតហេតុ។

សមត្ថកិច្ចចុះធ្វើស្រាវជ្រាវស្វែងរកជនសង្ស័យ នៅព្រឹកថ្ងៃដដែលសមត្ថកិច្ចបានរកឃើញរថយន្តជនសង្ស័យដែលដោះស្លាកលេខចេញ យកទៅប្លុងចោលនៅចំណុចផ្ទះគ្មានលេខ ផ្លូវ៤២ ភូមិស្វាយឧត្តម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ និងបានសាកសួរម្ចាស់ផ្ទះ ហើយឈានទៅដល់ការស្វែងរកចាប់ខ្លួនជនសង្ស័យម្នាក់ជាបក្ខពួកជនដៃដល់ដែលបានរត់គេចដល់ខេត្តបាត់ដំបង ហើយបានបញ្ជូនជនសង្ស័យរូបនេះមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ។

ក្រោយការសាកសួរជនសង្ស័យឈ្មោះ កែ ចាន់មាន បានសារភាពថា ក្រុមខ្លួនពិតជាបានចូលរួមក្នុងសកម្មភាពបាញ់សម្លាប់ជនរងគ្រោះពិតប្រាកដមែន ដោយឈ្មោះ អ៊ា ណារ៉េន ហៅ រ៉េន ជាអ្នកបាញ់សម្លាប់ជនរងគ្រោះ។ ចំណែករូបគេជាអ្នកបើករថយន្តរត់គេចទៅលាក់ទុកនៅផ្ទះប្រជាពលរដ្ឋក្បែរភ្នំបាសិត ហើយឈ្មោះ រ៉េន ក៏បានតេទូរសព្ទបក្ខពួកម្នាក់ទៀតយកម៉ូតូមកឌុបពួកខ្លួនឆ្លងស្ពានព្រែក្តាមទៅផ្ទះសំណាក់មិនចាំយីហោដេកចំនួន០២យប់។
បន្ទាប់មកពួកគេក៏បែកគ្នារៀងៗខ្លួន ហើយរូបគេ(កែ ចាន់មាន )មកលាក់ខ្លួននៅក្នុងវត្តមួយនៃខណ្ឌព្រែកព្នៅ ០១យប់។ លុះដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ ខ្លួនក៏បានបន្តដំណើរទៅខេត្តបាត់ដំបង ដោយស្នាក់នៅបន្ទប់ជួលម្តុំវត្តទួលតាឯក ខេត្តបាត់ដំបង ទើបនៅថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២១ ពេលខ្លួនកំពុងដេកនៅផ្ទះជួលក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្តង។

សេចក្តីរាយការណ៍ឲ្យដឹងថា ជនដៃដល់បាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានរត់គេចខ្លួនដល់ខេត្តមណ្ឌលគិរីជាមួយភរិយា ប្អូនថ្លៃនិងកូនម្នាក់។ ជនសង្ស័យបានព្យាយាមបើករថយន្តបំបុករបាំងហាមឃាត់របស់សមត្ថកិច្ចនៅក្នុងស្រុកកោះញ៉ែក កាលពីយប់ថ្ងៃទី០៤ ខែមករា ដើម្បីការទម្លាយចេញពីការឡោមព័ទ្ធ។
ឈ្មោះ រ៉េន ត្រូវគេបញ្ជាក់ថា គឺជាមន្ត្រីយោធាដែលមានអាវុធជាប់ខ្លួន និងជាមនុស្សធ្លាប់ធ្វើសកម្មភាពអំពើប្លន់បាញ់សម្លាប់ជនរងគ្រោះម្នាក់នៅក្នុងរាជធានីភ្នំពេញ និងទើបចេញពីពន្ធនាគារបាន២ឆ្នាំ។

ជុំវិញនៃអំពើឃាតកម្មបាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញនៅខណ្ឌពោធិ៍សែនជ័យ រឿងទំនាក់គ្រោះថ្នាក់ចរាចរណ៍នោះ លោកឧត្តមសនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានប្រាប់គ្រួសារសពនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ រ៉េត ស៊ីណែត ហៅញ៉ក់ កាលពីកន្លងទៅថ្មីៗនេះ នឹងប្តេជ្ញាតាមស្វែងរកចាប់ខ្លួនជាឃាតកដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យខាងតែបាន។

ចំណែកនៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ជនសង្ស័យជាអ្នកបើកបររថយន្តជាប់ពាក់ព័ន្ធ នឹងអំពើឃាតកម្មបាញ់សម្លាប់នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះ ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ហើយត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទសមគំនិតក្នុងអំពើឃាតកម្ម និងបទជួញដូរសារធាតុញៀន៕
ដោយ ៖ កោះកែវ


-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន