Connect with us

ព័ត៌មានជាតិ

ប៉ុស្ដិ៍សុខភាពចំនួន២តម្លៃជិត ៩ ម៉ឺនដុល្លារ ត្រូវការកសាងបម្រើជូនពលរដ្ឋខេត្តកោះកុង

បានផុស

នៅ

ខេត្តកោះកុងបានទទួលការគាំទ្រពីលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ដោយឧបត្ថម្ភកសាងប៉ុស្តិ៍សុខភាពចំនួន២ នៅស្រុកមណ្ឌលសីមា និងស្រុកបូទុមសាគរ ខណៈជាសេវាចាំបាច់បំផុតសម្រាប់ពលរដ្ឋរស់នៅតំបន់ដាច់ស្រយ៉ាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ប៉ុស្តិ៍សុខភាពចំនួន២អគារ ស្មើនឹង៨បន្ទប់ ក្លោងទ្វារ បន្ទប់ទឹកចំនួន៨ បំពាក់ដោយផ្ទាំងសូឡាបំភ្លឺ និងអណ្តូងទឹកប្រើម៉ូទ័រចំនួន២ បូករួមនឹងការកែលម្អទីធ្លាផងដែរ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយសម្រាប់ពលរដ្ឋឃុំកណ្តោល និងឃុំទួលគគីរ។

តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី គឺលោក ហាក់ ឡេង បានឱ្យដឹងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ថា ដោយការមើលឃើញពីតម្រូវការចាំបាច់ខាងផ្នែកពិនិត្យព្យាបាលសុខភាពជូនពលរដ្ឋនៅតាមតំបន់ដាច់ស្រយោល ទើបលោកបណ្ឌិត ហ៊ុន ម៉ាណែត ឧបត្ថម្ភគាំទ្របង្កើតឱ្យមានជាប៉ុស្តិសុខភាពទាំងពីរខាងលើនេះឡើងក្រោមការចំណាយធនធានផ្ទាល់តែម្តង។

លោក ហាក់ ឡេង ជឿជាក់ថា ពលរដ្ឋឃុំកណ្តោល និងឃុំទួលគគីរ នឹងលែងលំបាកទៀតហើយរាល់ការទៅរកសេវាសុខាភិបាលនៅទីឆ្ងាយៗ ខណៈមានប៉ុស្តិសុខភាពនៅក្បែរកៀកនឹងលំនៅដ្ឋានរបស់ពួកគាត់។ ប៉ុស្តិសុខភាពទទួលគគីរ កសាងនៅឆ្នាំ២០១៩ ស្ថិតនៅភូមិតាចាត រីឯប៉ុស្តិសុខភាពកណ្តោល សាងសង់ឡើងនៅថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២២ ស្ថិតភូមិធ្នុង។ សរុបជាទឹកប្រាក់ជិត ៩០.០០០ ដុល្លារអាមេរិក។

ក្នុងពិធីសម្ពោធប៉ុស្តិសុខភាពទាំងពីរខាងលើ ត្រូវបានប្រជាពលរដ្ឋរស់នៅឃុំកណ្តោល លើកឡើងថា សមិទ្ធផលមានជាអគារប៉ុស្តិសុខភាពនេះជាតម្រូវការចង់បានរបស់ពួកគាត់យូរឆ្នាំមក គ្រាការទៅរកស្វែងសេវាសុខាភិបាលម្តងៗពិបាក ដោយតម្រូវឱ្យធ្វើដំណើរផ្លូវឆ្ងាយ និងចំណាយថវិកាពេលវេលាច្រើន។ បើធៀបនឹងមានប៉ុស្តិសុខភាពក្បែរលំនៅដូចពេលនេះ។


បើតាមប្រជាពលរដ្ឋគ្មានប៉ុស្តិសុខភាព ងាយប្រឈមនឹងគ្រោះថ្នាក់ពេលមានជំងឺ ឬគ្រោះអាសន្នម្តងៗ កន្លងទៅក៏ធ្លាប់មានពលរដ្ឋស្លាប់តាមផ្លូវក៏មានដែរ គ្រាមន្ទីរពេទ្យនៅឆ្ងាយពេក។ ដូច្នេះពួកគាត់សូមអរគុណដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត លោកស្រីអភិបាលខេត្ត និងលោក ហាក់ ឡេង ដែលបានយកចិត្តទុកដាក់ដោះស្រាយឱ្យមានប៉ុស្តិសុខភាពនេះឡើង។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រំពឹងថា ប៉ុស្តិ៍សុខភាពកណ្តល និងប៉ុស្តិ៍សុខភាពទួលគគីរ កាន់តែលើកកម្ពស់ផ្នែកវិស័យសុខាភិបាល ប្រកបដោយទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។

លោកស្រីអភិបាលខេត្ត រម្លឹកដែរថា លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានគាំទ្រជួយឧបត្ថម្ភច្រើនពីវិស័យសុខាភិបាល ដោយបានបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ឧបត្ថម្ភនូវសម្ភារវេជ្ជសាស្ត្រឧបករណ៍ផលិតខ្យល់អ៊ុកស៊ីហ្សែន គ្រែដេកសម្រាប់អ្នកកើតជំងឺកូវីត-១៩ ថ្នាំពេទ្យ ឧបករណ៍ សម្ភារ និងគ្រឿងឧបភោគបរិភោគជាច្រើនផ្សេងៗទៀត។ ជាពិសេសក៏បានជួយសាងសង់ប៉ុស្តិ៍សុខភាពចំនួន ៣នៅតំបន់អារ៉ែង ស្រុកថ្មបាំង ជូនប្រជាពលរដ្ឋប្រើប្រាស់តាមតម្រូវការចាំបាច់៕

អត្តបទៈសិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម